កម្ពុជា

រកឃើញ​«ចម្លាក់អណ្ដើក»​បុរាណ​មួយ ក្នុង​ប្រាសាទ​កណ្ដាល​ស្រះស្រង់

វាដូចជាលឿនពេក ក្នុងការបញ្ជាក់ពីប្រភព ឬពីអត្តសញ្ញាណ នៃ«ចម្លាក់អណ្ដើក»​បុរាណមួយ ដែល​ទើបនឹង​ត្រូវបាន​រកឃើញ នៅក្នុងកំណាយស្រាវជ្រាវ របស់ក្រុម​ការងារ​​ជួសជុល​ប្រាសាទ ដែលស្ថិតនៅ​កណ្តាល​ស្រះស្រង់ នៃរមណីយដ្ឋាន​វប្បធម៌​អង្គរ។

តែទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានប្រកាសដំណឹង នៃការរកឃើញចម្លាក់ ធ្វើពីថ្មមួយនេះ ដោយបញ្ជាក់ថា ដំណឹងខាងលើ ជាព័ត៌មានទាន់ហេតុការណ៍។ ទំព័រ​ហ្វេសប៊ុនោះ បាន​ត្រឹមសរសេរ ឲ្យដឹងថា៖

«ក្រុមការងារជួសជុលប្រាសាទ កណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើក នៅក្នុង​កំណាយស្រាវជ្រាវ។ អាជ្ញាធរជាតិអប្សរា នឹងផ្តល់ព័ត៌មាន​លំអិត​បន្ថែម នៅថ្ងៃស្អែក។»

បុរាណវត្ថុជាច្រើន ត្រូវបានរកឃើញវត្ថុបុរាណជាច្រើន នៅក្នុងការដ្ឋាន​ជួសជុល​ប្រាសាទ នៅ​កណ្ដាល​ស្រះស្រង់ ក្នុងនោះមាន រូបចម្លាក់ត្រីសូល៍ធ្វើពីលោហៈ ចំនួន២ ដែលមួយ នៅមានរូបរាងពេញលេញ និងមួយទៀត នៅសល់តែបំណែកចុងស្រួច មួយចំហៀង ព្រមទាំងបំណែកខ្វាតពណ៌ស (Cristal) ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគ ដ៏ធំមួយ ដែលកប់នៅក្នុងដី មួយផ្នែកធំនៅឡើយ។

ប្រាសាទកណ្ដាលស្រះស្រង់ ដែលស្ថិតនៅមុខ​ខាងកើត ប្រាសាទបន្ទាយក្ដី កសាងឡើង​ក្នុង​រាជ្យព្រះបាទ ជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២។ សំណង់ប្រាសាទ​នៅកណ្ដាលស្រះស្រង់នេះ ជា​តំណាងឱ្យភ្នំព្រះសុមេរុ។

អាជ្ញាធរជាតិអប្សរា បានអះអាងថា ខ្លួនបានជួសជុល ប្រាសាទកណ្ដាលស្រះស្រង់​ឡើងវិញ ដោយហេតុថា ប្រាសាទដ៏អស្ចារ្យ បានរងការបាក់បែក សឹងតែទាំងអស់ ដោយសារកត្តា​ធម្មជាតិ ហើយប្រាសាទនេះ​មានតម្លៃប្រវត្តិសាស្រ ដ៏ធំធេង និងទេសភាពវប្បធម៌ សម្រាប់ទេសចរណ៍៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។