«ក្លិបកម្សាន្ដ»មួយ ដែលមានឈ្មោះ «EDM» កណ្ដាលរាជធានីភ្នំពេញ បានត្រូវព្រះអគ្គិត្របាក់ ក្នុងរសៀលថ្ងៃទី២៤ ខែឧសភានេះ។ ក្លឹបនេះ មានទីតាំងក្បែរផ្សារទំនើប អ៊ីអន១ (AeOn1) និងខាងកើតស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន។
ទិដ្ឋភាពផ្សែងខ្មៅខ្មួលខ្មាញ់ បានគ្របដណ្ដប់ ក្នុងផ្ទៃមេឃ នៃរាជធានីភ្នំពេញ ខណៈវីដេអូជាច្រើន ដែលបានថតពីទិដ្ឋភាពនេះ ត្រូវបានបង្ហោះ នៅពាសពេញបណ្ដាញសង្គម។
បើតាមប្រភពផ្ទាល់កន្លែង ឲ្យដឹងថា អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ ពីម៉ោង១៦ និង២០នាទី ហើយនៅក្នុងពេលភ្លាមៗ គេមិនអាចបញ្ជាក់បានថា អគ្គិភ័យបានកើតឡើង បណ្ដាលពីអ្វី និងបង្កឲ្យមានការខូចខាត ដល់កម្រិតណា នោះនៅឡើយ។
អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «ក្លិបកម្សាន្ដ»ខាងលើ បានបិទដំណើរការរបស់ខ្លួន ទៅតាមបទបញ្ជារបស់រដ្ឋាភិបាល។
ក្នុងខណៈនេះ កងកម្លាំងអាជ្ញាធរ កំពុងធ្វើអន្តរាគមន៍ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ រីឯក្រុមពន្លត់អគ្គិភ័យ កំពុងប្រឹងប្រែង ធ្វើការពន្លត់ភ្លើង៕