កម្ពុជា

អភិបាល​ខណ្ឌ​ឫស្សីកែវ ចេញមុខ​សុំទោស​ករណី​«គេងលក់»​ក្នុង​អង្គប្រជុំ

ការបង្ហោះរូបភាពលោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ដោយទំព័រហ្វេសប៊ុក របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលម៉ិញ ទទួលបានប្រតិកម្មពីរូបលោកផ្ទាល់ នៅថ្ងៃនេះ។

មេដឹកនាំថ្នាក់មូលដ្ឋានរូបនេះ បានសុំការអភ័យទោស ចំពោះ«កាយវិការមិនសមរម្យ»​របស់លោក ដោយលើកមូលហេតុថា លោកមានបញ្ហាសុខភាពផ្ទាល់ខ្លួន និងបាននៅមើលថែទាំ ម្ដាយមានជំងឺរបស់លោក ដល់ម៉ោង២រំលងអាធ្រាត កាលពីយប់ថ្ងៃទី២៥ ចូលមកថ្ងៃទី២៦ ខែមិថុនា។

ប្រតិកម្ម​របស់អភិបាលខណ្ឌឫស្សីកែវ ធ្វើឡើងតាមបណ្ដាញសង្គម ទាំងនៅក្នុងគណនីផ្ទាល់ខ្លួន ទំព័រហ្វេសប៊ុកផ្លូវការ ​របស់លោក ជា ពិសី រួមទាំងតាមរយៈទំព័រហ្វេសប៊ុក របស់សាលាខណ្ឌឫស្សីកែវផង។ ប្រតិកម្មទាំងនោះ ជាសំណេររបស់លោកផ្ទាល់ និងបានផ្តិតយករូបភាព នៃការបង្ហោះរបស់ទំព័រហ្វេសប៊ុក «MONOROOM.info» ភ្ជាប់មកជាមួយ។

រូបភាពនោះ បង្ហាញពីការគេងលង់លក់ របស់លោក ជា ពិសី នៅខណៈសុន្ទរកថា របស់លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលម៉ិញ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្រោមវត្តមាន​របស់អ្នកសារព័ត៌មានច្រើននាក់ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ដែលបានផ្សាយបន្តផ្ទាល់ ពីទិវាដ៏ធំមួយនេះ ក៏បានចាប់រូបភាពលោក ជា ពិសី កំពុងទទួលទានដំណេក នៅក្នុងពិធីនោះ មកផ្សាយជាសាធារណៈដែរ។

#ចែកគ្នាដឹង «នៅពេលណាខ្ញុំគេងបានឆ្អែត គឺពេលនោះហើយ ដែលខ្ញុំសម្រេចលទ្ធផលជូនជាតិ បានខ្ពស់បំផុត» ( ផ្ញើររូបភាព ឬវីដេអូប្រិយមិត្ត មកកាន់ https://m.me/MONOROOM.info )

Posted by MONOROOM.info on Wednesday, June 26, 2019


នៅក្នុងប្រតិកម្មរបស់លោក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ អភិបាល​ខណ្ឌ​ឫស្សីកែវ បានទទួលស្គាល់ថា លោកពិតជា«បានបិទភ្នែភ សំងំមួយសន្ទុះ» ដែលបណ្ដាលមកពី «ភាពអស់កម្លាំង បូករួមទាំង បញ្ហាសុខភាពផ្ទាល់ខ្លួន»។ លោក ជា ពិសី បានសរសេរឆ្លើយតប នៅលើបណ្ដាញសង្គមថា៖

«ប៉ុន្មានថ្ងៃមកនេះ ម្ដាយជរារបស់ខ្ញុំ អាយុ ៨០ឆ្នាំ កំពុងមានជម្ងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។ កាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ ក្នុងនាមជាកូនកត្តញ្ញូមួយរូប ខ្ញុំតែងតែទៅមើលថែរទាំ ម្ដាយរបស់ខ្ញុំ ស្ទើរតែរៀងរាល់យប់ ក្រោយបានសម្រាក ពីការដឹកនាំការងាររដ្ឋបាលរួចមក។»

«គាប់ជួន នៅយប់ថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ខ្ញុំបាទបានទៅមើលថែម្ដាយជរា ឈឺធ្ងន់ រហូតដល់ម៉ោងជាង២យប់ រំលងអាធ្រាតថ្ងៃទី២៦ ខែមិថុនា ទើបនឹងបានសម្រាកប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៥ព្រឹក ខ្ញុំបាទត្រូវក្រោក ពីព្រឹកព្រលឹម ដើម្បីទៅដឹកនាំកម្លាំងមហាជន ចូលរួមកម្មវិធី នៅឯកោះពេជ្រទៀត។»

លោកអភិបាលបានសរសេរសុំទោសថា៖

«ខ្ញុំបាទសូមការអធ្យាស្រ័យ ពីសាធារណៈមតិ ទូទាំងប្រទេស ពិសេស ខ្ញុំបាទសូមការអភ័យទោស​ដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យ ក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនានេះ ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន របស់ខ្ញុំបាទ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។