អ្នកជំនាញ អ.ស.ប (អង្គការសហប្រជាជាតិ) ក្នុងវិស័យសិទ្ធិមនុស្ស មួយក្រុម បានចេញសេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងជាថ្មីទៀត ព្រមានថា ច្បាប់ថ្មី ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតប ទៅនឹងហានិភ័យ ដោយការរាតត្បាត នៃជំងឺ«Covid-19» រំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់ជាបទព្រហ្មទណ្ឌ ចំពោះការជួបប្រជុំដោយសន្តិវិធី។
ការព្រមានរបស់ក្រុមអ្នកជំនាញ អ.ស.ប ចំនួន៩នាក់ ជាពិសេសមានអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មួយរូបផង ធ្វើឡើងបន្ទាប់ពីលិខិតមុន របស់ក្រុមអ្នកជំនាញទាំងនោះ ដែលត្រូវបានផ្ញើរ ទៅកាន់រដ្ឋាភិបាលកម្ពុជា តាំងពីថ្ងៃទី០៩ ខែមេសា មិនមានការឆ្លើយតប ជាវិជ្ជមានត្រឡប់មកវិញ។
ក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ ក្នុងថ្ងៃសុក្រទី១៧ ខែមេសា ពីក្រុងហ្សឺណែវ (ស្វីស) ក្រុមអ្នកជំនាញ របស់អង្គការពិភពលោក បានបន្តសង្កត់ធ្ងន់ថា «វិធានការនានា ដែលដាក់ចេញ ក្នុងស្ថានភាពមានអាសន្ន ត្រូវតែជាការចាំបាច់ និងសមាមាត្រ ទៅនឹងវិបត្តិ នានា ដែលត្រូវស្វែងរកដំណោះស្រាយ»។
អ្នកជំនាញ អ.ស.ប បានលើកឡើងថា ពាក្យដែលប្រើប្រាស់ នៅក្នុងច្បាប់ថ្មី មានន័យ«ទូលាយ» ដែលអាចឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន យកទៅប្រើ ដើម្បី«រំលោភលើសិទ្ធិឯកជន និងរឹតត្បិត ដោយមិនចាំបាច់ នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពខាងសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធី»។
សេចក្ដីថ្លែងការណ៍ បានបរិហារច្បាប់ថ្មីថា៖
«ផ្តល់អំណាចទូលំទូលាយ ដល់រដ្ឋាភិបាលក្នុងរយៈពេល ៣ ខែដំបូង រួមមានការរឹតត្បិត និងការហាមឃាត់ លើការចែកចាយព័ត៌មាន និងវិធានការសម្រាប់ “ការតាមឃ្លាំមើល និងតាមដាន តាមគ្រប់មធ្យោបាយ”។»
អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ត្រូវបានស្រង់សំដី មកបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖
«ការដាក់ទោសទណ្ឌ និងការផាកពិន័យ គួរតែស្រប ទៅនឹងស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្ត ដោយពិចារណា ទៅលើស្ថានភាពសេដ្ឋកិច្ច របស់បុគ្គលម្នាក់ៗ។ បញ្ហានេះ ពាក់ព័ន្ធជាពិសេស សម្រាប់អ្នកគ្មានការងារធ្វើ និង/ឬ មិនអាចរកប្រាក់ចំណូលបាន ដោយសារតែវិធានការបន្ទាន់នេះ។»
អ្នកស្រីបន្តថា៖
«អាជ្ញាធរកម្ពុជា គួរតែចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា ក្នុងការទទួលបាន សេវាសុខភាពសមរម្យ និងអនុម័តវិធានការពិសេស សម្រាប់បុគ្គល និងក្រុមនានា ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ រួមទាំងអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ ជនពិការ មនុស្សចាស់ជរា ជនជាប់ឃុំ ប្រជាជនក្រីក្រនៅតាមជនបទ ជនជាតិដើមភាគតិច និងជាតិពន្ធុភាគតិចជាដើម។»
អ្នកស្រី ស្មីត បានមានប្រសាសន៍ទៀតថា ទណ្ឌកម្ម និងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ថ្មីនេះចំពោះនីតិបុគ្គល ក៏អាចរួមបញ្ចូលផងដែរ នូវសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សទាំងឡាយ ដែលប្រតិបត្តិការ នៅក្នុងបរិយាកាសមួយដែលមានការរឹតត្បិតខ្លាំងរួចទៅហើយ។ អ្នកស្រីថា៖
«ស្ថានភាពអាសន្ន គួរតែត្រូវបានណែនាំ ដោយគោលការណ៍សិទ្ធិមនុស្ស ហើយទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនគួរយកធ្វើជាលេស ឬជាការដោះសារណាមួយ ចំពោះការបង្ក្រាប ក្រុមអ្នកមានមតិប្រឆាំង ឬផលប៉ះពាល់មិនសមាមាត្រា និងអវិជ្ជមាន ដល់ក្រុមណាមួយផ្សេងទៀតឡើយ។»
ក្រុមអ្នកជំនាញ ដែលចូលរួមចេញសេចក្តីថ្លែងការណ៍ខាងលើ រួមមាន៖