កម្ពុជា

អ្នកវិនិយោគចិន រងការព្រមានដោយចំហរនិងធ្ងន់ៗពី សម រង្ស៊ី

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញសារខ្លាំងៗមួយ នៅព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមានក្រុម«អ្នកវិនិយោគចិន និងជនជាតិចិន» ថាព្រឹត្តិការណ៍នយោបាយថ្មី អាចនឹងផ្ទុះឡើងប្រឆាំងពួកគេ ពីសំណាក់ប្រជាជនកម្ពុជា ប្រសិនជាពួកគេទាំងនោះ នៅតែ«ព្រហើន» និង«បំពាន»មកលើខ្មែរម្ចាស់ស្រុក។

នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី បានអះអាងប្រាប់ក្រុមអ្នកវិនិយោគ និងជនជាតិចិន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ថាស្ថានការណ៍នយោបាយ «នឹងកាន់តែតានតឹងឡើងៗ» ហើយ «ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ»។

លោក សម រង្ស៊ី ដែលអះអាងនឹងវិលចូលកម្ពុជាវិញ ក្នុងឆ្នាំ២០១៩នេះ បានបញ្ជាក់ពីមូលហេតុ នៃការលើកឡើងខាងលើថា៖

«ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូររបប ហ៊ុន សែន ចេញ។»

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេសបានបន្តថា ផលប្រយោជន៍របស់បណ្ដាជនចិនទាំងនោះ តម្រូវឲ្យពួកគេត្រូវពិនិត្យឡើងវិញ នូវរាល់សកម្មភាព និងគម្រោងទាំងឡាយ ហើយដោះស្រាយបញ្ហាទាំងឡាយ ដែលបណ្ដាជនចិនទាំងនេះ បានបង្កឲ្យពលរដ្ឋខ្មែរជាអ្នករងគ្រោះ។ លោកបន្តថា៖

«ពួកគេត្រូវតែប្រគល់សងឲ្យម្ចាស់ដើមវិញ នូវដីធ្លី ដែលពួកគេបានឃុបឃិតជាមួយអាជ្ញាធរផ្តាច់ការ និងពុករលួយ នៅពេលមករឹបអូសដីធ្លីទាំងនោះ ពីពលរដ្ឋខ្មែរ។ ពួកគេត្រូវតែបិទបនល្បែងស៊ីសង (កាស៊ីណូ) ដែលពួកគេបានបើកព្រោងព្រាត នៅស្រុកយើង ហើយពួកគេត្រូវតែយកចេញពីស្រុកខ្មែរ នូវក្រុមចោរម៉ាហ្វៀរ (Mafia) និងបនជនពាលកាប់ចាក់ ដែលពួកគេបាននាំមកជាមួយ “[ការ]វិនិយោគ” និងសកម្មភាពផ្សេងៗ របស់ពួកគេ។»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានប្រើពាក្យខ្លាំងៗ ព្រមានបណ្ដា«អ្នកវិនិយោគចិន» ដូច្នេះថា៖

«ជនជាតិចិនទាំងនោះ ត្រូវដឹងថា ពួកគេបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល មានការក្តៅក្រហាយចំពោះពួកគេ។ ដូច្នេះ ជាការប្រុងប្រយ័ត្នដ៏ត្រឹមត្រូវ បើពួកគេឈប់បំពានមកលើជនជាតិខ្មែរ ឈប់ព្រហើន ហើយចេះសម្តែងការគោរពខ្លះ ចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក។ បើមិនយ៉ាងដូច្នោះទេ ពួកជនជាតិចិនទាំងនោះ អាចប្រឈមមុខពីការផ្ទុះកំហឹង ពីសំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍នយោបាយថ្មី នឹងកើតមានឡើងក្នុងឆ្នាំ ២០១៩ នេះ។»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។