អាស៊ី-ប៉ាស៊ីភិក

យន្ដហោះ​យោធាចិន​«២១គ្រឿង»​ហោះចូលលំហការពារអាកាសតៃវ៉ាន់

ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) នៅលើកោះតៃវ៉ាន់ បង្កឲ្យមានប្រតិកម្មពីក្រុង ប៉េកាំង ដោយបានតំឡើងសាច់ដុំយោធា តាមរយៈការហោះរំលោភចូល ក្នុងលំហការពារដែនអាកាស របស់កោះមួយនេះ ដោយយន្ដហោះ​យោធាចំនួន «២១គ្រឿង»។ នេះ បើតាមការប្រកាសឡើង របស់ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ នៅប៉ុន្មាននាទីមុន។

មានអាយុ៨២ឆ្នាំ អ្នកស្រី ផេឡូស៊ី ជាឥស្សរជនជាន់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ដែលបានធ្វើទស្សនកិច្ច នៅលើកោះតៃវ៉ាន់ រាប់តាំងពី២៥ឆ្នាំកន្លងមក។ អ្នកស្រីត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូហ្សេហ្វ៍ វូ (Joseph Wu) នៅវេលាយប់ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ នៅខណៈយន្ដហោះផ្លូវការ បានចុះចតលើព្រលានយន្ដហោះក្រុង តៃប៉ិ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ នៅក្រោយដំណើរទៅដល់នោះបន្តិច អ្នកស្រី ផេឡូស៊ី បានបញ្ជាក់ឲ្យដឹងថា៖

«ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៃសភា[សហរដ្ឋអាមេរិក] នៅកោះតៃវ៉ាន់ បង្ហាញពីការគាំទ្រ ដោយគ្មានលក្ខខណ្ឌ ពីសំណាក់សហរដ្ឋអាមេរិក ចំពោះ​លទ្ធិប្រជាធិបតេយ្យ​​ដ៏រស់រវើក នៃកោះនេះ។»

ទស្សនកិច្ចរបស់ប្រធានសភាអាមេរិក នៅលើកោះតៃវ៉ាន់ មិនត្រូវបានបញ្ជាក់ឲ្យដឹងជាមុនទេ។ តែប្រព័ន្ធផ្សព្វផ្សាយ នៅអាមេរិក និងនៅតៃវ៉ាន់ បានបង្ហើបឲ្យដឹង តាំងពីច្រើនថ្ងៃមកហើយ ចំពោះព័ត៌មាននេះ និងបានលើកមកបញ្ជាក់ នូវការថ្កោលទោសទុកជាមុន យ៉ាងម៉ឺងម៉ាត់ ពីសំណាក់រដ្ឋាភិបាលក្រុង ប៉េកាំង។

ភ្លាមៗ ក្រោយការមកដល់របស់អ្នកស្រី ផេឡូស៊ី ក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍ បរិហារអំពី​«ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ» នៃការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន និងបង្កផលប៉ះពាល់យ៉ាងខ្លាំង ចំពោះ«សន្តិភាព និងស្ថិរភាពតំបន់»។

ក្នុងយប់ថ្ងៃអង្គារដដែល ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បានប្រកាសឲ្យដឹងថា៖

«យន្ដហោះចម្បាំងចិន​ចំនួន ២១គ្រឿង បានហោះរំលោភចូលក្នុងតំបន់ “ADIZ” (លំហកំណត់អត្តសញ្ញាណការពារដែនអាកាស) ភាគនិរតី នៃកោះតៃវ៉ាន់ នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។»

យន្ដហោះប្រដេញ និងយន្ដហោះចម្បាំងចិនទាំងនោះ ត្រូវបានស្គាល់មានចំនួនច្រើនប្រភេទ ដូចការបង្ហាញរបស់ក្រសួងការពារជាតិតៃវ៉ាន់ នៅលើបណ្ដាញសង្គមទ្វីសធើរ។

រដ្ឋាភីបាលចិនកុម្មុយនីស បានចាត់ទុកកោះតៃវ៉ាន់ ដែលមានប្រជាជន ២៣លាននាក់ ថាជាខេត្តមួយ នៃប្រទេសចិន ដែលបានធ្វើការបះបោរ តាំងពីសង្គ្រាមលោកលើកទី២មក។ ក្រុងប៉េកាំង បានព្រមានកោះមួយនេះ ចំពោះការប៉ុនប៉ងប្រកាសឯករាជ្យ និងរារាំងរាល់ចំណងទាក់ទង​ផ្លូវការទាំងឡាយ ជាមួយនឹងប្រទេសដទៃទៀត។

តាំងពីឆ្នាំ១៩៧៩មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទួលស្កាល់​នយោបាយ​«ចិនមួយ» តែនៅបន្តជួយ​ជ្រោមជ្រែង ដល់អាជ្ញាធរតៃវ៉ាន់ ក្នុងការការពារខ្លួន ជាពិសេស​បានបន្តលក់អាវុធ ទៅឲ្យកោះមួយនេះ ក្នុងបរិមាណ​ដ៏ក្រាស់ក្រែល និងជាច្រើនដង។

សហរដ្ឋអាមេរិកក៏អនុវត្តផងដែរ នូវ​យុទ្ធសាស្ត្រ​«មិនច្បាស់លាស់» ចំពោះសំនុំរឿងតៃវ៉ាន់ ដោយប្រទេសមហាអំណាចតែងមិនធ្វើអត្ថាធិប្បាយ ថាខ្លួននឹងការពារកោះនេះ តាមផ្លូវយោធា ឬយ៉ាងណា ក្នុងករណីមានការវាយប្រហារពីប្រទេសចិន៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។