កម្ពុជា

ប្រ៊ែដ អាដាម៖ ច្បាប់ថ្មីនឹងឲ្យ ហ៊ុន សែន លួចស្ដាប់ទូរស័ព្ទ​ដោយស្របច្បាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានអាវុធយ៉ាងមុតស្រួច ក្នុងការ​«លួចស្ដាប់ទូរស័ព្ទ​ដោយស្របច្បាប់» ប្រសិនណាជាសេចក្ដីព្រាងច្បាប់ ស្ដីពីឧក្រិដ្ឋកម្ម​តាមអ៊ិនធើណែត (CyberCrim Law) ត្រូវបានអនុម័ត​ និងដាក់ឲ្យប្រើប្រាស់​ ជាធរមាន។ 

ខាងលើនេះ ជាការអះអាងឡើង របស់លោក ប្រ៊េដ អាដាម (Brad Adams) នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)​ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់អង្គការ​អន្តរជាតិ​មួយនេះ ក្នុងការទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ «បោះ​ចោល​ជា​បន្ទាន់» ​សេចក្តីព្រាងច្បាប់ខាងលើ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ នឹង​ក្លាយ​ជា​ឧបករណ៍​គំរាមកំហែង​ សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​​អ៊ីនធឺណិត ​និង​ការ​សម្តែង​មតិ​ តាម​បណ្តាញ​សង្គម​ដោយ​សេរី។

លោក ប្រ៊េដ អាដាម ត្រូវបានស្រង់សំដី យកមកចុះផ្សាយ ​ក្នុង​សេចក្តីថ្លែងការណ៍ថា៖

«លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អួតអាង ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ អំពី​ការ​លួច​ស្តាប់​ទូរស័ព្ទ​ និង​ការ​លួចចម្លង​អ៊ីមែល ​របស់​អ្នក​ដទៃ ហើយ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​តាក់តែង​ឡើង​នេះ នឹង​ផ្តល់​ភាព​ស្របច្បាប់ ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​បន្ថែម​ទៀត។»

​ក្នុងសេចក្តី​ថ្លែងការណ៍​ ចុះ​ថ្ងៃ​សុក្រទី​១៣ ​ខែ​វិច្ឆិកា អង្គការ «Human Rights Watch» ដែល​មាន​ស្នាក់ការធំ ​ក្នុង​ក្រុងញូយក សហរដ្ឋ​អាមេរិក បានអះអាងថា ​ខ្លួន​បាន​ទទួល​សេចក្តី​ព្រាងច្បាប់​នេះ ជា​កំណែ​ទី​៣​ ចុះ​ថ្ងៃ​ទី​៤ ​ខែ​សីហា ​ឆ្នាំ​២០២០ ហើយបានបន្ទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ថាមិនបានចែក​រំលែក​ សេចក្តីព្រាងច្បាប់​នេះ​ដល់​សាធារណជន ​ឬ​​ពិគ្រោះ​យោបល់ ​ជាមួយ​អង្គការ​សង្គមស៊ីវិលអ្វីឡើយ បើទោះជាក្រុងភ្នំពេញ ទទួលយោបល់​​ឯកជន ពីសហរដ្ឋអាមេរិកក្ដី។​

លោក ប្រ៊េដ អាដាម បន្តថា៖

«ពាក្យពេចន៍​ នៃ​សេចក្ដីព្រាង​ច្បាប់​មួយនេះ មាន​លក្ខណៈ​ទូលាយ និង​មិន​ច្បាស់លាស់​ខ្លាំង​ណាស់ ហើយនឹង​ផ្ដល់​អំណាច​បន្ថែម​ទៀត​ ទៅដល់​រដ្ឋាភិបាល ដែល​ផ្ដាច់ការ​ស្រាប់​ទៅ​ហើយ​នោះ ដើម្បី​កាត់ទោស ទៅលើ​អ្នករិះគន់ និង​គូប្រជែង​នយោបាយ។»

ក្នុងសេចក្ដីថ្លែងការណ៍ដដែល អង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏​បាន​អំពាវនាវ​ដែរ ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​និង​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ ផ្សេង​ទៀត ព្រម​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា ​និង​សារគមនាគមន៍​នានា ​ដែល​កំពុង​ដំណើរ​ការ​ ក្នុង​ប្រទេស​កម្ពុជា ក្នុងការទាមទារ​ឲ្យ​មាន​ការ​បោះបង់​ចោល​ នូវសេចក្តីព្រាង​ច្បាប់ខាងលើ ​ដ៏ប្រទាំងប្រទើស។

​មន្ត្រី​រដ្ឋាភិបាលក្រុងភ្នំពេញ​ ធ្លាប់លើកឡើងថា សេចក្តីព្រាង​ច្បាប់​​ស្ដីពីឧក្រិដ្ឋកម្ម​តាម​អ៊ិនធើណែត នឹងមិន​ប៉ះពាល់​​ដល់​សិទ្ធិ​ពលរដ្ឋ​ទេ លើកលែងតែបុគ្គលណាមួយ បានប្រើសិទ្ធិ​​របស់ខ្លួន រំលោភលើសិទ្ធិអ្នកដទៃ។

ការលើកឡើងកន្លងមក របស់លោក ប្រ៊េដ អាដាម ក៏តែងទទួលប្រតិកម្ម ពីមន្ត្រី​រដ្ឋាភិបាលកម្ពុជា​​មកវិញដែរ ដោយ​ពួកគេចាត់ទុកលោក អាដាម ថាជាភ្នាក់ងាររបស់​គណបក្ស​ប្រឆាំង ដែលជ្រកក្រោមផ្លាក​អង្គការ​សិទ្ធិមនុស្ស។

យ៉ាងណា ការលួចស្ដាប់ ឬលួចថតសំឡេង នៅកម្ពុជា តែងកើតមានជារឿងៗ ទៅលើ​ក្រុមអ្នករិះគន់ និងមន្ត្រី​គណបក្ស​ប្រឆាំង នៅខណៈពួកគេបានជជែកគ្នា តាមទូរស័ព្ទ ឬតាមរយៈសារ​ឯកជន ក្នុងពេលកន្លងមក។

ករណីចុងក្រោយបង្អស់ គឺទាក់ទងនឹងសារជាឯកជន នៅក្នុងការជជែកជាមួយ ធ្វើឡើង​តាមប្រព័ន្ធ «Messenger» នៃបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រព័ន្ធឃោសនា របស់លោក ហ៊ុន សែន បង្ហោះចេញជាសាធារណៈ។ សារសម្លេងនោះ ទំនងជាការទាក់ទង រវាងមន្ត្រី​ជាន់ខ្ពស់ របស់គណបក្សប្រឆាំង និងក្រុមស្ត្រីថ្ងៃសុក្រ ដែលតែង​ចេញមុខ​​ធ្វើបាតុកម្ម ដើម្បីទាមទារឲ្យដោះលែង​ស្វាមីរបស់ពួកគេ ពីពន្ធនាគារ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។