កម្ពុជា

ហ៊ុន សែន បង្ហោះរូបភាព​«មានសុខភាពល្អ» តែរាង​ឡើងគីឡូ​ជាងមុន

នៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដំណឹងរបស់លោក តាមរយៈរូបថតច្រើនសន្លឹក ដោយអមមកជាមួយ នូវសារខ្លីប៉ុន្មានម៉ាត់ ដើម្បីបញ្ជាក់ថា លោក«មានសុខភាពល្អ» ក្នុងរលកទី៣ នៃការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19) ឬហៅថា​«ព្រឹត្តិការណ៍​​សហគមន៍២០កុម្ភៈ»។

សារខ្លីនោះ មានអត្ថន័យ ដូចការដកស្រង់ទាំងស្រុងខាងក្រោមថា៖

«ម្នាក់ឯងបានហើយ ក្នុងសម័យជម្ងឺឆ្លងកូវីដ១៩។ ៣កុំនិង៣ការពារ ជាវិធីការពារដ៍មានប្រសិទ្ធភាពបំផុត។»

យ៉ាងណា តាមរយៈរូបថតជាច្រើនសន្លឹកនោះ បានបង្ហាញដែរថា លោក ហ៊ុន សែន ហាក់មានសាច់ឈាម​ធាត់​ជាង​មុន និងនៅតែមាន​ពាក់ខ្សែក្រវ៉ាត់ ដើម្បីការពារចង្កេះរបស់លោក ដែលធ្លាប់មានបញ្ហាធ្ងន់ធ្ងរ ក្នុងពេលកន្លងមក។

រូបភាពខាងក្រោម បង្ហាញពីស្ថានភាពចង្កេះ របស់បុរសខ្លាំងនៅកម្ពុជា ដែលវំព័ទ្ធការពារដោយខ្សែក្រវ៉ាត់ នៅខណៈ​លោកចេញ ទៅព្យាបាលខ្លួន​​នៅក្នុងប្រទេសសិង្ហបូរី នាខែកក្កដា ឆ្នាំ២០១៧។

បុរសខ្លាំងអាយុ៦៨ឆ្នាំ ដែលអង្គុយក្នុងអំណាច តាំងពីទសវត្សរ៍ឆ្នាំ៨០ ធ្លាប់បានអះអាង កាលពីចុងខែធ្នូ ឆ្នាំ២០១៨ថា ដោយសារបញ្ហានៅត្រង់ចង្កេះរបស់លោក ទើបគ្រូពេទ្យបានហាមលោក មិនឲ្យឈរនិងអង្គុយយូរ ជាពិសេសមិនឲ្យលោកលេងកីឡាវាយកូនហ្គោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនេះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។