កម្ពុជា

ហ៊ុន សែន ឲ្យ​ដំណឹង​ថា លោក​មាន​សុខភាព​«រឹងមាំ​ធម្មតា»

អវត្តមានជាសាធារណៈ រាប់ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នោះមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះបន្តិច ធានាទៅដល់អ្នកគោរពស្រឡាញ់លោកថា លោកមានសុខភាព«រឹងមាំ​ធម្មតា»។

មេដឹកនាំកម្ពុជា បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយថែមទាំងបញ្ជាក់ទៀតថា លោកមានគម្រោងជួបភ្ញៀវ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងថ្ងៃស្អែកនេះផង។

លោក ហ៊ុន សែន សរសេរថា៖

«សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ស្អែកនេះ ខ្ញុំជួបភ្ញៀវ មកពីមូលនិធិអន្តជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្តីការ។»

មុននឹងអះអាង ឲ្យមានការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសនោះ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាងបីទសវត្សរ៍ បានថ្លែងបន្តទៅកាន់អ្នកគាំទ្រលោកថា៖

«អរគុណបងប្អូន ដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិ មានការងារមុខរបរ រស់នៅសុខសប្បាយ និងកូនចៅមានឱកាស ទៅសាលារៀននៅគ្រប់ទីកន្លែង។»

សុខភាព«រឹងមាំ​ធម្មតា» បន្ទាប់ពីជំងឺគ្រេចស្មា

លោក ហ៊ុន សែន បានបង្ហើបឲ្យដឹង កាលពីដើមខែកក្កដានេះ ថាលោកមានជំងឺគ្រេចស្មាខាងស្ដាំ។ លោកអះអាងថា ជំងឺនេះបណ្ដាលមក​ពី​លោក​បានដួល ក្នុងពេលជិះកង់ប្រណាំង បន្ទាប់ពីលោកបានត្រឡប់ ពីការចូលរួមប្រជុំនៅក្រុងហ្សឺណែវ ប្រទេសស្វីស។

ជំងឺគ្រេចស្មានោះ តម្រូវឲ្យលោកត្រូវទៅសម្រាកព្យាបាល អស់រយៈពេលជាច្រើនថ្ងៃ នៅឯមន្ទីរពេទ្យ នៃប្រទេសសិង្ហបូរី។ ដោយឡែកនៅលើ​បណ្ដាញសង្គម បានលេចឮ​នូវពាក្យ​ចចាមអារាមជាច្រើន ជុំវិញសភាពធ្ងន់ធ្ងរ នៃស្ថានភាពសុខភាព​របស់លោក។

ប៉ុន្តែ នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ (ក្រោមវត្តមានជាសាធារណៈរបស់លោក ហ៊ុន សែន) អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានអះអាងថា អាជ្ញាធររដ្ឋាភិបាល នឹងចាត់វិធានការ ទៅលើនរណាក៏ដោយ ដែលប្រតិដ្ឋបំភ្លៃព័ត៌មាន ពីសុខភាពរបស់លោក ហ៊ុន សែន៕

សុខ សប្បាយ ជា ទេ បង ប្អូន ជន រួម ជាតិ? សុខភាព ខ្ញុំ គឺ រឹងមាំ ធម្មតា ទេ។ ស្អែក នេះ …

Posted by Samdech Hun Sen, Cambodian Prime Minister on Wednesday, July 24, 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។