ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (ហៅកាត់តាមភាសាបារាំង PSE) ដែលគេស្គាល់ថាជា វីរជនសង្គ្រោះកុមារនៅស្ទឺងមានជ័យ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) បានលាចាកពីលោកយើងហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ វេលាម៉ោង១៨ និង៥៨ នាទីល្ងាច ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ។ នេះបើតាម ការអះអាង នៅប្រមាណជាមួយម៉ោងមុន របស់ទំព័រហ្វេសប៊ុកផ្លូវការនៃអង្គការនេះ នៅក្នុងប្រទេសកម្ពុជា និងអះអាងបន្ថែម ដោយអ្នកស្និតនឹងអង្គការខាងលើ ជាច្រើននាក់ទៀត។
សេចក្ដីប្រកាសព័ត៌មាន ដែលផ្សាយនៅលើទំព័រហ្វេសប៊ុកនោះ បានសរសេរជាអាថ៌ថា៖
«លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des PALLIERES) ព្រមទាំងកូន ចៅ បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ មានទុក្ខក្រៀមក្រំឥតឧបមា ដោយ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា និងជាស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានទទួលមរណភាព ដោយរោគាពាធ។»
វីរភាពនៃស្វាមី-ភរិយា ដេប៉ាលីយ៉ែរ ជាតិបារាំងទាំងពីរនាក់ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ១៩៩៥ ខណៈពេលដែលអ្នកទាំងពីរ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌មួយ។ នៅក្នុងឯកសារ ស្ដីពីប្រវត្តិរបស់អង្គការដើម្បីភាពញញឹមនៃកុមារ បានសរសេរថា៖
«នៅថ្ងៃមួយ ក្នុងខែតុលា ឆ្នាំ១៩៩៥ កុមារខ្សត់ខ្សោយជាច្រើននាក់ បានចាប់ដៃលោក គ្រីស្យង់ នាំទៅកាន់កន្លែងបំពេញការងាររបស់ពួកគេ។ កន្លែងនោះ គឺទីចាក់សម្រាមដ៏ធំជាងគេ នៃរាជធានីភ្នំពេញ។ ជាមួយនឹងភាពស្រយ៉ុតស្រយ៉ង់ លោក គ្រីស្យង់ បានឃើញកុមារខ្មែរជាច្រើននាក់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រមែប្រមូលកាកសំណល់ នៅក្នុងស្ថានភាព ដ៍កខ្វក់ហួសប្រមាណ។ មិនត្រឹមតែប៉ុណ្ណឹង កុមារខ្លះកំពុងទទួលទាន កាកសំណល់នោះថែមទៀត។»
ចាប់ពីពេលនោះហើយ ដែលលោក និងអ្នកស្រី ដេប៉ាលីយ៉ែរ បានសម្រេចចិត្តសង្គ្រោះកុមារខ្សត់ខ្សោយខ្មែរទាំងនោះ ពីស្ថានភាពដ៏ខ្លោចផ្សារនេះ។ តែគេត្រូវរង់ចាំរហូត ដល់រដូវផ្ការីក (រវាងពីខែមីនា ដល់ខែឧសភា) ឆ្នាំ១៩៩៦ ទើបមណ្ឌលសង្គ្រោះមួយ បានចាប់ផ្ដើមដំណើរការដំបូងរបស់ខ្លួន ជាមួយនឹងការទទួលកុមារទុរគត ចំនួនជាង២០នាក់ មកបីបាច់។
រហូតមកដល់ថ្ងៃនេះ និងជារៀងរាល់ថ្ងៃ កុមារខ្មែរច្រើនជាង ៦០០០នាក់ កំពុងត្រូវបានអង្គការនេះ ទទួលមកអប់រំសិក្សា ផ្ដល់ជម្រក និងអាហារ។ ការសិក្សាទាំងនោះ មានកម្រិតតាំងពីបឋមសិក្សា រហូតដល់ឧត្ដមសិក្សា និងមានកម្រិតស្មើរ នឹងការសិក្សាក្នុងគ្រឹះស្ថានអប់រំនានា ក្នុងប្រទេសកម្ពុជាដែរ។ កុមារខ្លះទៀត កំពុងក្រេបជញ្ជក់ នូវជំនាញតាមការចង់បានរបស់ពួកគេ ពីក្នុងចំណោមជំនាញទាំង២៨ ដែលផ្ដល់ដោយអង្គការ ហើយថែមទាំងទទួលស្គាល់ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះផង។
ប៉ុន្តែពេលនេះ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ ដែលកុមារខ្មែរទាំងនោះ ធ្លាប់ហៅ «ប៉ាប៉ា» ឬ«ប៉ាពី (Papy = លោកតា)» និងដែលទទួលសញ្ជាតិខ្មែរ ពីអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ រូបនេះ បានលាលោកយើងទៅរហូតហើយ។ សពលោក គ្រីស្យង់ នឹងត្រូវដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអសយដ្ឋាន ផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា)។ សពនឹងត្រូវដង្ហែ ទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៣ រសៀល៕
» វីដេអូខ្លី ស្ដីពីអង្គការដើម្បីភាពញញឹមនៃកុមារ៖