កម្ពុជា

រកឃើញ​«ចម្លាក់​អណ្ដើក»​​មួយ​ទៀត ក្នុង​កំណាយ​ប្រាសាទ​កណ្ដាល​ស្រះស្រង់

ចម្លាក់​អណ្ដើក ធ្វើពីថ្មមួយទៀត ត្រូវបានកាយរកឃើញ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយក្រុមអ្នកធ្វើកំណាយ ក្នុងការដ្ឋានជួសជុល​ប្រាសាទ ​កណ្ដាលស្រះស្រង់ នៃរមណីយដ្ឋានវប្បធម៌អង្គរ

បើតាមអាជ្ញាធរជាតិអប្សរា ដែលបង្ហោះព័ត៌មាននេះ នៅលើបណ្ដាញសង្កម បានឲ្យដឹងថា ចម្លាក់អណ្ដើក ដែលទើបនឹងរកឃើញនេះ មានទំហំតូចជាអណ្ដើកមុនបន្តិច។ នៅជិតចម្លាក់អណ្ដើកទាំងនេះ ក្រុមការងារក៏បានរកឃើញ គ្រាប់ខ្វាតពណ៌ស (​Cristal ?)   ជាច្រើនគ្រាប់ និងត្រីសូល៍ចំនួន២ (១មានរូបពេញលេញ និងមួយទៀត មានត្រឹម​មួយ​បំណែក) នៅក្បែរនោះដែរ។

កាលពីថ្ងៃទី៤ ខែឧសភា ចម្លាក់អណ្ដើកមួយមុន ត្រូវបានកាយរកឃើញ ដោយចម្លាក់​ធ្វើ​អំពី​ថ្ម​មួយនេះ នៅមានសភាពស្អាត នៅរក្សាទម្រង់ដើម សឹងតែទាំងស្រុង។ វត្ថុបុរាណ​ចំនួន ៣ប្រភេទផ្សេងទៀត ក៏ត្រូវបានរកឃើញដែរ គឺចម្លាក់នាគ ខ្វាតពណ៌ស  និង​ត្រីសូល៍។

អាជ្ញាធរជាតិអប្សរា បានអះអាងទៀតថា ក្រុមធ្វើកំណាយ រចនាសម្ព័ន្ធសំណង់ឈើ នៅលើ​ខឿនប្រាសាទ ដ៏ចាស់ទ្រុឌទ្រោម​មួយនេះ។

ប្រាសាទកណ្ដាលស្រះស្រង់ ដែលស្ថិតនៅមុខ​ខាងកើត ប្រាសាទបន្ទាយក្ដី កសាងឡើង​ក្នុង​រាជ្យព្រះបាទ ជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២។ សំណង់ប្រាសាទ​នៅកណ្ដាលស្រះស្រង់នេះ ជា​តំណាងឱ្យភ្នំព្រះសុមេរុ។

អាជ្ញាធរជាតិអប្សរា បានអះអាងថា ខ្លួនបានជួសជុល ប្រាសាទកណ្ដាលស្រះស្រង់​ឡើងវិញ ដោយហេតុថា ប្រាសាទដ៏អស្ចារ្យ បានរងការបាក់បែក សឹងតែទាំងអស់ ដោយសារកត្តា​ធម្មជាតិ ហើយប្រាសាទនេះ​មានតម្លៃប្រវត្តិសាស្រ ដ៏ធំធេង និងទេសភាពវប្បធម៌ សម្រាប់ទេសចរណ៍៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។