ពិភពលោក

បូរីស ចនសុន ក្លាយជា​នាយករដ្ឋមន្ត្រី​​ថ្មី​នៃ​ចក្រភព​អង់គ្លេស

ចាប់ពីយប់ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះទៅ ចក្រភពអង់គ្លេសមាននាយករដ្ឋមន្ត្រីថ្មីមួយរូប ឈ្មោះ បូរីស ចនសុន (Boris Johnson) មេដឹកនាំមកពីគណបក្សអភិរក្សនិយម (ប្រកាន់ស្ដាំ)។ លោក ចនសុន បានមកជំនួសអ្នកស្រី ថេរេសា ម៉េ (Theresa May) បន្ទាប់ពីលោកត្រូវបានទទួលចូលគាល់ ដោយព្រះមហាក្សត្រីយ៉ានីអង់គ្លេស ក្នុងយប់ថ្ងៃដដែលនេះរួច។

ការចូលកាន់តំណែងថ្មី របស់លោក ចនសុន ដែលធ្លាប់ជា​អតីតអភិបាលរាជធានី ឡុងដ៍ និងជាអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏ត្រូវបានកត់សម្គាល់ តាមរយៈសុន្ទរកថាផ្លូវរការរបស់លោក នៅពីមុខវិមានរដ្ឋាភិបាលអង់គ្លេស ដែលមានអស័យដ្ឋាន «10 Downing Street» នោះដែរ។

លោក ចនសុន បានសន្យាថា នឹងបញ្ចេញចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុប នៅថ្ងៃទី៣១ ខែតុលាខាងមុខ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ គ្មានលក្ខខណ្ឌ គឺលោកចង់សំដៅអំពីការចាកចេញមួយ ដែលគ្មានកិច្ចព្រមព្រៀង (ចាកចេញឆៅ)។ លោកលើកឡើងថា៖

«យើងនឹងបំពេញកិច្ចសន្យា ដែលត្រូវបានធ្វើដោយរដ្ឋសភាជាតិ ទៅកាន់ប្រជាជន និងចាកចេញពីសហភាពអ៊ឺរ៉ុប នៅថ្ងៃទី៣១ ខែតុលាខាងមុខ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។»

ក្នុងយប់ដដែលនេះ លោកនាយករដ្ឋមន្ត្រីថ្មីថ្មោង បានបង្ហើបឲ្យដឹង ពីសមាសភាពមួយចំនួន នៃរដ្ឋាភិបាលរបស់លោក ដែលភាគច្រើនសុទ្ធសឹង ជាឥស្សរជនជំទាស់នឹងសហភាពអ៊ឺរ៉ុប

លោក បូរីស ចនសុន អាយុ៥៥ឆ្នាំ បានទទួលជ័យជំនះ នៅក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានគណបក្សអ្នកអភិរក្សនិយម កាលពីថ្ងៃអង្គារម្សិលម៉ិញ។ តាមលក្ខន្តិកៈរបស់គណបក្ស គឺតំណែងជាមេដឹកនាំគណបក្ស ដែលមានសម្លេងភាគច្រើន នៅរដ្ឋសភាមួយនេះ អនុញ្ញាតឲ្យលោកក្លាយខ្លួន ជានាយករដ្ឋមន្ត្រី នៅចំពោះការលាលែងពីតំណែង របស់អ្នកស្រី ថេរេសា ម៉េ កាលពីប៉ុន្មានខែមុន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។