ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានប្រតិកម្មនៅមុននេះ តបទៅការបង្ហោះមួយ កាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុក របស់ស្ថានទូតសហរដ្ឋអាមេរិក ដែលអះអាងថា ទំនាក់ទំនង«ពាណិជ្ជកម្មកម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេសកម្ពុជាខ្លួនឯង។
ស្ថានទូតចិនបានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីពន្យល់«មិត្តកម្ពុជា» អំពីអ្វីដែលស្ថានទូតនៃប្រទេសកុម្មុយនីស្ដិ៍ ចោទស្ថានទូតអាមេរិកថា «កំពុងបង្កបញ្ហាម្ដងហើយ ម្ដងទៀត»។ ស្ថានទូតចិនបានសរសេររៀបរាប់ថា៖
«វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភព នៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរ ហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូល នូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើន ពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញ ផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។»
កាលពីម្សិលម៉ិញ ស្ថានទូតអាមេរិកបានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអមមកជាមួយ នូវរូបភាពតួលេខ ដែលនិយាយពីឱនភាពពាណិជ្ជកម្ម ដ៏ធំធេង ដែលកម្ពុជាមាន ជាមួយប្រទេសចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាពអ៊ឺរ៉ុប។
ស្ថានទូតអាមេរិក បានសរសេរថា៖
«ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយ ដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»
សម្រាប់មហាអំណាចកុម្មុយនីស្ដិ៍ មិនគិតថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ត្រូវសម្រេចនៅត្រឹមវិស័យពាណិជ្ជកម្មនោះឡើយ។ ស្ថានទូតរបស់មហាអំណាចតំបន់មួយនេះ នៅបានលើកឡើងអំពីអ្វី ដែលខ្លួនបានកសាង នៅកម្ពុជា និងបានសួរទៅសហរដ្ឋអាមេរិកវិញថា បានធ្វើអ្វីខ្លះហើយ សម្រាប់ប្រទេសកម្ពុជា? ស្ថានទូតសរសេរថា៖
«ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្ម នោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវ ចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុប ជាង ៣,០០០គីឡូម៉ែត្រ។ ចុះតើសហរដ្ឋអាមេរិកវិញ ធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជា សម្រាប់វិស័យមួយនេះ?»
ស្ថានទូតចិនប្រជាមានិត បានបន្តថា៖
«ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់ នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិក បានធ្វើអ្វីខ្លះដែរ?»
មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម…
Publiée par Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 sur Samedi 20 avril 2019