កម្ពុជា

ប្រមុខការទូត​អង់គ្លេស លើកពី​​បញ្ហា​សិទ្ធិមនុស្ស ជាមួយ​សមភាគី​កម្ពុជា

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ពិតជាបាន​«លើកពី​​បញ្ហា​សិទ្ធិមនុស្ស» ជាមួយលោក ប្រាក់ សុខុន សមភាគីកម្ពុជា នៅក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ។

ប្រមុខការទូតអង់គ្លេស បានបញ្ជាក់ដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ដោយបង្ហោះភ្ជាប់ជាមួយ នឹងរូបថត​ច្រើន​សន្លឹក នៃជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា។ លោក រ៉ាអាប់ សរសេរឡើងថា៖

«រីករាយ ដែលបានជួប​រដ្ឋមន្ត្រីបរទេសកម្ពុជា លោក ប្រាក់ សុខុន ដើម្បីពិភាក្សា អំពីបញ្ហាជាអាទិភាពរួមរបស់យើង ដូចជា ទំនាក់ទំនងពាណិជ្ជកម្ម បញ្ហាសិទ្ធិមនុស្ស និងបញ្ហាក្នុងប្រទេសភូមា។»

លោក ដូមីនិក រ៉ាអាប់ មិនបានលំអិតបន្ថែម អំពីកិច្ចពិភាក្សា ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងជំនួបខាងលើទេ។ លោក​រដ្ឋមន្ត្រី​គ្រាន់តែបាន​បន្តថា៖

«ចក្រភពអង់គ្លេសទន្ទឹងរង់ចាំធ្វើការរួមគ្នា យ៉ាងជិតស្និទ្ធថែមទៀត ក្នុងខណៈពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២។»

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅមុននេះ មិនបានសរសេរ​ពីកិច្ច​ពិភាក្សា ជុំវិញបញ្​ហាសិទ្ធិមនុស្ស​ខាងលើទេ ផ្ទុយពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ​ក្រសួង​បរិស្ថាន ដែលបានអះអាង​ដូចគ្នា តាមបណ្ដាញសង្គមទ្វីសធើរ ថាកិច្ចពិភាក្សា លើកពី​​បញ្ហា​សិទ្ធិមនុស្ស ពិតជា​ស្ថិត​ក្នុងរបៀបវារៈ នៅក្នុងជំនួបរវាងប្រមុខការទូត នៃប្រទេសទាំងពីរ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​ នៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃត៍ ​វ៉ច្ឆ (​Human Rights ​Watch​) ​លោក​ ហ្វ៊ីល​ រ៉ូប៊ើតសុ​ន​ (​Phil​ Robertson​) បានលើកឡើងកាលពីព្រឹកម៉ិញថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តី​ការបរទេសអង់គ្លេស គួរលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ក្នុងនោះ​រាប់ទាំងអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស ដែល​រងការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសកម្ពុជា និងទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវដោះលែង​សកម្មជន​ទាំងនោះ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។