កម្ពុជា

ហ៊ុន សែន ហៅអ្នកនិយាយ ពី«ការបិទក្រុង​ឬផ្នែកខ្លះ» ថាជា​មនុស្សអាក្រក់

អ្នកស្រង់សំដីរបស់លោក ហ៊ុន សែន យកមកផ្សាយបន្ត មានវាសនាមិនល្អទេ ព្រោះតែង​ត្រូវ​បានបុរសខ្លាំងរូបនេះ ចាប់ដាក់គុក ឬចាត់ទុក ថាជា​មនុស្សអាក្រក់ ជាដើម។ ហើយនេះ ជាវគ្គថ្មីមួយទៀត ដែលបុរសមានអំណាច វ័យ៦៨ឆ្នាំ បានលាងសំដីរបស់ខ្លួន បន្ទាប់ពីបាន​ថ្លែងព្រមាន នៅក្នុងសារជាសម្លេងមួយ កាលពីដើមសប្ដាហ៍កន្លងមក។

សារព្រមាននោះ ត្រូវបានលោក ហ៊ុន សែន ធ្វើឡើង ដើម្បីគម្រាមប្រកាសអាសន្ន នៅក្នុង​រាជធានីភ្នំពេញ និងផ្នែកខ្លះ នៅក្នុងព្រះរាជាណាចក្រ បើកាលណាបណ្ដាជន រួមទាំង​មន្ត្រី​រដ្ឋាភិបាលផង មិនស្ដាប់តាមបញ្ជារបស់លោក ដែលកំហិតឲ្យពួកគេទាំងនោះ ត្រូវអនុវត្ត​តាមវិធាន​ធ្វើ​ចត្តាឡីស័ក ដើម្បីរាំងខ្ទប់ការរីកឆ្លង នៃជំងឺ«Covid-19»។

តាមរយៈសារសម្លេង ដែលធ្លាក់មកដល់​ដៃអ្នកសារព័ត៌មាន ក្នុងយប់​ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា លោក ហ៊ុន សែន បានថ្លែងព្រមានថា លោកអាចទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បីដាក់​តំបន់​​ទាំងនោះ នៅក្នុងគ្រាអាសន្ន អនុលោមតាមច្បាប់ថ្មីមួយ ដែលត្រូវរដ្ឋសភាឯកបក្ស ធ្វើការ​អនុម័ត យ៉ាងតក់ក្រហល់ កាលពីអំឡុងខែមេសា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង នៅកម្ពុជា បានថ្លែងក្នុងសារសម្លេងថា៖

«ការអំពាវនាវរបស់ខ្ញុំនេះ ធ្វើនៅមុនពេល ដែលខ្ញុំកំពុងគិតថា តើត្រូវប្រកាសបិទ​ទីក្រុង​ភ្នំពេញ ឬផ្នែកណាមួយ នៅក្នុងប្រទេសឬទេ ព្រោះច្បាប់ក្នុងគ្រាមានអាសន្ន មានក្នុងដៃ​រួចហើយ (…) តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះវាប៉ះពាល់ ទៅដល់សិទ្ធិសេរីភាព​មនុស្ស​ច្រើនគ្នា។»

ការគម្រាមរបស់លោក ហ៊ុន សែន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា យកទៅផ្សាយបន្ត មុននឹងត្រូវក្រុមអ្នកវិភាគ អ្នកប្រើប្រាស់បណ្ដាញសង្គម យកទៅធ្វើអត្ថាធិប្បាយ យ៉ាងច្រើន ក្នុងប៉ុន្មានថ្ងៃបន្ទាប់មក។

តែសម្រាប់លោក ហ៊ុន សែន ខ្លួនលោក មិនបានយល់ថា ការគម្រាមរបស់លោក ជាដើមហេតុ ដែលធ្វើឲ្យមានសង្គ្រាមប៉ាកកាទាំងនេះទេ ព្រោះនៅថ្ងៃព្រហស្បត្តិ៍នេះ លោកបាន​ចេញសារមួយទៀត ហៅអ្នកនិយាយពីករណីនេះ ថាជា​មនុស្សអាក្រក់ ដែលបំផុសពាក្យ​ចចាមអារាម។

បុរសខ្លាំងនៅកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោង​មុននេះ​ថា៖

«ថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាម ថារាជរដ្ឋាភិបាល​នឹង បិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ។ ក្នុងឋានៈ ជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។»

លោក ហ៊ុន សែន បន្តបន្ទោសអ្នកទាំងនោះ ថាមានបំណង ចង់កេងចំណេញខាងនយោបាយ ខណៈអ្នកផ្សាយសម្លេងរបស់លោក រួមមានទាំងប្រព័ន្ធឃោសនា របស់លោក និងរបស់គណបក្សប្រជាជនកម្ពុជានោះផង។ លោកសរសេរថា៖

«ការឃោសនាអកុសល របស់ពួកអាក្រក់ ទាំងនេះសំដៅ ធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបាន​ស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញ ខាង នយោបាយ​តែប៉ុណ្ណោះ។»

ក្នុងដើមខែមេសាកន្លងមក អ្នកសារព័ត៌មានម្នាក់ ត្រូវបានអាជ្ញាធរ ក្រោមបញ្ជាលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ បន្ទាប់ពីអ្នកកាសែតរូបនោះ ស្រង់សំដីរបស់លោក មកបង្ហោះបន្ត នៅលើបណ្ដាញសង្គម។ ការចាប់ខ្លួននោះ រងប្រតិកម្មខ្លាំងៗ ពីអង្គការ អ្នកយកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដោយនិយាយថា បុរសខ្លាំងនៅកម្ពុជា កំពុងប្រើប្រាស់ការចាប់ចង ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន ក្នុងការពន្យល់ពលរដ្ឋ អំពីជំងឺរាតត្បាត និងការពិត៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។