បាល់ទាត់

រ៉ូណាល់ដូ រកគ្រាប់បាល់​បាន១០៩​គ្រាប់ សម្រាប់ក្រុម​ជម្រើសជាតិ

សម្រាប់ក្រុម​ជម្រើសជាតិ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្យ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់​បាន១០៩គ្រាប់ ស្មើកីឡាករ«Ali Daei» អតីត​ខ្សែប្រយុទ្ធ​ជាតិអៀរ៉ង់ ដែល​មុន​មកដល់ថ្ងៃនេះ ជាកីឡាករដែលរកគ្រាប់បាល់​ បានច្រើនជាងគេ ក្នុងប្រវត្តិក្រុម​បាល់ទាត់​ជម្រើសជាតិ​នានា នៅក្នុង​ពិភពលោក។

គ្រាប់បាល់ទី១០៨ និងទី១០៩ ត្រូវបានកីឡាករ រ៉ូណាល់ដូ អាយុ៣៦ឆ្នាំ រកបាល់ក្នុងយប់ថ្ងៃពុធ ទី២៣ ខែមិថុនា​នេះ ពីក្នុងការប្រកួត វគ្គជម្រុះក្នុងពូល«F» រវាងក្រុមព័រទុយហ្គាល់ និងក្រុមមាន់គកបារាំង ដែលទទួលលទ្ធផល នៅទីបំផុត​ដោយគ្រាប់បាល់ ២-២។

លទ្ធផលស្មើខាងលើ អនុញ្ញាតឲ្យក្រុមទាំងពីរ (បារាំងជាប់លេខ១ ខណៈព័រទុយហ្គាល់ជាប់លេខ២ នៅក្នុងក្រុម) ទទួលបានសំបុត្រ ឡើងទៅទាត់នៅវគ្គ១/៨ (ឬវគ្គ១៦ក្រុម) ជាបន្តទៀត។

ចាប់ពីពេលនេះ ប្រសិនជាកំពូលខ្សែប្រយុទ្ធ ម្ចាស់បាល់មាស៥ជំនាន់ រកបានត្រឹមតែ១គ្រាប់បន្ថែមទៀត នៅក្នុង​ការប្រកួត​ខាងមុខ កីឡាកររូបនេះ នឹងក្លាយជាកីឡាករទាត់បាល់បញ្ចូលទី បានច្រើនជាងគេបំផុត ក្នុងប្រវត្តិ​បាល់ទាត់​ពិភពលោក (ក្របខណ្ឌក្រុមជម្រើសជាតិ)។

គ្រាន់តែនៅក្នុង​ព្រឹត្តិការណ៍ «Euro Cup 2020» ឆ្នាំ២០២១​នេះ កីឡាករ រ៉ូណាល់ដូ បានទាត់​បញ្ចូលទី បាន៥គ្រាប់ (១៤គ្រាប់ បើរាប់តាំង​ពីប្រកួតជម្រុះ​តាមតំបន់) ដែលជាគ្រាប់បាល់​​ច្រើនជាងគេ​បង្អស់ សម្រាប់ក្រុម​ជម្រើសជាតិ ។

ខាងក្រោមនេះ ជាឈ្មោះកីឡាករ ទាំង១០ និងតួលេខគ្រាប់បាល់ ដែលពួកគេររកបាន​ច្រើនជាងគេ ពីក្នុងការប្រកួត​ក្របខណ្ឌ​ក្រុម​ជម្រើសជាតិ៖

  • កីឡាករ«Ali Daei» ជាតិអៀរ៉ង់ រកបាន១០៩គ្រាប់ ពីចំណោម១៤៩ប្រកួត
  • កីឡាករ«Cristiano Ronaldo» ជាតិព័រទុយហ្គាល់ រកបាន់១០៩គ្រាប់ ពីចំណោម១៧៧ប្រកួត
  • កីឡាករ«Mokhtar Dahari» ជាតិម៉ាឡេស៊ី រកបាន៨៩គ្រាប់ ពីចំណោម១៤២ប្រកួត
  • កីឡាករ«Ferenc Puskás» ជាតិហុងគ្រី រកបាន៨៤គ្រាប់ ពីចំណោម៨៥ប្រកួត
  • កីឡាករ«Godfrey Chitalu» ជាតិហ្សំប៊ី រកបាន៧៩គ្រាប់ ពីចំណោម១១១ប្រកួត
  • កីឡាករ«Hussein Saeed» ជាតិអៀរ៉ាក់ រកបាន៧៨គ្រាប់ ពីចំណោម១៣៧ប្រកួត
  • កីឡាករ«Pelé» ជាតិប្រេស៊ីល រកបាន៧៧គ្រាប់ ពីចំណោម៩២ប្រកួត
  • កីឡាករ«Ali Mabkhout» ជាតិអារ៉ាប់អេមៀរ៉ាត់ រកបាន៧៦គ្រាប់ ពីចំណោម៩២ប្រកួត
  • កីឡាករ«Sándor Kocsis» ជាតិហុងគ្រី រកបាន៧៥គ្រាប់ ពីចំណោម៦៨ប្រកួត
  • កីឡាករ«Kunishige Kamamoto» ជាតិជប៉ុន រកបាន៧៥គ្រាប់ ពីចំណោម៧៦ប្រកួត៕
ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។