កម្ពុជា

ហ៊ុន សែន អះអាង​ទទួលបាន Licence ពី​សហព័ន្ធ​កីឡា​កូនគោល​បារាំង

ពិតជាមិនធម្មតា បើសិនជាគេឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន «Licence» មួយ ពីសហព័ន្ធកីឡាកូនគោលបារាំង ហៅកាត់តាមភាសាបារាំង «FFGOLF»។

កាន់តែមិនធម្មតាទៀត បើសិនជាគេឃើញលោក យករូបថតនៃកាត «Licence» មួយសន្លឹកនោះ មកបង្ហោះនៅលើបណ្ដាញសង្គម ដោយមានអម​ដោយសំណេរ​ប៉ុន្មានឃ្លា ដាក់ថា លោកបាន«ប្រឡងយក Licence វាយកូនគោលនៅទីក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ២០០១»។

បុរសខ្លាំងកម្ពុជា បានបង្ហើបរឿងនេះមកបង្ហាញ ជាសាធារណៈ កាលពីប៉ុន្មាននាទីមុន បន្ទាប់ពីបានរៀបរាប់ថា កាលពីនៅវ័យជាយុវជន លោកលេងកីឡាបាល់ទះ បាល់ទាត់ បោះប៊ូល និងអុំទូក។ លោកបន្តថា៖

«សំណាងល្អ ប្រទេសមានសន្តិភាព និងការអភិវឌ្ឍ វត្តមានតារាងកូនគោលកើតមាននៅកម្ពុជា ខ្ញំចាប់ផ្តើមប្តូរមកវាយកូន គោលនៅឆ្នាំ២០០០ ដោយប្រឡងយក Licence វាយកូនគោលនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០០១។»

មេដឹកនាំរូបនេះ បានរៀបរាប់ទៀតថា៖

«ជូនជាប់នូវ Licence សម្រាប់ឆ្នាំ២០១៩ ដែលសហព័ន្ធកូនគោលបារាំង ចេញឱ្យខ្ញុំមួយឆ្នាំម្តង តាំងពីឆ្នាំ២០០១មក។ ខ្ញុំមិនមែនជាជនជាតិបារាំងទេ តែសម្រាប់កីឡាវាយកូនគោល ខ្ញុំត្រូវកាន់ Licence របស់បារាំង ដែលងាយស្រួលដល់ការទៅលេង នៅប្រទេសផ្សេងទៀត ដែលមានការចាំបាច់ លើការធានារ៉ាប់រង។»

ដោយហេតុថា វេលានេះជាយប់រំលងអាធ្រាត ម៉ោងនៅប្រទេសបារាំង ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចស្វែង​រកអំណះអំណាងបន្ថែម ពីសហព័ន្ធកីឡា​កូនគោលបារាំង «FFGOLF» បានទេ។

ប៉ុន្តែ បើតាមអ្វីដែលសហព័ន្ធបានបញ្ជាក់ នៅលើគេហទំព័ររបស់ខ្លួន ប្រភេទ «Licence» ដូចអ្វីដែលលោក ហ៊ុន សែន បង្ហាញនៅលើទំព័រហ្វេសប៊ុក របស់លោកនេះ មិនចាំបាច់ត្រូវឆ្លងកាត់ ការប្រលងអ្វីឡើយ។ តែជាការជាវប្រចាំឆ្នាំ ក្នុងតម្លៃ ៥៤អ៊ឺរ៉ូ (ប្រមាណជា៦០ដុល្លារ) ដើម្បីមានសមាជិកភាព នៅក្នុងសហព័ន្ធមួយនេះ។

ដើម្បីជាភស្ដុតាង ដើម្បីចង់ដឹងថា តើមនុស្សគ្រប់គ្នា អាចជាវបានដែរឬទេ? ទស្សនាវដ្ដីសូមបង្ហាញរូបភាព នៃការចុះឈ្មោះមួយ ជាវសមាជិកភាពនៅក្នុងសហព័ន្ធ «FFGOLF» ដោយប្រើឈ្មោះលោក ហ៊ុន សែន យកទៅដាក់ ដូចខាងក្រោម៖

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: GolfHun Sen