កម្ពុជា

Covid-19៖ សម្រាប់​ក្រុម​អ្នក​ទេសចរណ៍​បរទេស «កម្ពុជាតូច តែឫកធំ»

ទេ! មិនមែន«កម្ពុជាតូច តែបេះដូងធំ» ដូចការឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុម​អ្នក​ហែហម​ទេ។ ហើយមន្ទិលក៏កើតមាន កាន់តែខ្លាំងដែរ នៅចំពោះ​ការប្រកាសរបស់លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ កាលពីពេលថ្មីៗនេះ ដែលលើក​ឡើង​ថា ចំនួន​ទេសចរណ៍​នៅកម្ពុជា ក្នុងខែ​ចុងក្រោយ បានហក់​ឡើងវិញ។

នេះ បើតាមរបាយការណ៍ជាច្រើន របស់សារព័ត៌មាននានា នៅបរទេស ដែលអះអាងពីភាពស្ងាត់ជ្រងំ នៃរមណីយដ្ឋានវប្បធម៌អង្គរ និងការរារែករបស់ក្រុមអ្នកទេសចរណ៍ ដែលតម្រូវឱ្យពួកគេ ត្រូវត្រិះរិះពិចារណាទ្វេដង មុននឹងចូលមកកម្សាន្ត នៅក្នុង«រាជាណាចក្រអច្ឆរិយៈ»។

សារព័ត៌មានបារាំង «Courrier international» បានសរសេរថា ជំងឺរាតត្បាត «Covid-19» បានបណ្ដេញទេសចរណ៍ (ស្ទើតែ)អស់រលីង ចេញពីប្រទេសកម្ពុជា ធ្វើឲ្យប្រាង្គប្រាសាទនានា នៅក្នុងតំបន់អង្គរ ប្រែក្លាយជាស្ងាត់ជ្រងុំ ដូចកាលពីអំឡុង មុនឆ្នាំ១៩៩០។

សារព័ត៌មានមួយនេះ ដែលត្រូវបានដកស្រង់ យកទៅផ្សាយបន្ត ដោយគេហទំព័រធំៗ ដូចជា «Yahoo» និង «MSN» ជាដើមនោះ បានយករូបថត«ប្រាសាទអង្គរវត្ត» របស់ជនជាតិបារាំងម្នាក់ ដែលរស់នៅក្នុងក្រុងសៀមរាម មកបង្ហាញជាភស្ដុតាងផង។

គ្មានទេសចរណ៍ ក្រោមវិធានការទប់ស្កាត់ជំងឺ «Covid-19» ជារឿងមួយ។ តែបើនៅតែ គ្មានទេសចរណ៍ រហូតមដល់ថ្ងៃ ដែលបណ្ដាសារព័ត៌មាន បានចុះផ្សាយនេះ ជារឿងមួយ​ទៀត។ ព្រោះចាប់ពីថ្ងៃទី២០ ខែឧសភាមក រដ្ឋាភិបាលលោក ហ៊ុន សែន បានបើកឲ្យ​ជន​ទេសចរណ៍បរទេស អាចចូលមកកម្សាន្ដ ក្នុងប្រទេសកម្ពុជា ជាធម្មតាវិញហើយ។

សម្រាប់សារព័ត៌មាន ជាភាសាអង់គ្លេស «Business Traveller» បានពន្យល់ថា បើគ្មាន​អ្នកទេសចរណ៍​បរទេស មិនមែនគ្មានមូលហេតុនោះទេ។ មូលហេតុ គឺក្រុមអ្នក​ទេសចរណ៍​ទាំង​នោះ ត្រូវគិតឲ្យបានខ្លាំងជាងមុន នៅចំពោះការដាក់កំហិតថ្មី របស់រដ្ឋាភិបាល​កម្ពុជា ក្នុងការចាប់ពួកគេ ឲ្យបង់ប្រាក់​ជាហូហែ ដែលមានកម្រិត​មិនតិចជាង​ ៣ ០០០​ដុល្លារ​ឡើយ។

កម្ពុជាតូច តែបេះដូង«ឈប់ធំ»…

ការចុះផ្សាយ របស់ក្រុមសារព័ត៌មានបរទេស មិនមែនជា«Fake News»ទេ ដោយគេ​ត្រូវ​ងាកទៅមើលលិខិត របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែលបានផ្ញើ ទៅ​កាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី០៥ ខែមិថុនា ស្ដីពីការកំណត់គិតថ្លៃសេវា ពីជនបរទេស សម្រាប់ការធ្វើតេស្ត រកមេរោគកូវីដ-១៩

បើតាមលិខិតនោះ ជនបរទេសម្នាក់ ដែលជាន់ជើងចូលកម្ពុជា អាចចំណាយជាមធ្យម ពីចន្លោះជិត២០០ដុល្លារ ទៅ៣០០ដុល្លារអាមេរិក នៅក្នុងមួយថ្ងៃ ហើយពួកគេត្រូវកំហិត ឲ្យធ្វើចត្តាឡីស័ក មិនតិចជាង១៤ថ្ងៃឡើយ បើពួកគេ រកមិនឃើញលទ្ធផលវិជ្ជមាន នៃជំងឺរាតត្បាតនេះ។

ដូចសារព័ត៌មាន «AEC News Today» បានលំអិតអំពីតារាងតម្លៃ ដែលកើតឡើង​បន្តបន្ទាប់គ្នា និង​មិនចេះ​ចប់​មិនចេះ​ហើយ នៅពេលដែលអ្នកទេសចរណ៍ណាម្នាក់ ឈានជើង​ជាន់​ប្រទេស​កម្ពុជា។ សារព័ត៌មាន​សរសរថា៖

«បន្ទាប់ពីមកដល់ព្រំដែនកម្ពុជា (ទោះតាមផ្លូវអាកាស ឬតាមផ្លូវគោកក្ដី) អ្នកដំណើរ​ទាំង​ឡាយ ត្រូវបានដឹក​តាម​រថយន្ដក្រុង ដោយត្រូវចំណាយ ក្នុងម្នាក់​៥ដុល្លារ ទៅកាន់​បន្ទប់​​រង់ចាំ​មួយ ដើម្បីការយក​សំណាក ទៅធ្វើតេស្ដិ៍ ដែលត្រូវបង់ថ្លៃ ១០០ដុល្លារ ក្នុង​ម្នាក់ៗ។»

ក្នុងរយៈពេលរង់ចាំលទ្ធផល នៃការធ្វើតេស្ដិ៍ ដែលនឹងត្រូវប្រកាស ឲ្យដឹង​នៅថ្ងៃស្អែក អ្នក​ដំណើរទាំងនោះ ត្រូវសម្រាក នៅក្នុងបន្ទប់រង់ចាំនោះ ដោយត្រូវបង់ប្រាក់ ម្នាក់ ៣០ដុល្លារ សម្រាប់​ថ្លៃសម្រាកមួយយប់ និង៣០ដុល្លារទៀត សម្រាប់ថ្លៃអាហារបីពេល។ «AEC News Today» បានឡកឡឺយឡើងថា៖

«១០ដុល្លារ សម្រាប់អាហារមួយពេល គ្រប់គ្រាន់ដើម្បីឲ្យអ្នកដំណើរទាំងនោះ ទទួលបាន​អាហារសម្រន់​យ៉ាង​ឈ្ងុយឆ្ងាញ់។»

ក្នុងករណីអ្នកដំណើរណាម្នាក់ ត្រូវបានរកឃើញឆ្លងជំងឺ កូវីដ-១៩ ពេលនោះគឺអ្នកដំណើរ​ទាំងអស់ នឹងត្រូវដាក់​ឲ្យធ្វើ​ចត្តាឡីស័ក នៅក្នុងទីកន្លែងមួយ ដែលកំណត់ឡើង ដោយ​រដ្ឋាភិបាល ដោយត្រូវចំណាយ ៨៤ដុល្លារ (រាប់ទាំងអាហារ) ក្នុងមួយថ្ងៃ និងក្នុង​អ្នកដំណើរ​ម្នាក់។ សារព័ត៌មាន​បញ្ជាក់ទៀតថា៖

«ការធ្វើតេស្ដិ៍បន្ថែម នឹងត្រូវអនុវត្តន៍ សម្រាប់អ្នកដំណើរទាំងនោះ ដោយត្រូវចំណាយ ១០០ដុល្លារ ជាថ្មីទៀត។»

សម្រាប់អ្នកដំណើរ ដែលរកឃើញថា មានជំងឺវិញ គឺនឹងត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ ភ្លាមៗតែម្ដង។ «AEC News Today» បន្តរៀបរាប់ថា៖

«នៅមន្ទីរពេទ្យ ថ្លៃសម្រាកព្យាបាល នឹងមានតម្លៃ ២២៥ដុល្លា ក្នុងមួយថ្ងៃ និងតម្លៃ ៤០០​ដុល្លារបន្ថែមទៀត សម្រាប់ការធ្វើតេស្ដិ៍ ៤ដង ក្នុងរយៈពេល​ នៃការសម្រាក​ព្យាបាល​នោះ។»

បើអ្នកដំណើររូបណា ចង់ធ្វើតេស្ដិ៍ ដើម្បីដឹងពីភាពស៊ាំរបស់ខ្លួន ទល់នឹងជំងឺ«Covid-19» ការធ្វើតេស្ដិ៍នោះ នឹងមានតម្លៃ១០០ដុល្លារ និងបន្ថែម៣០ដុល្លារទៀត បើអ្នកដំណើររូបនោះ ចង់បានលិខិតបញ្ជាក់។

តម្លៃខាងលើ នៅមិនទាន់គិតផងទេ ពីការធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងតម្រូវឲ្យអ្នកទេសចរណ៍ ត្រូវមានវិញ្ញបនបត្របញ្ជាក់សុខភាព ថាគ្មានជំងឺកូវីដ-១៩។ ក្នុងករណីស្លាប់នៅកម្ពុជាវិញ ការបូជាសព នឹងត្រូវចំណាយអស់ ១ ៥០០ដុល្លារ ក្នុងម្នាក់ៗថែមទៀត។

សារព័ត៌មាន «AEC News Today» បានចំអកនៅទីបញ្ចប់ថា គេមិនដឹងថា តើ​ការចំណាយ សម្រាប់ការ​​បូជាសព​ខាងលើ នឹងមានការ​រាប់បញ្ចូល នូវតម្លៃ«កោដ្ឋ»​ដាក់ធាតុ ឬយ៉ាងណាទេ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។