ប្រទេសកម្ពុជាបន្តរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ (Covid-19) ចំនួន៨៦នាក់ ដែលធ្វើឲ្យចំនួនសរុបកើនឡើង ដល់២២៣៣ករណី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។ រីឯអ្នកជំងឺដែលទទួលមរណភាព ដោយសារជំងឺនេះ ត្រូវបានប្រកាសតួលេខជាផ្លូវការ មានចំនួន១០នាក់ រាប់មកដល់ម៉ោងនេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយក្នុងថ្ងៃនេះ បានបញ្ជាក់ថា អ្នកជំងឺថ្មីទាំង៨៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃ«ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៨៤នាក់ និងជនជាតិចិន២នាក់។ អ្នកជំងឺទាំងនេះ មានទីលំនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តក្រចេះ និងខេត្តកំពង់ចាម។
រីឯអ្នកជំងឺទី១០ដែលទទួលមរណភាព ជាស្ត្រីវ័យ៧៦ឆ្នាំ រស់នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ អ្នកជំងឺត្រូវបានរកឃើញផ្ទុកមេរោគកូវីដ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ចូនចេញពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី (ភ្នំពេញ) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែក របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយសារអ្នកជំងឺមានអាការៈរលាកសួតសងខាងធ្ងន់ធ្ងរ និងមានសភាពខ្សោយសួត មិនអាចសង្គ្រោះបាន អ្នកជំងឺបានស្លាប់ នៅម៉ោង៧និង០៥នាទី យប់ថ្ងៃទី២៧ ខែមីនានេះ។
បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុងអំឡុងពេលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១៦នាក់ហើយ។
ជនរងគ្រោះ១០នាក់ (ក្នុងនោះ ម្នាក់ជាជនជាតិចិន) ត្រូវបានអាជ្ញាធរសុខាភិបាល អះអាងថា ទទួលមរណភាពដោយជំងឺកូវីដ-១៩។ រីឯជនរងគ្រោះ៦នាក់ទៀត (ក្នុងនោះ ២នាក់ជាជនជាតិចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់ដោយសារជំងឺ«ខ្យល់គ» «គាំងបេះដូង» «រើការញៀនថ្នាំ» ឬ«ធ្លាក់ឈាមច្រើន»ជាដើម។
ក្នុងថ្ងៃទី២៨ ខែមីនានេះដដែល កម្ពុជាក៏មានអ្នកជាសះស្បើយ ប្រមាណជា៣៤នាក់ដែរ ក្នុងនោះ ៤នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស, ម្នាក់ជាពលករមកពីប្រទេសថៃ និង២៩នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។ ពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលលទ្ធផលធ្វើតេស្ដិ៍អវិជ្ជមាន២ដង។
ជាតួលេខសរុប កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២៣៣នាក់ នៅលើផ្ទៃប្រទេស ក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយចំនួន ១១៦៦នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យចំនួន ១០៥៤នាក់៕