កម្ពុជា

«សង្គមស៊ីវិល»ជិត១០០ បារម្ភ​ពីការវិលទៅអតីតកាល បើបាត់​«EBA-GSP»

ក្រុមអ្នកវិភាគ-អ្នកឃ្លាំមើល រួមនឹងអង្គការ​-សង្គមស៊ីវិល ប្រមាណជា៨៥នាក់/ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃនេះ សំដែងការព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយពីអ្វីមួយ ដែលពួកគេទាំងនេះ បានអះអាងថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ត្រូវបានធ្លាក់ចុះ។

សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា ការធ្លាក់នៃការគោរពសិទ្ធមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យនោះ កើតមានចាប់តាំង ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ ដោយក្រុមអ្នកនយោបាយមួយក្រុម ដែលមានអ្នកគាំទ្រ ជិតពាក់​កណ្តាលប្រទេស ត្រូវបានរំលាយ និងហាមឃាត់ ធ្វើសកម្មភាពនយោបាយ មិនឱ្យចូលរួមការបោះឆ្នោត ឆ្នាំ២០១៨ រួមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដល់អង្គការសង្គមស៊ីវិលថា មាននិន្នាការបដិវត្តន៍ពណ៌។

ក្រុមវិភាគ-អ្នកឃ្លាំមើលទាំងនោះ បានអះអាងថា ប្រសិនបើស្ថានភាពនេះ នៅតែបន្ត អាចនាំឱ្យកម្ពុជាប្រឈម នឹងទណ្ឌកម្មសេដ្ឋកិច្ច អសន្តិ​សុខនិងអស្ថេរភាព ដូចអតីតកាលជាមិនខាន។

សេចក្ដីថ្លែងការណ៍នោះ បានអំពាវនាវឲ្យចូលរួមការពារ និងលើកតម្កើង នូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ហើយជំរុញឲ្យរដ្ឋាភិបាល គប្បីចរចាជាមួយសហភាពអ៊ឺរ៉ុប និងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ និងស្ដារប្រជាធិបតេយ្យ ជាពិសេសដើម្បីចៀសវាង ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «EBA» របស់សហភាពអ៊ឺរ៉ុប និង«GSP» របស់សហរដ្ឋអាមេរិក ដែលបានផ្ដល់គុណប្រយោជន៍ សម្រាប់កម្ពុជា៕

សេចក្តីថ្លែងការណ៍រួម អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពលរដ្ឋខ្មែរមួយចំនួន…

Publiée par COMFREL sur Dimanche 2 juin 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។