ការប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» មិនមែនជាសេចក្ដីសម្រេចចុងក្រោយ របស់សហភាពអ៊ឺរ៉ុប ដែលថានឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្នុងពេលនេះទេ។ ប៉ុន្តែសម្រាប់សហភាពអ៊ឺរ៉ុប វាជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅកាន់ទិសដៅនោះ ប្រសិនណាជាប្រទេសកម្ពុជា មិន«ស្ដារស្ថានភាព»ឲ្យល្អប្រសើរវិញទេ។
ដូចអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម បានពន្យល់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីម្សិលម៉ិញអះអាងថា ការបើកនីតិវិធីផ្លូវការ ក្នុងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វាការចាប់ផ្ដើមរាប់ថ្ងៃជាផ្លូវការ សម្រាប់រយៈពេល៦ខែ ដែលសហភាអ៊ឺរ៉ុប ត្រូវឃ្លាំមើលប្រទេសកម្ពុជា យ៉ាងដិតដល់និងជាក់លាក់ ហើយវិធានការចាំបាច់ទាំងអស់ (ពីសំណាក់អាជ្ញាធរកម្ពុជា) ត្រូវដាក់ឲ្យចេញជារូបរាង ក្នុងរយៈពេលនេះ។
អ្នកស្រី ម៉ាលស្ត្រម បានថ្លែងព្រមាននៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖
«នៅពេលយើងនិយាយថា គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុប ផ្អែកទៅលើគុណតម្លៃ [នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ] មិនមែននិយាយ ឲ្យរួចតែពីមាត់នោះទេ។»
ដោយអះអាងថា សហភាពអ៊ឺរ៉ុបនៅតែបើកទ្វា ដើម្បីជជែកជាមួយកម្ពុជានោះ អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម បានឲ្យដឹងទៀតដូច្នេះ៖
«យើងមានមោទនភាពណាស់ ព្រោះយើងជាលំហរទីផ្សារមួយ នៃលំហរទីផ្សារពិភពលោក ដែលបើកចំហជាងគេ សម្រាប់បណ្ដាប្រទេស ដែលមិនសូវមានការរីកចម្រើន ហើយមានភស្តុតាងច្រើនណាស់ ដែលបង្ហាញថា ការនាំចេញទៅកាន់លំហរទីផ្សារដ៏ធំ របស់សហភាពអឺរ៉ុប អាចផ្តល់នូវសន្ទុះសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ប្រទេសទាំងនោះ។ ជាការឆ្លើយតបវិញ យើងគ្រាន់តែស្នើឲ្យប្រទេសទាំងនោះ គោរពនូវគោលការណ៍ជាមូលដ្ឋានគ្រឹះមួយចំនួន។»
ខាងក្រោមនេះ ជាកាលវិភាគនៃនីតិវិធីរបស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» របស់ខ្លួន៖
១) ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរនៃប្រទេសកម្ពុជា មានពេល៦ខែ ដើម្បី«ស្ដារស្ថានភាព» ដោយបង្ហាញនូវចំណាត់ការជាក់លាក់ ក្នុងការវិលទៅកាន់វិថី នៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ រយៈពេលនេះ សហភាពអ៊ឺរ៉ុបនឹងឃ្លាំមើលប្រទេសកម្ពុជា យ៉ាងដិតដល់ជាងពេលណាៗទាំងអស់។
២) បន្ទាប់មកសហភាពអ៊ឺរ៉ុប ត្រូវការពេល៣ខែទៀត ដើម្បីរៀបចំរបាយការណ៍មួយឡើង។
៣) គណៈកម្មការអ៊ឺរ៉ុប មានពេល៣ខែយូរបំផុត (ដែលមានន័យថា អាចលឿនជាងនេះ) ដើម្បីធ្វើការសម្រេចនៅទីបំផុតថា តើប្រទេសកម្ពុជា នឹងត្រូវព្យួរចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» ឬយ៉ាងណា។
៤) បើគណៈកម្មការអ៊ឺរ៉ុបសម្រេចថាត្រូវព្យួរ នោះការសម្រេចនេះនឹងចូលជាធរមាន នៅ៦ខែក្រោយ។
ដូច្នេះរាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះទៅ ពេលវេលាយូរបំផុតដែលសរុបទាំងការឃ្លាំមើល ការធ្វើរបាយការណ៍ ការសម្រេច និងទាំងការអនុវត្តន៍ មានរយៈពេល១៨ខែ ដើម្បីប្រព័ន្ធ «EBA» ត្រូវបានព្យួរជាស្ថាពរ ខណៈប្រទេសកម្ពុជា មានពេលតែ៦ខែដំបូងប៉ុណ្ណោះ សម្រាប់អនុញ្ញាតឲ្យសហភាពអ៊ឺរ៉ុប ដើរត្រឡប់ក្រោយវិញ៕