កម្ពុជាបានបញ្ចេញតួលេខផ្លូវការ នៃករណីឆ្លងមេរោគ «កូរូណា» ឬ «Covid-19» ចំនួន៤នាក់បន្ថែម ក្នុងយប់ថ្ងៃទី២៤ ខែមីនានេះ ដែលធ្វើឲ្យតួលេខអ្នកឆ្លងមេរោគ សរុបមានចំនួន ៩១នាក់។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ នៅមុននេះបន្តិច បានបញ្ជាក់ថា អ្នកជំងឺទាំងបួននាក់ ដែលត្រូវបានរកឃើញចុងក្រោយ ជាជនបរទេស ក្នុងនោះ ២នាក់ជាជនជាតិអង់គ្លេស និងពីរនាក់ជាជនជាតិបារាំង។ ពួកគេជាអ្នកដំណើរ ជិះនៅលើនាវា «Viking Cruise» ដែលចូលចតក្នុងខេត្តកំពង់ចាម។
ក្រសួងបានបញ្ជាក់ទៀតថា មកដល់ពេលនេះ មានអ្នកជំងឺជនជាតិខ្មែរ៤នាក់ ត្រូវបានព្យាបាលឲ្យជាសះ បន្ថែមពីលើជនជាតិបរទេសពីរនាក់ (ចិនម្នាក់ និងអង់គ្លេសម្នាក់) ដែលបានជាសះពីជំងឺនេះដែរ តាំងពីមុនមក។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ កម្ពុជាពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ពីការឆ្លង នៅក្នុងសហគមន៍នៅឡេីយទេ។ ប៉ុន្តែស្ថាប័នមួយនេះ បានព្រមានថា លទ្ធភាពនៃការឆ្លង ក្នុងសហគមន៍ នឹងអាចកេីតមានឡេីង ។
យ៉ាងណា ប្រទេសកម្ពុជានៅមិនទាន់អនុវត្តន៍ ការធ្វើតេស្ដិ៍ ទៅតំបន់សង្ស័យណាមួយ ទាំងមូលនៅឡើយ។ ការធ្វើតេស្ដិ៍ជាទូទៅ ដើម្បីស្វែងរក «អ្នកផ្ទុកមេរោគ» ក៏មិនត្រូវបានធ្វើ ទៅលើប្រជាជនកម្ពុជា ឬទៅលើក្រុមពលករចំណាកស្រុក ដែលវិលត្រឡប់ចូលក្នុងប្រទេសវិញដែរ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា អាជ្ញាធរកម្ពុជាមិនមានលទ្ធភាព ពិនិត្យសុខភាពរបស់ពលករ ត្រឡប់មកពីប្រទេសថៃវិញ ឱ្យបានដិតដល់ទេ។ ដោយហេតុនេះ ទើបលោកស្នើសុំគោលការណ៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចុះពិនិត្យនៅតាមភូមិស្រុកបន្ត ហើយអាចបិទការចេញចូល ជាបណ្តោះអាសន្ន ទៅលើភូមិស្រុកណា ដែលមានផ្ទុះជំងឺ «Covid-19» ខ្លាំង៕