កម្ពុជា

កម្ពុជា​​នឹងនាំ​អង្ករ​ស ចេញទៅ​បរទេស​វិញ ចាប់ពីថ្ងៃ​២០ឧសភា

ប្រទេសកម្ពុជា បានសម្រេចបើកការនាំអង្ករស ចេញទៅ​បរទេស​វិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ខាងមុខតទៅ។ នេះ បើតាមលិខិតមួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា។

ការបើកឲ្យមាន ការនាំចេញឡើងវិញនេះ ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្អាក ការនាំអង្ករសចេញ កាលពីចុងខែមីនា ក្រោមហេតុផល ដើម្បី រក្សាស្បៀង នៅក្នុងដំណាក់កាល នៃវិបត្តិជំងឺ«Covid-19»។

លិខិត​របស់ក្រសួង ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្ញើជូន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​​ដោយសរសេរឲ្យដឹងថា តប​តាម​សំណើ​របស់ «CRF» រដ្ឋាភិបាល​សម្រេច​ ផ្តល់​ការអនុញ្ញាត ​ឲ្យ​ធ្វើ​ការនាំចេញ​អង្ករស​ ជា​បណ្តើរៗ​ឡើងវិញ តាម​កិច្ចសន្យា​បញ្ជា​ទិញ ​ពី​ក្រៅប្រទេស​ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​ឧសភា​តទៅ​។

ភ្លាមៗ បន្ទាប់ពីបានទទួលលិខិតនោះ «CRF» ក៏បានជូនដំណឹងខាងលើ ទៅដល់រោង​ម៉ាស៊ីន​កិនស្រូវ និងក្រុមហ៊ុននាំចេញ ដែលជាសមាជិករបស់ខ្លួន ផងដែរ។

សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ប្រកាស កាលពី​ពេល​ថ្មី​ៗ​ នេះ​ថា ​ក្នុងរយៈ​ពេល​៤ខែ​ដំបូង​ នៃ​ឆ្នាំ​២០​២០នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ ទៅ​ក្រៅ​ប្រទេស​ បាន​ជាង​៣០​ម៉ឺន​តោន គឺកើន​ឡើង​ប្រមាណ​៤១% ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០​១៩​៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: Hun SenRice