កម្ពុជា

Covid-19៖ កម្ពុជា​មានអ្នកជំងឺ​ស្លាប់ពីរនាក់ ក្នុងមួយថ្ងៃនេះ

ក្នុងថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​មានអ្នកជំងឺ​ស្លាប់ពីរនាក់ ក្នុងនោះម្នាក់ ជាស្ត្រីអាយុ៦២ឆ្នាំ និងម្នាក់ទៀត ជាបុរស​អាយុ​៤៦ឆ្នាំ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន និងប្រភពផ្លូវការ របស់ក្រសួងសុខាភិបាលកម្ពុជា នៅប៉ុន្មាននាទីមុននេះ។

បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងក្នុងពេលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ៨នាក់ហើយ។ តែមានអ្នកជំងឺតែ៣នាក់ប៉ុណ្ណោះ ដែលអាជ្ញាធរកម្ពុជាទទួលស្គាល់ថា បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ រីឯជនរងគ្រោះ៥នាក់ទៀត (ក្នុងនោះ២នាក់ជាជនជាតិចិន) ត្រូវបានប្រកាសថា ស្លាប់ដោយសារជំងឺ«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម

ខាងក្រោមនេះ ជាព័ត៌មានលំអិតមួយចំនួន របស់អ្នកជំងឺទាំង៣នាក់ ដែលអាជ្ញាធរប្រកាសថា ស្លាប់ដោយជំងឺកូវីដ៖

  • បុរសវ័យ៥០ឆ្នាំ រស់នៅ​រាជធានីភ្នំពេញ បានទទួលមរណភាព នៅព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ នៅថ្ងៃទី២៧ ខែកុម្ភៈ។ បុរសរូបនេះ ធ្លាប់ជាអ្នកបើកបរ ឲ្យថៅកែជនជាតិចិន ក្នុងខេត្តព្រះសីហនុ ដែលមានផ្ទុក​មេរោគកូវីដ-១៩​ដែរ។
  • ស្ត្រីវ័យ៦២ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ នៅថ្ងៃទី១០ ខែមីនា។ ស្ត្រីរងគ្រោះ ជាភរិយារបស់ តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀង ប្រចាំ​ផលិតកម្ម​រស្មីហង្សមាស កញ្ញា វី ឌីណែត។
  • បុរសវ័យ៤៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញ​វិជ្ជមានកូវីដ នៅថ្ងៃទី១០ ខែមីនា។

គិតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានប្រកាស មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះ​អ្នកជំងឺដែល​​ជាសះស្បើយ មានចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ មានចំនួន ៦៥៨នាក់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។