កម្ពុជា

Covid-19 ៖ កម្ពុជា​រកឃើញ​អ្នក​ឆ្លងរោគ កើនឡើង​ជិត១០០នាក់

តួលេខកំពុងបោះពួយ ទៅមុខ គួរឲ្យព្រួយបារម្ភ។ មកដល់ម៉ោងនេះ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងបានរកឃើញ ករណីឆ្លងជំងឺ«Covid-19» កើនឡើង​ជិត១០០នាក់ (៨៤នាក់) បន្ទាប់ពីក្រសួងបានរកឃើញ មនុស្ស៣១នាក់ បានឆ្លងជំងឺនេះ បន្ថែមពីលើតួលេខ ៥៣នាក់ កាលពីថ្ងៃសៅរ៍។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីទាំងនេះ ត្រូវបានរកឃើញ នៅក្នុងខេត្តព្រះសីហនុ និងមួយភាគធំ ត្រូវបានរកឃើញ នៅសណ្ឋាគារមួយកន្លែង ដែលជនជាតិបារាំង២នាក់ បានស្នាក់នៅ និងត្រូវបានរកឃើញ កាលពីថ្ងៃសៅរ៍ ថាបានឆ្លងជំងឺកូវីដ១៩

ករណីរកឃើញថ្មីទាំងនោះ កើតឡើងទៅលើអ្នកទេសចរណ៍បារាំង ចំនួន២៩នាក់ ខណៈអ្នកទេសចរណ៍បារាំង វ័យចំណាស់​ពីរនាក់ផ្សេង ត្រូវបានរកឃើញ ថាមានមេរោគនេះ កាលពីថ្ងៃសៅរ៍រួចហើយ។ រីឯពីរករណីថ្មីទៀត កើតឡើង ទៅលើជនជាតិខ្មែរ ដែលជាមគ្គុទេសទេសចរ ឲ្យក្រុមអ្នកទេសចរណ៍បារាំង ដែលមានចំនួនសរុប ៣៦នាក់ (៥នាក់ មិនត្រូវបានរកឃើញ មានផ្ទុកមេរោគ កូវីដ១៩ទេ)។

ក្រសួងសុខាភិបាល បានអះអាងទៀតថា បច្ចុប្បន្នជនជាតិបារាំង ទាំង២៩នាក់ និងជនជាតិខ្មែរ ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាល ឱ្យនៅដាច់ដោយឡែក តាមបន្ទប់ នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន និងមិនឱ្យមានការចេញចូល ដោយគ្មានភារកិច្ចឡើយ។

សូមបញ្ជាក់ដែរថា ករណីឆ្លងជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី នៅកម្ពុជា ដែលមានចំនួន៨៤នាក់នោះ រួមមាន ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះ មានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស៣នាក់ (ក្នុងនោះ មាន១នាក់បានជាសះស្បើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះ មានកូនប្រុសបង្កើត អាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។