ប្រទេសកម្ពុជា បានប្រកាសឲ្យដឹង ពីករណីអ្នកជំងឺ«ស្លាប់ទី៥» ក្នុងព្រឹកថ្ងៃទី២៣ ខែមីនានេះ ពីក្នុងចំណោមអ្នកជំងឺសរុប កើនឡើងដល់ចំនួន១៧៨៨នាក់ ដែលត្រូវបានរកឃើញ ផ្ទុកមេរោគកូវីដ-១៩ (Covid-19) នៅទូទាំងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដែលបានចេញនៅមុននេះបន្តិច។
អ្នកជំងឺថ្មី ដែលបានទទួលអនិច្ចកម្ម ដោយសារជំងឺរាតត្បាត ជាស្ត្រីអាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកស្រីបានផុតដង្ហើម នៅវេលាម៉ោង៥និង៤០នាទីព្រឹក ក្នុងមន្ទីរពេទ្យរុស្ស៊ី (ភ្នំពេញ) ទីកន្លែងដែលអ្នកស្រី បានចូលមកព្យាបាលខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយអាការៈហត់ខ្លាំង មុននឹងអ្នកស្រីត្រូវបានរកឃើញថា មាននផ្ទុកមេរោគកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយអ្នកជំងឺមានអាការៈរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដែលធ្វើឲ្យសួតចុះខ្សោយខ្លាំង ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បើទោះជាបានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម តាំងពីអ្នកជំងឺបានចូលមកព្យាបាលភ្លាម នៅក្នុងមន្ទីរពេទ្យម្លេះ។
ប្រភពផ្សេងទៀត បានអះអាងថា ស្ត្រីវ័យ៦២ខាងលើ ជាម្ដាយរបស់តារាកំប្លែង នាង អ៊ិន ស្រីពីន។
មកដល់ថ្ងៃនេះ បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុងអំឡុងពេលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១០នាក់ហើយ។
តែមានតែជនរងគ្រោះ៥នាក់ប៉ុណ្ណោះ ដែលអាជ្ញាធរសុខាភិបាល អះអាងថា ទទួលមរណភាពដោយជំងឺកូវីដ-១៩។ រីឯជនរងគ្រោះ៥នាក់ទៀត (ក្នុងនោះ២នាក់ជាជនជាតិចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់ដោយសារជំងឺ«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សេងទៀត ដែលចេញផ្សាយក្នុងព្រឹកថ្ងៃទី២៣ ខែមីនាដដែល ក្រសួងសុខាភិបាលបានអះអាងថា មកដល់ម៉ោងនេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបមានចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៩៩៩នាក់ ខណៈអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ មានចំនួន ៧៨៣នាក់។
រីឯអ្នកជំងឺថ្មី ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ ក្នុងថ្ងៃនេះ មានចំនួន៣៥នាក់៕