កម្ពុជា

ចក់ សុភាព ទទួលបានពានរង្វាន់ (មេដាយ) សិទ្ធិមនុស្ស បារាំង-អាល្លឺម៉ង់

នាយិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានទទួលបានពានរង្វាន់(មេដាយ) សិទ្ធិមនុស្សនិងនីតិរដ្ឋ បារាំង-អាល្លឺម៉ង់ ឆ្នាំ២០១៨ ក្នុងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានមុននេះបន្តិច។

សេចក្ដីប្រកាសព័ត៌មាន បានអះអាងថា អ្នកស្រីនាយិកា បានបង្កើតស្នាដៃជាច្រើន ដោយ​កន្លងមក គាត់បានចូលរួមយ៉ាងសកម្ម ក្នុងការការពារ សកម្មជនសិទ្ធិមនុស្សដ៏ក្លាហាន​នានា ព្រមទាំង ចូលរួមតស៊ូមតិ អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល។

អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ត្រូវបានស្រង់សំដី មកបញ្ជាក់​នៅក្នុងសេចក្ដីប្រកាស​​ព័ត៌មាន​​ដដែល​​ថា៖ «ខណៈពេលដែលពួកយើងកំពុងអបអរសាទរ ខួបគម្រប់៧០ឆ្នាំ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ការការពារ លំហនយោបាយ និង លំហស៊ីវិល នៅតែជាកិច្ចការសំខាន់ជាង នៅជុំវិញពិភពលោក។ ដូច្នេះហើយ ពួកយើងសូមសម្តែងអំណរគុណ ចំពោះលោកស្រី ចក់ សុភាព ដែលក្រោកឈរឡើង ដើម្បីសិទ្ធិមនុស្ស និង ការពារនីតិរដ្ឋ។»។

រីឯលោក អ៊ិនហ្គោ ការស្ទេន (Ingo Karsten) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ការគោរពសិទ្ធិមនុស្សត្រូវបានរាប់បញ្ចូលនៅក្នុង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាមូលដ្ឋានគ្រឹះនៃសហប្រតិបត្តិការជាមួយនឹងកម្ពុជា។ សកម្មជនដ៏ក្លាហាន ដូចជា អ្នកស្រី ចក់ សុភាព ជារឿយៗបានរំលឹក ពួកយើងទាំងអស់គ្នា អំពីគុណតម្លៃនៃសិទ្ធិមនុស្ស ដែលមានចែងស្រាប់ក្នុងច្បាប់រដ្ឋធម្មនុញ្ញានៃព្រះ​រាជា​ណាចក្រកម្ពុជា។»។

អ្នកស្រី ចក់ សុភាព ក៏ជាតំណាងឲ្យមេដឹកនាំកម្ពុជាជំនាន់ថ្មី ដែលជឿជាក់លើ ភាពស្មើគ្នា និងយុត្តិធម៌សង្គម ហើយគាត់ជាជនដ៏សកម្ម ក្នុងបណ្តាញសង្គម និងដែលបានក្រោកឈរឡើង ដើម្បីសិទ្ធិមនុស្ស។ អង្គការ ដែលគាត់កំពុងដឹកនាំ បានលើកកម្ពស់ ការគោរពសិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន។ ស្ថាប័ននេះ បានលើកកម្ពស់ សហគមន៍ ដូចជា ក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមជនជាតិភាគតិច យុវជន ស្ត្រី និងក្រុម LGBTIQ+ តាមរយៈ ការផ្តល់ ចំណេះដឹងចាំបាច់ និង គន្លឹះផ្សេងៗ ដើម្បីអាចឲ្យពួកគាត់យកទៅប្រើប្រាស់ តស៊ូមតិ ដើម្បីសិទ្ធិរបស់ក្រុមពួកគាត់។

ក្នុងនោះផងដែរ កិច្ចខិតខំប្រឹងប្រែង របស់អ្នកស្រី ចក់ សុភាព បានជួយឲ្យសាធារណៈជនទូទៅ អាជ្ញាធរ និង សហគមន៍អន្តរជាតិ យល់ដឹង អំពីបញ្ហា សិទ្ធិមនុស្ស នៅកម្ពុជា។ សព្វថ្ងៃនេះ អ្នកស្រី ជាអ្នកការពារយុត្តិធម៌ នីតិរដ្ឋ និងប្រជាធិបតេយ្យ ដ៏សំខាន់មួយរូបក្នុងប្រទេសកម្ពុជា ហើយស្របពេលជាមួយគ្នានេះផងដែរ គាត់ក៏បានដើរតួនាទីយ៉ាងធំធេងក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ក្នុងចំណោម អង្គការសង្គមស៊ីវិល ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងក្នុងសហគមន៍អន្តរជាតិ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។