កម្ពុជា

អាជ្ញាធរ​ចិន​រកឃើញ​បុរសចិន​ផ្ទុក​«Covid-19»​ម្នាក់​ទៀត ចេញពី​កម្ពុជា

ជនជាតិចិនមួយរូប អាយុ៣៧ឆ្នាំ ដែលធ្វើដំណើរ ចេញពី​កម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ត្រូវបានអាជ្ញាធរនៃក្រុង ស៊ិនជិន (Shenzhen) ប្រទេសចិន ធ្វើតេស្ដិ៍រកឃើញ ថាបានឆ្លងជំងឺ «Covid-19» និងបញ្ជូន​ទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។

គណៈកម្មការសុខភាព របស់ក្រុង ស៊ិនជិន បានប្រកាស នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ ចេញផ្សាយក្នុងថ្ងៃទី១៤ ខែមេសានេះថា បុរសចិនខាងលើ បានចូល​មកកាន់ក្រុង ក្វាងចូវ តាមជើងយន្ដហោះ «LQ908» និងត្រូវបានផ្ទេរ ទៅកាន់ក្រុង ស៊ិនជិន នៅថ្ងៃទី១១ ខែមេសា ដោយតម្រូវឱ្យដាក់នៅ ដោយឡែកពីគេ ដើម្បីការធ្វើតេស្ដិ៍។

លុះនៅថ្ងៃទី១២ ខែមេសា លទ្ធផលនៃការធ្វើតេស្ដិ៍ បានបញ្ជាក់ថា បុរសរូបនោះ មានផ្ទុកមេរោគ «Covid-19»។

របាយការណ៍បន្តថា នៅពេលនេះ ពលរដ្ឋចិនខាងលើ ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ដាច់ដោយឡែកពីគេ ខណៈអ្នកដែលប៉ះពាល់ ជាមួយជនជាតិចិនរូបនេះ គឺជាមនុស្សជាច្រើននាក់ ដែលបានរួមដំណើរ តាមជើងយន្តហោះ «LQ908»។

ករណីរកឃើញខាងលើ បានបន្ថែមពីលើរបាយការណ៍ជាច្រើន ក្នុងពេលកន្លងមក ដែលអះអាងថា មានជនជាតិចិន ជនជាតិជប៉ុន និងជនបរទេសច្រើននាក់ ត្រូវបានរកឃើញថា ពួកគេបានឆ្លងជំងឺ «Covid-19»​ បន្ទាប់ពីពួកបានចាកចេញពីកម្ពុជា។ ប៉ុន្តែជាទម្លាប់រៀងរាល់ដង ករណីរកឃើញនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល ដោយចាត់ទុកថា អ្នកជំងឺទាំងនោះ បានឆ្លងជំងឺនេះ នៅតាម«ផ្លូវ» នៃការធ្វើដំណើររបស់ពួកគេ។

មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាបានបញ្ចេញ«តួលេខផ្លូវការ» ថាខ្លួនមានករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ១២២នាក់។ របាយការណ៍ផ្លូវការដដែល បានអះអាងថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៩១នាក់ និងបានទទួលស្គាល់ថា មានការឆ្លង​នៅក្នុងសហគមន៍ តែនៅក្នុងទំហំតូច។

សម្រាប់ អ្នកស្រី លី អៃឡាន (Li Ailan) មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំ​នៅ​កម្ពុជា​ បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន កាលពីថ្ងៃ​ច័ន្ទ​ ទី១៣ ខែមេសានេះ ​អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវត្រៀម​ខ្លួន សម្រាប់​ការ​ឆ្លងរីករាលដាល ជាលក្ខណៈ​ទ្រង់ទ្រាយ​ធំ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។