កម្ពុជា

កម្ពុជា ៖ អ្នកនាំពាក្យថា អ្នកឆ្លង​«Covid-19»អាចមាន​ជាង១០០នាក់

តួលេខផ្លូវការ ដែលបញ្ចេញឲ្យដឹង បានបង្ហាញថា ប្រទេស«កម្ពុជា»មានអ្នកឆ្លងមេរោគ «Covid-19» ចំនួន៣៥នាក់ បើរាប់មកទល់នឹងម៉ោងនេះ។ ចំនួនអ្នកឆ្លងមេរោគ ទាំង៣៥នាក់ ត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដិ៍ ទៅលើករណីសង្ស័យចំនួន ១១១២នាក់។

តែអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានសំដែងក្ដីបារម្ភថា ចំនួនអ្នកឆ្លងមេរោគខាងលើ អាចមានចំនួនលើសនេះ ៣ដង បើគ្រាន់តែគណនាថា គ្រួសារមួយ​នៃអ្នកជំងឺម្នាក់ មានសមាជិកយ៉ាងហោច ៣នាក់ ដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ។

ការថ្លែងរបស់អ្នកស្រី ឱ វណ្ណឌីន ធ្វើឡើងក្នុងព្រឹកថ្ងៃពុធ ទី១៨ ខែមីនានេះ ដើម្បីឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មាន ដែលចង់ដឹងថា តើក្រសួងសុខាភិបាលបានធ្វើការប៉ាន់ប្រមាណឬទេថា តើអ្នកឆ្លងមេរោគ«កូរូណា»ថ្មី ឬ«Covid-19» អាចនឹងកើនដល់ចំនួនប៉ុន្មាន។

អ្នកស្រីអ្នកនាំពាក្យ និងមានឋានៈជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលរូបនេះ បានពន្យល់ថា នៅប្រទេសកម្ពុជា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺរលាកផ្លូវដង្ហើម​ប្រភេទថ្មី ឬ«Covid-19» អាចនឹងឆ្លង ទៅដល់ក្រុមគ្រួសាររបស់អ្នកជំងឺ។

អ្នកនាំពាក្យបានបញ្ជាក់ថា ចំនួនអ្នកឆ្លងអាចគណនាបាន ដោយគិតជាមធ្យម ក្នុងមួយគ្រួសារមានសមាជិក៣នាក់។ ដូច្នេះគេអាចគុណ នឹងចំនួនអ្នកជំងឺ ចំនួន៣៥នាក់ នោះអ្នកឆ្លងមេរោគនេះ អាចមានចំនួនលើសពី១០០នាក់។

អ្នកស្រីបន្តថា យ៉ាងណា ក្រសួងសុខាភិបាល កំពុងខិតខំទប់ស្កាត់ កុំឲ្យមានការចម្លងបន្ដទៅទៀត។ គិតមកដល់វេលានេះ មិនទាន់មានការចម្លងណាមួយ ចូលទៅសហគមន៍នៅឡើយទេ ខណៈអ្នកជំងឺទាំងអស់ខាងលើ នេះគឺជាអ្នកជំងឺនាំចូល ពីក្រៅប្រទេស ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាល៕

រហូតម៉ោង​ ១២​ថ្ងៃ​ត្រង់ ថ្ងៃទី​ ១៨​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID19-19 សរុបទាំងអស់ចំនួន​ ៣៥ករណី​,​…

Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Tuesday, March 17, 2020
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: CoronaVirus