កម្ពុជា

សំរាមអណ្ដែតនៅភ្នំពេញ ៖ ខឹម វាសនា ចំអកដាក់ សួន សេរីរដ្ឋា

ការបន្ទោសពលរដ្ឋ ពីសំណាក់លោក សួន សេរីរដ្ឋា ជុំវិញស្ថានភាព«សំរាមអណ្ដែតនៅភ្នំពេញ» ទទួលបានការចំអក ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ នៅថ្ងៃនេះ។

កាលពីចុងសប្ដាហ៍មុន លោក សួន សេរីរដ្ឋា ដែលទើបត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងឲ្យក្លាយជារដ្ឋលេខាធិការថ្មីថ្មោង នៃក្រសួងអភិវឌ្ឍជនបទ បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម បន្ទោសពលរដ្ឋដែលមិនបានវេចខ្ចប់សំរាម ក្នុងថង់សំរាម និងមិនបានដាក់សំរាមវេចខ្ចប់ទាំងនោះ ចូលក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ។

ការលើកឡើងនោះ ទទួលបានប្រតិកម្ម ពីសំណាក់ពលរដ្ឋទូទៅ ដោយពួកគេបានរិះគន់ ដោយប្រើពាក្យធ្ងន់ៗ តបទៅអតីតប្រធានគណបក្សអំណាចខ្មែរ។

សម្រាប់លោក ខឺម វាសនា ដែលជាដៃគូចាស់ ក្នុងការឆ្លើយឆ្លងសារនយោបាយ ក្នុងគ្រាកន្លងមក មិនបានបញ្ចេញសារអ្វី ដើម្បីប្រតិកម្មផ្ទាល់ នឹងការលើកឡើង របស់លោក សួន សេរីរដ្ឋា ទេ។ តែប្រធានគណបក្ស«ជួង» បានចែករំលែក នៅលើគណនេយ្យហ្វេសប៊ុករបស់លោក នូវការចំអកមួយ របស់សមាជិក (ឬប្រិយមិត្ត) មួយរូបរបស់គណបក្ស។

ការចំអកនោះ បានសរសេរថា៖

«បងពីមុន បាត់ទៅណា? បងពីមុន ឆ្កួតបាត់ហើយ… ពេលបងមានអ្នកថ្មី អូនធ្វើអ្វីក៏ខុស កំហុសទម្លាក់លើពលរដ្ឋ។»

លោក ខឹម វាសនា និងលោក សួន សេរីរដ្ឋា ធ្លាប់បានឆ្លើយឆ្លងសារនយោបាយ ដាក់គ្នាទៅវិញទៅមក តាំងពីច្រើនឆ្នាំមកហើយ។ កាលពីអំឡុងឆ្នាំ២០១៦ លោក ខឹម វាសនា បានហៅលោក សួន សេរីរដ្ឋា ថា«អាភ្លើ» ខណៈលោក រដ្ឋា បានតបទៅវិញ នៅមួយឆ្នាំក្រោយ ដោយហៅដៃគូឆ្លងឆ្លើយរបស់លោក ថាជាអ្នកនយោបាយ«ឆ្កួត»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។