កម្ពុជា

ហ៊ុន សែន ដាក់កម្ពុជា​ឲ្យកាន់ទុក្ខ​មួយថ្ងៃ ចំពោះសព ស៊ីនហ្សូ អាបេ

នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើការ​កាន់ទុក្ខ​សព​​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលបានធ្វើមរណភាព កាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីរកការបាញ់ប្រហារ ពីខ្មាន់កាំភ្លើងម្នាក់។ នេះ បើតាមការប្រកាស​របស់​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅក្នុងសារសម្លេងមួយ​របស់លោក ផ្សាយនៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន។

នៅក្នុងសារសម្លេងនោះ បុរសខ្លាំងនៅកម្ពុជា បានលើកពីស្នាដៃ ពីការដឹកនាំ និងពីគុណូបការៈដ៏ច្រើន របស់លោក អាបេ ជាពិសេស​ទំនាក់ទំនង​ដោយផ្ទាល់ រវាងប្រទេសជប៉ុន និងកម្ពុជា នៅក្នុងសម័យកាលដឹកនាំរបស់លោក អាបេ។

លោក ហ៊ុន សែន បានថ្លែងឲ្យដឹងថា៖

«គុណបំណាច់ដ៏ធំ របស់ឯកឧត្ដម ស៊ីនហ្សូ អាបេ ជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាប្រជាជន ក្នុងតំបន់មេគង្គ និងតំបន់អាស៊ាន បានធ្វើឲ្យ​យើងនឹកឃើញ ទៅដល់សកម្មភាពដ៏សប្បុរស និងស្មោះត្រង់ ដែលយើងចាំបាច់ត្រូវធ្វើកាយវិការ ដើម្បីបង្ហាញនូវសាមគ្គីភាព និងការសោកស្ដាយ សម្រាប់មរណភាពរបស់ឯកឧត្ដម ស៊ីនហ្សូ អាបេ។»

មេដឹកនាំកម្ពុជា បានបញ្ជាឲ្យបណ្ដាគ្រឹះស្ថាននានា ទាំងសាធារណៈ និងឯកជនទាំងអស់ ត្រូវទម្លាក់ទង់ជាតិ​ពាក់កណ្ដាលដង ដើម្បីចូលរួម​មរណទុក្ខខាងលើ។

លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន អាយុ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ ឲ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងពេលលោកកំពុងថ្លែង ក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់។ លោកបានទទួលមរណភាព នៅវេលាម៉ោងប្រមាណជា៥រសៀល (ម៉ោងក្នុងប្រទេសជប៉ុន)។

គួរបញ្ជាក់ដែរថា ថ្ងៃអាទិត្យទី១០ ខែកក្កដា ខាងមុខនេះដដែល ក៏ជាថ្ងៃខួបលើកទី៦ នៃឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ និងសង្កម ដែលត្រូវបានឃាតករបាញ់សម្លាប់ ក្នុងហាងទំនិញស្ដារម៉ាត ភ្លើងស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៦​កន្លងទៅនោះដែរ។ ក្នុងថ្ងៃរំឮកខួបនេះ បណ្ដាសង្គមស៊ីវិល និងមនុស្សម្នាច្រើននាក់ មានគម្រោងធ្វើការជួបជុំគ្នា ដើម្បីរៀបចំ​ប្រារព្ធ​ពិធីសាសនា ដើម្បីឧទ្ទិស​ដល់វិញ្ញាណក្ខន្ធអ្នកធ្វើអត្ថាធិប្បាយនយោបាយ និងសង្គម ដ៏ល្បីល្បាញរូបនេះ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។