ទីបំផុត ក្រសួងសុខាភិបាលកម្ពុជា បានទទួលស្គាល់ជាផ្លូវការ ថាមានមន្ត្រីជាន់ខ្ពស់ បានឆ្លងជំងឺ«Covid-19» ហើយថាតួលេខនៃការឆ្លងជំងឺនេះ បានរាប់បញ្ចូលមន្ត្រីនោះ តាំងពីថ្ងៃទី១៨ ខែមីនាមកម្លេះ។
ប៉ុន្តែ ការប្រកាសទទួលស្គាល់នេះ បង្កើតភាពប្រទាំងប្រទើស ដោយសារតែ «បុរសម្នាក់» ដែលបានឆ្លងជំងឺនេះដំបូងគេ នៅរាជធានីភ្នំពេញ ត្រូវបានរាប់បញ្ចូល តាំងពីថ្ងៃទី១៤ ខែមីនាមកម្លេះ។ ប្រព័ន្ធឃោសនា របស់ក្រុងភ្នំពេញ ក៏បានពន្យល់ ពីបុរសដែលគេមិនស្គាល់ អត្តសញ្ញាណរូបនោះ អំពីការឆ្លងជំងឺ «Covid-19» តាំងពីពេលនោះមកដែរ។
នៅមុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារទទួលស្គាល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«យេីងបានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ ជនជាតិខ្មែរ ធ្វេីដំណេីរពីស្រុកបារាំង ដែលមានវិជ្ជមាន “COVID19” ក្នុងតារាងទិន្នន័យរួម តាំងពីថ្ងៃទី១៨ មីនា ២០២០ ម្លេះ (សូមពិនិត្យ ក្នុងតារាងចាស់គូសរង្វង់ក្រហម)។»
ស្ថាប័នជំនាញមួយនេះ របស់ក្រសួងសុខាភិបាលកម្ពុជា បានបន្តពន្យល់ថា៖
«យេីងគ្មានហេតុផលលាក់ទិន្នន័យ យេីងធ្វេីតាមជំនាញបច្ចេកទេស ដោយមានសហការជិតស្និទ្ធ ជាមួយអង្គការ “WHO” “USCCDC” និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។»
ដំណឹងដែលអះអាង ថាមានមន្ត្រីជាន់ខ្ពស់ របស់ប្រទេសកម្ពុជា បានឆ្លងជំងឺរលាកផ្លូវដង្ហើម ត្រូវបានទម្លាយឲ្យដឹង ដោយលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈខ្សែអាត់សម្លេងបែកធ្លាយមួយ។
លោក ហ៊ុន ម៉ានិត ខ្លួនឯង រួមនឹងក្រសួងការបរទេសកម្ពុជាផង បានចេញមុខថ្លែងតាមវិទ្យុអាស៊ីសេរីថា ព័ត៌មាននេះ គឺជាការពិត និងពន្យល់ទៀតថា មន្ត្រីជាន់ខ្ពស់រូបនេះ មានឋានៈជា«អគ្គនាយក» ដែលបានបំពេញបេសកកម្ម នៅប្រទេសបារាំង។
សម្លេងលោក ហ៊ុន ម៉ានិត បានអះអាងថា មន្ត្រីដែលឆ្លងជំងឺខាងលើ បានជួបជាមួយមន្ត្រីកម្ពុជាជាច្រើន ដែលអាចធ្វើឲ្យការឆ្លងរាលដាល មានច្រើននាក់ផ្សេងទៀត។ លោក ម៉ានិត ថ្លែងថា៖
«អគ្គនាយកម្នាក់ នៅក្រសួងការបរទេសបានឆ្លង ហើយមុនគាត់មកហ្នឹង គាត់ជួបជាមួយទូតយើង និងបាយជាមួយគ្នា បន្ទាប់មក គាត់ជួបជាមួយ នឹងមន្ត្រីក្រសួងការពារជាតិម្នាក់ ដែលគាត់ការងារសកម្មដែរ។ ដូច្នេះការរាលដាលច្រើនដែរ។ ការរាលដាលច្រើន។»
សារព័ត៌មានស្និតនឹងរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានធ្វើរបាយការណ៍ថា «បុរសជនជាតិខ្មែរ»ដំបូងគេ នៅរាជធានីភ្នំពេញ បានឆ្លងជំងឺ«Covid-19» ហើយត្រូវបានរាប់បញ្ចូល ក្នុងបញ្ជីអ្នកឆ្លងជំងឺ តាំងពីថ្ងៃទី១៤ ខែមីនាមក។ នៅថ្ងៃនោះ កម្ពុជាបានរាប់ករណីឆ្លង «Covid-19» ទើបតែមានចំនួន ១២នាក់ប៉ុណ្ណោះ។
មកដល់ម៉ោងនេះ ប្រទេសកម្ពុជា បានបញ្ចេញតួលេខផ្លូវការ អះអាងថា មានមនុស្ស ៥៣នាក់ បានឆ្លងជំងឺ «Covid-19» ហើយព្រមានថា ការឆ្លងរាលដាល អាចនឹងកើតមានបន្ថែម ទៅក្នុងសហគម៕