ដូចបានគ្រោងទុក ពលរដ្ឋខ្មែរឬពលរដ្ឋមានដើមកំណើតខ្មែរ ច្រើនរយនាក់ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទ្វីបអ៊ឺរ៉ុប ( CNRP អ៊ឺរ៉ុប ) នឹងធ្វើបាតុកម្មក្នុងថ្ងៃសុក្រនេះ នៅខាងមុខក្រសួងការបរទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការ ឲ្យបានខ្លាំងបន្ថែមទៀត ប្រឆាំងរបបដឹកនាំឯកបក្សក្រុងភ្នំពេញ។ នេះ បើតាមការអះអាងរបស់អ្នករៀបចំបាតុកម្មម្នាក់ ពីចំណោមអ្នករៀបចំបាតុកម្មច្រើននាក់ ដោយបញ្ជាក់ពីទឡ្ហីករណ៍ជាច្រើន ថាករណីរបស់ប្រទេសកម្ពុជា មិនខុសគ្នាពីប្រទេសវេណេស៊ុយអេឡានោះឡើយ។
លោក ទេព មនោរម្យ មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអ៊ឺរ៉ុប ទទួលបន្ទុកព័ត៌មាន និងការផ្សព្វផ្សាយ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីមុនបន្តិចថា គម្រោងធ្វើបាតុកម្មរបស់ពួកលោក នឹងចាប់ផ្ដើមពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង១៧រសៀល នៅលើ «Quais d’Orsay» ក្នុងសង្កាត់ទី៧ នៃរដ្ឋធានីប៉ារីស ដើម្បីទាមទារ និងធ្វើការដាក់ញត្តិ ទៅកាន់រដ្ឋាភិបាលបារាំង ឲ្យរឹតបន្តឹងទណ្ឌកម្ម ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលក្រុមលោកអះអាងថា បានឡើងកាន់អំណាច តាមរយៈការបោះឆ្នោតមួយ ដែលខុសច្បាប់។
ញត្តិរបស់ក្រុមបាតុករ ដែលទស្សនាវដ្ដីបានចូលទៅពិគ្រោះ មានសរសេររៀបរាប់យ៉ាងច្រើន ពីការដឹកនាំតាមបែប«ផ្ដាច់ការ» នៃលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង ដែលបានដាក់ប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយបង្អស់នេះ ឲ្យងាកដើរចេញពីវិថីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ខុសពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ ញត្តិដែលដាក់ចំណងជើងថា «សូមប្រទេសបារាំង ជួយកម្ពុជាឲ្យងាកត្រឡប់ មករកលទ្ធិប្រជាធិបតេយ្យវិញ» បានសរសេរថា៖
«ក្នុងពេលបច្ចុប្បន្ននេះ យើងមិនអាចនិយាយពីកម្ពុជា ជាប្រទេសនីតិរដ្ឋបានឡើយ តែជាកម្ពុជា នៃរបបផ្ដាច់ការ។ លទ្ធិប្រជាធិបតេយ្យកំពុងស្លាប់ នៅចំពោះមុខយើង។ ហើយយើងមិនអាចទ្រាំបាន នឹងឃើញប្រទេសកម្ពុជាវិនាសនោះឡើយ។ តើយើងអាចទុកឲ្យប្រជាជនកម្ពុជា រស់នៅក្នុងភាពភ័យខ្លាច យ៉ាងដូម្ដេចទៅកើត? តើនៅចំពោះអំពើអយុត្តិធម៌នេះ ប្រទេសបារាំងត្រូវធ្វើអ្វីខ្លះ? តើប្រទេសបារាំង កំពុងធ្វើឲ្យតួនាទីខ្លួនបាត់បង់ឬ? តើប្រទេសបារាំងនៅឯណា?»
ញត្តិខាងលើ ទទួលបានអ្នកចុះហត្ថលេខាគាំទ្រ ប្រមាណជា២០០០នាក់ មកដល់ម៉ោងនេះ ដែលហួសពីគ្រប់គ្រាន់ សម្រាប់ការដាក់ស្នើ ឡើងទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ឲ្យធ្វើអន្តរាគមន៍ក្នុងតួនាទីខ្លួន យ៉ាងហោចណាស់ ជាសហប្រធាន និងជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ ញត្តិនេះសរសេបន្តថា៖
«ប្រទេសបារាំង និងប្រទេសប្រជាធិបតេយ្យជាច្រើនទៀត បានធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័ស ក្នុងការគាំទ្រគណបក្សប្រឆាំង នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយប្រើរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ ចុះហេតុអ្វីប្រទេសបារាំង មិនធ្វើការប្រឹងប្រែងដូចគ្នានេះ ដើម្បីគាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា?»
នៅចំពោះសំនួររបស់ទស្សនាវដ្ដី អំពីលទ្ធិប្រជាធិបតេយ្យពហុបក្ស ដែលរបបក្រុងភ្នំពេញ តែងអះអាងថា មានគណបក្សនយោបាយចំនួន២០ ចូលរួមក្នុងការបោះឆ្នោតនោះ លោក ទេព មនោរម្យ បានពន្យល់ថា៖
«យើងអាចហៅថាប្រជាធិបតេយ្យពហុបក្ស លុះត្រាតែគណបក្សប្រឆាំងហ្នឹង មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីប្រជាពលរដ្ឋកម្ពុជា និងមានអសនៈនៅក្នុងរដ្ឋសភាផង។ តែគណបក្សទាំង១៨-១៩ដែលចូលរួម [ប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា] ហ្នឹង មានគណបក្សខ្លះទើបបង្កើតបានបីខែ ហើយយកទៅចូលរួម ជាគណបក្សក្លែងក្លាយ (…) មិនអាចហៅថាពហុបក្សបានទេ។»
មន្ត្រី«CNRP អ៊ឺរ៉ុប»រូបនេះ បានបន្តថា៖
«យើងទាមទារឲ្យបារាំង ដែលជាប្រទេសហត្ថលេខីហ្នឹង កុំទទួលស្គាល់របបលោក ហ៊ុន សែន ដូចបារាំងបានបដិសេធមិនទទួលស្គាល់ លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅប្រទេសវេណេស៊ុយអេឡា ហើយបារាំងបានទទួលស្គាល់គណបក្សប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido)។ យើងចង់ឲ្យបារាំងដើរតួនាទីដូចគ្នា ព្រោះប្រទេសកម្ពុជា និងប្រទេសវេណេស៊ុយអេឡា មានស្ថានភាពដូចគ្នា។ យើងចង់ឲ្យបារាំងហ្នឹងធ្វើសេចក្ដីថ្លែងការណ៍ កុំទទួលស្គាល់របបលោក ហ៊ុន សែន ហើយទទួលស្គាល់គណបក្សប្រឆាំង ហើយទាមទារឲ្យមានការបោះឆ្នោត ដូចវេណេស៊ុយអេឡាអញ្ចឹងដែរ។»
ក្នុងពេលរាត្រីនេះ មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជា ឬមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ដើម្បីធ្វើប្រតិកម្មតបនឹងបាតុកម្មខាងលើ របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះបានទេ។
ប៉ុន្តែរាល់បាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅស្រុក ដែលត្រូវបានរៀបចំធ្វើ ក្នុងពេលកន្លងមក តែងត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា នោះគ្រាន់តែជាសម្លេងតិចតួច ដែលគ្មានឥទ្ធិពលសម្រាប់រដ្ឋាភិបាលកម្ពុជា ឬជំនួសឲ្យសម្លេងឆ្នោត របស់ពលរដ្ឋក្នុងស្រុក នោះឡើយ។ កាលពីពេលថ្មីៗនេះទៀតសោធ ក្រសួងការបរទេសកម្ពុជា ក៏បានបានចេញសេចក្ដីថ្លែងការណ៍មួយដែរ បដិសេធការប្រៀបធៀបប្រទេសកម្ពុជា ទៅនឹងប្រទេសវេណេស៊ុយអេឡា ដោយពន្យល់ថា ប្រទេសទាំងពីរមានប្រព័ន្ធនយោបាយ និងការដឹកនាំខុសគ្នា៕