កម្ពុជា

ហង់ ពៅ ឡើងជា​ប្រធាន​អាជ្ញាធរ​អប្សរា​ខណៈ ស៊ុំ ម៉ាប់ ក្លាយជា​រដ្ឋលេខាធិការ

លោក ហង់ ពៅ ដែលមានឋានៈ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា ត្រូវបានតែងតាំង ឲ្យឡើងធ្វើជាអគ្គនាយក នៃស្ថាប័នមួយនេះ ដែលគ្រប់គ្រងលើតំបន់រមណីយដ្ឋានវប្បធម៌ អង្គរ។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានចុះព្រហស្ថលេខា នៅថ្ងៃទី២ ខែកុម្ភៈ និងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ។

លោក ហង់ ពៅ នឹងឡើងមកកាន់តំណែង ជាមេដឹកនាំអាជ្ញាធរអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវមកទទួលតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងព្រះរាជក្រិត្យដដែល បានត្រាស់បង្គាប់តែងតាំង លោក គឹម សុ​ធិ​ន និង​លោក យិ​ត ចាន់​ដារ​ដ្ឋ ជា​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិអប្សរា​ ដោយមានឋានៈ​ ស្មើ​អនុរដ្ឋលេខាធិការ​ផងដែរ។

លោក ស៊ុំ ម៉ាប់ បានចូលកាន់តំណែងជាអគ្គនាយក នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ដែលកាលនោះ ស្ថិតក្រោមការគ្រប់គ្រង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានលោក សុខ អាន ជារដ្ឋមន្ត្រី។ ប៉ុន្តែក្រោយមរណភាពរបស់លោក សុខ អាន អាជ្ញាធរជាតិមួយនេះ ត្រូវបានប្ដូរឲ្យមកនៅក្រោមបង្គាប់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈវិញ។

គួរបញ្ជាក់ដែរថា លោក ស៊ុំ ម៉ាប់ បានមកជំនួសលោក ប៊ុ​ន ណា​រិ​ទ្ធ ​​​ដែលត្រូវ​​ផ្លាស់​ចេញ​ទៅ​កាន់​តំណែង​ ជាសមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គម វប្បធម៌​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី​វិញ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។