កម្ពុជា

ក្រសួងវប្បធម៌​អំពាវនាវ​ឲ្យប្រើ​ទិវា​«នៃក្ដីស្រឡាញ់»​ស្របតាម​ប្រពៃណីខ្មែរ

«សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវា [ នៃក្ដីស្រឡាញ់ ]នេះ ឲ្យស្របតាមគន្លងប្រពៃណី ដ៏ត្រកាលរបស់ខ្មែរ» នេះ ជាខ្លឹមសារនៃសេចក្ដីអំពាវនាវមួយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបនឹងចេញផ្សាយ នៅមុននេះបន្តិច។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ថា ទិវានៃក្ដីស្រឡាញ់ ដែលប្រព្រឹត្តិធ្វើនៅថ្ងៃទី១៤ ខែកុម្ភៈ បានជ្រៀតចូលមកក្នុងសង្កមកម្ពុជា ហើយត្រូវបានមនុស្សមួយចំនួន ទទួលយកនិងប្រើប្រាស់ ដោយភ័ន្ដច្រឡំ នាំឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយ។

សេចក្ដីអំពាវនាវបានបន្តថា ទិវា«នៃក្ដីស្រឡាញ់»នេះ គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្ដីស្រឡាញ់ ប្រកបដោយភាពទូលំទូលាយ និងសន្ដានចិត្តស្មោះសរ ជាមួយមនុស្សនៅជុំវិញខ្លួន។

គេមិនឃើញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីជំរុញការប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីនោះទេ ដែលខុសគ្នាបន្តិចពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញសេចក្ដីណែនាំមួយ កាលពីសប្ដាហ៍មុន បង្ហាញពីវិធានការទប់ស្កាត់៤ចំណុច ទៅដល់យុវជន សិក្សានុសិស្សក្នុងព្រះរាជាណាចក្រ។

វិធានការទប់ស្កាត់ទាំង៤ចំណុចនោះ រួមមាន៖

១) ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់។

២) ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃ ក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឹងម៉ាក់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។

៣) ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ដសកម្មភាព «មិត្ដអប់រំមិត្ដ»។

៤) ត្រូវធ្វើការទំនាក់ទំនងជិតស្និទ្ធ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ដដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕ 

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។