កម្ពុជា

GDP ៖ គឺ​ថ្ងៃ៧មករា និង​បំណុលចិន ដែល​ប៉ះពាល់​ដល់​អធិបតេយ្យជាតិ

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន «GDP» ការទាមទាររបស់សហភាពអ៊ឺរ៉ុប តាមរយៈកិច្ចព្រមព្រៀងអ៊ឺរ៉ុប-កម្ពុជា នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនប៉ះពាលដល់អធិបតេយ្យភាពកម្ពុជា ជាដុំកំភួនទេ។ ផ្ទុយទៅវិញ គឺការដឹងគុណ និងសងគុណប្រទេសវៀតណាម ទាក់ទងថ្ងៃ៧មករា និងការពឹងអាស្រ័យជ្រុល ទៅលើជំនួយនិងបំណុលចិន ទៅវិញទេ ដែលបង្កការព្រួយបារម្ភ សម្រាប់អធិបតេយ្យភាពកម្ពុជា។

គណបក្សមួយនេះ បានលើកឡើងដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីមុននេះបន្តិច ដោយគូសបញ្ជាក់ថា សហភាពអ៊ឺរ៉ុបគ្មានផលប្រយោជន៍យុទ្ធសាស្ត្រ ក្នុងការរំលោភអធិបតេយ្យភាពកម្ពុជា នោះឡើយ។

ករណីអធិបតេយ្យភាពជាតិនេះ តែងត្រូវបានរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងមិនដាច់ពីមាត់ ដើម្បីតបតទៅសហភាពអ៊ឺរ៉ុបវិញ ជុំវិញការបើកនីតិវិធីរបស់ស្ថាប័នអ៊ឺរ៉ុបមួយនេះ កាលពីសប្ដាហ៍មុន ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា«គ្រប់ទំនិញទាំងអស់ លើកលែងតែសព្វាវុធ – EBA»។

«នយោបាយការបរទេសឈ្លាសវៃ»

លោក ហ៊ុន សែន បានរំឭកឡើងវិញ ជាច្រើនដងចំពោះករណីនេះ ដូច្នេះថា៖

«កម្ពុជាមិនអាចរំពឹងលើជំនួយបរទេស តែមួយមុខទេ ហើយកម្ពុជា ក៏មិនត្រូវយក ឯករាជភាព និងអធិបតេយ្យភាព របស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អ ជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជា កាន់តែរីក​ចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។»

តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងផ្ទុយទៅវិញថា៖ 

«អ្វីដែលជារឿងគួរព្រួយបារម្ភ សម្រាប់អធិបតេយ្យភាពកម្ពុជាគឺ៖
១) ការដឹងគុណ និងសងគុណប្រទេសវៀតណាម ទាក់ទងនឹងរឿង ៧ មករា ១៩៧៩
២) ការពឹងអាស្រ័យ លើជំនួយនិងប្រាក់បំណុលប្រទេសចិន ជ្រុលពេក។»

គណបក្ស «GDP» ដែលទើបនឹងចូលរួមការបោះឆ្នោតជាតិបានម្ដង បានពន្យល់ថា៖

«ដើម្បីធានាអធិបតេយ្យភាពកម្ពុជា និងសន្តិសុខជាតិខ្មែរ កម្ពុជាត្រូវមាននយោបាយការបរទេសឈ្លាសវៃ ដោយមិនត្រូវយកប្រទេសជិតខាងជាសត្រូវ មានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង តែកុំរណបប្រទេសជិតខាង។ បន្តទំនាក់ទំនងជាប្រពៃណីល្អ ជាមួយប្រទេសចិន តែកុំពឹងអាស្រ័យចិនជ្រុលពេក និងរក្សាទំនាក់ទំនងល្អ ជាមួយលោកខាងលិច ដើម្បីរក្សាតុល្យភាពការទូត និងទីផ្សារសម្រាប់ផលិតផល ផលិតនៅស្រុកខ្មែរ។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។