កម្ពុជា

EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – EBA)។ ជាសេចក្ដីសម្រេច ដែលធ្វើឡើងប៉ុន្មានសប្ដាហ៍ ក្រោយការគម្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថានឹងកម្ទេចគណបក្សប្រឆាំងនៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំរបស់លោក។

សេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប និងដែលចេញផ្សាយក្នុងថ្ងៃនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុប (EU) បើកនីតិវិធី ដើម្បីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា នាំផលិតផលរបស់គ្រប់មុខ លើកលែងតែអាវុធ ចូលមកក្នុងទីផ្សារនៃសហភាពអ៊ឺរ៉ុប ដែលមាន២៨ប្រទេស។

អត្ថបទរបស់គណៈកម្មការអ៊ឺរ៉ុបបានឲ្យដឹងថា៖

«ប្រព័ន្ធអនុគ្រោះពន្ធ នៃកម្មវិធី “EBA” អាចត្រូវដកចេញ បើសិនជាប្រទេសដែលទទួលប្រយោជន៍ពីកម្មវិធីនេះ មិនគោរពសិទ្ធមនុស្សជាមូលដ្ឋាន និងសិទ្ធិការងារទេនោះ។»

បើទោះជានីតិវិធីរបស់សហភាពអ៊ឺរ៉ុប នឹងមិនមានការព្យួរប្រព័ន្ធអនុគ្រោះនេះ ក្នុងពេលភ្លាមៗក៏ដោយ តែវាបានបើកនូវរយៈពេលនៃការត្រួតពិនិត្យ យ៉ាងដិតដល់និងជាក់លាក់បំផុតមួយ ទៅលើប្រទេសកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គណៈកម្មការ​អ៊ឺរ៉ុប នៅតែប្រាថ្នា​ចង់ឃើញ​ស្ថានភាព​ប្រសើរឡើង សម្រាប់ប្រជាជនកម្ពុជា។

កម្ពុជាមានពេល៦ខែ ចាប់ពីថ្ងៃនេះ

អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ ត្រូវបានស្រង់សំដី មកបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖

«នៅក្នុងរយៈពេល១៨ខែចុងក្រោយនេះ យើងបានមើលឃើញពីការដើរថយក្រោយ នូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមរដ្ឋមន្ត្រីការបរទេសរបស់ហភាពអ៊ឺរ៉ុប បានបង្ហាញជំហរយ៉ាងច្បាស់ អំពីចំណាត់ការដ៏ម៉ឺងម៉ាត់របស់សហភាពអ៊ឺរ៉ុប នៅចំពោះការវិវត្តន៍ថ្មីៗទាំងនោះ។» 

ប្រមុខការទូតរបស់សហភាពអ៊ឺរ៉ុប បានបញ្ជាក់ថា បើទោះជាអាជ្ញាធរប្រទេសកម្ពុជា បានចាត់វិធានការជាវិជ្ជមានមួយចំនួន ក្នុងរយៈពេលចុងក្រោយក៏ដោយ តែនៅមិនគ្រប់គ្រាន់នៅឡើយ ដោយបន្តទុកឲ្យប្រទេសកម្ពុជា នៅតែមានបញ្ហាចោទ ពីលក្ខខណ្ឌសមស្រប សម្រាប់ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ អ្នកស្រីបន្តថា៖

«សហភាពអ៊ឺរ៉ុបបានប្ដេជ្ញាចិត្ត ក្នុងភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ ទៅដល់ប្រជាជនកម្ពុជា។ ហើយការគាំទ្ររបស់យើង ចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេស គឺជាចំណុចស្នូល​នៃភាពជាដៃគូនេះ។»

សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់ឲ្យដឹងថា តាមពិតទៅគណៈកម្មការអ៊ឺរ៉ុប បានបើកនីតិវិធីផ្ទៃក្នុង ទាក់ទងនឹងប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ ហើយប្រទសជាសមាជិករបស់សហភាព ក៏បានបើកភ្លើងខៀវ នៅចុងខែមករា ឆ្នាំ២០១៩ ដើម្បីឲ្យគណៈកម្មការអ៊ឺរ៉ុប​បើកនីតិវិធីផ្លូវការ ដកប្រព័ន្ធអនុគ្រោះពន្ធ ចេញពីប្រទេសកម្ពុជា ដោយទុកពេល៦ខែ ឲ្យប្រទេសនេះ​ស្ដារស្ថានការណ៍ឡើងវិញ រាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។

«… មិនមែននិយាយ ឲ្យរួចតែពីមាត់នោះទេ»

សម្រាប់អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម បានអះអាងថា ការបើកនីតិវិធីផ្លូវការ ក្នុងថ្ងៃនេះ មិនមែនជាសេចក្ដីសម្រេចចុងក្រោយនោះឡើយ តែវាជាពេលវេលាដែលត្រូវបានរាប់ជាផ្លូវការ ហើយវិធានការចាំបាច់ទាំងអស់ (ពីសំណាក់អាជ្ញាធរកម្ពុជា) ត្រូវដាក់ឲ្យចេញជារូបរាង ក្នុងពេលភ្លាមៗ។ អ្នកស្រីថា៖

«នៅពេលយើងនិយាយថា គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុប ផ្អែកទៅលើគុណតម្លៃ [នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ] មិនមែននិយាយ ឲ្យរួច​តែពីមាត់​នោះទេ។ យើងមានមោទនភាព​ណាស់ ព្រោះយើងជាលំហរទីផ្សារមួយ នៃលំហរទីផ្សារពិភពលោក ដែលបើកចំហជាងគេ សម្រាប់បណ្ដាប្រទេស ដែលមិនសូវមានការរីកចម្រើន ហើយមានភស្តុតាងច្រើនណាស់ ដែលបង្ហាញថា ការនាំចេញ​ទៅកាន់លំហរទី​ផ្សារដ៏ធំ របស់សហភាពអឺរ៉ុប អាចផ្តល់​នូវសន្ទុះសេដ្ឋកិច្ច​ដ៏សំខាន់​ សម្រាប់​ប្រទេស​ទាំងនោះ។ ជាការឆ្លើយតបវិញ យើងគ្រាន់តែស្នើឲ្យប្រទេសទាំងនោះ គោរពនូវគោលការណ៍​​ជាមូលដ្ឋានគ្រឹះ​មួយចំនួន។»

ក្ដីកង្វល់ចំពោះបញ្ហា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ត្រូវបានមេដឹកនាំនៃសហភាពអ៊ឺរ៉ុប លើកឡើងមិនតិចដងទេ ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។ ការសំដែងក្ដីកង្វល់ចុងក្រោយ ត្រូវបានអ្នកស្រី ម៉ាលស្ត្រម គូសបញ្ជាក់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្នុងជំនួបមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។

«បើតឹងច្រមុះទាំងពីរ ហ្អែងដកដង្ហើមតាមមាត់»

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងគម្រាម​ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសកម្ពុជា គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បានព្រមានសហភាពអ៊ឺរ៉ុប នៅពេលនោះ ថាត្រូវឈប់​មកនិយាយ ជាមួយលោក ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖

«ដោយសារអ្នកជ្រុល តែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិ ដើម្បីនិយាយប្រដៅខ្ញុំ​ រឿងសិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យអីនោះដែរ គឺអត់ទេ។ ហើយខ្ញុំ​ចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវ៉ៃសម្លាប់គណបក្សប្រឆាំង នៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯង ឱ្យច្បាស់ ព្រោះគ្មានរឿងអី ដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែងថែម។»

នៅក្នុងការថ្លែងដដែល លោក ហ៊ុន សែន បានបង្រៀនឲ្យប្រទេសកម្ពុជា ត្រូវចេះដកដង្ហើមតាមមាត់ ប្រសិនជាការដកដង្ហើមតាមច្រមុះបានស្ទុះ។ លោកថា៖

«យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងពាក់ តែនៅលើផ្នែកណាមួយ ដែលនៅពេលគេ គ្រាន់តែ​បិទក្បាលវ៉ាល់មួយ ធ្វើឲ្យយើងស្លាប់នោះទេ។ បើប្រៀបធៀប ជាមួយនឹងសេរីរាង្គមនុស្ស យើងមានរន្ធច្រមុះពីរ និងមាត់មួយ បើតឹងច្រមុះម្ខាង នៅសល់ម្ខាង គ្រាន់នឹងដកដង្ហើម។ ហើយបើតឹងច្រមុះទាំងពីរ ហ្អែងដកដង្ហើមតាមមាត់។»

គួរបញ្ជាក់ដែរថា ការសម្រេចក្នុងថ្ងៃនេះ បើកនីតិវិធីផ្លូវការ ដើម្បីឈានទៅព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប បានធ្វើឡើងមិនដល់មួយខែផងទេ ពីការសម្រេចមួយមុន របស់សហភាពអ៊ឺរ៉ុប ដែលកំណត់ឲ្យផលិតផលអង្ករ នាំចេញពីប្រទេសកម្ពុជា ត្រូវបង់ពន្ធឡើងវិញ។ ចំណាត់ការយកពន្ធឡើងវិញ លើផលិតផលអង្ករ បានបង្កឲ្យមានប្រតិកម្ម ពីរដ្ឋាភិបាលកម្ពុជា ដោយហៅការសម្រេចនោះ ជា«អាវុធធ្វើឃាត»ពលរដ្ឋ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។