កម្ពុជា

គណៈកម្មាធិការ«ព្រំដែន»ថា CNRP ប្រឌិត​រឿងព្រំដែន និង​ផ្សព្វផ្សាយ​មិនពិត

គណៈកម្មាធិការចម្រុះកិច្ចការ«ព្រំដែន» បានច្រានចោលការចោទប្រកាន់ ដែលថា ផែនទី​ខ្នាត ១/២៥ ០០០ ជាផែនទីដែលគូសវាង ដោយប្រទេសវៀតណាម។ គណៈកម្មាធិការ​មួយ​នេះ ដែលមានលោក វ៉ា គឹមហុង ជាប្រធាន បានលើកឡើងថា គណបក្សសង្គ្រោះជាតិ​បាន​ប្រឌិតករណីនេះឡើង ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត និង​ក្នុង​គោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោល​ព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ជា«ការងារបច្ចេកទេសកម្រិតខ្ពស់» អនុវត្ត​ដោយក្រុមជំនាញ​នៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាម​ផែនទីបោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ​ក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្រប​តាម​មាត្រា​២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យ​បាត់​បង់​ទឹកដី​ទៅប្រទេសវៀតណាមឡើយ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអះអាង ពីតំបន់លើកលែងមួយចំនួន  ដែល​ពលរដ្ឋនៃ​ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បាននិងកំពុងរស់នៅដាំដុះ អាស្រ័យផល​មិន​ស្របតាមខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០.០០០ តែប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍ បានអះអាងទៀតថា ដើម្បីរក្សាទុកដីទាំងនោះជូនពលរដ្ឋខាងលើ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និង​វៀតណាម បានព្រមព្រៀងគ្នា រក្សាទុកដី​ទាំងនោះ ជូនពលរដ្ឋឱ្យបន្តរស់នៅ និង​កាន់កាប់​ជាបន្តទៀត ដោយយកគោលការណ៍ ដោះដូរដីមួយមួយ ឈរលើស្មារតី​គោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅមក និងសុខដុម​រមនារបស់ ពលរដ្ឋនៅតំបន់ព្រំដែន​នៃប្រទេស​ទាំងពីរ។

ផែនទី«ព្រំដែន» ដែលសម្ងាត់?

គណៈកម្មាធិការខាងលើ ដែលដឹកនាំដោយលោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី បានទទួលយក​ឯកសារផែនទី​ខ្នាត ១/២៥០០០ នេះ នៅក្នុងពិធីមួយ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅ​ច្រក​អន្តរជាតិម៉ុកបៃ (Moc Bai) ខេត្តតៃនិញ (ខេត្តរោងដំរី នៃទឹកដីកម្ពុជាក្រោម) ជាមួយនឹងសមភាគីវៀតណាម។

ខណៈប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានផ្សាយពីពិធីខាងលើ យ៉ាងព្រោងព្រាតនោះ ប្រព័ន្ធ​ឃោសនានៅកម្ពុជា មិនបានបញ្ចេញដំណឹងនេះ ផ្ដល់ជូនប្រជាជនកម្ពុជាទេ។ រហូត​លុះត្រា​ព័ត៌មាននេះ ត្រូវបានទម្លាយមុនគេ ដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ (ក្នុងយប់ថ្ងៃទី១ ខែសីហាដដែលនោះ) ទើបក្រុមលោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី បានបញ្ចេញ​ព័ត៌មាន​នេះ មកផ្សាយ​ជាផ្លូវការ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់រដ្ឋវៀតណាម ហៅថា «VNA» បានរាយការណ៍ថា៖

«ភាគីទាំងពីរបានផ្ទៀងផ្ទាត់ ពិនិត្យ និងឯកភាព លើផែនទីព្រំដែនចំនួន ៥០០សន្លឹក ដែលត្រូវបានចងក្រងឡើង រួមមាន ២៥០សន្លឹក ជាភាសាវៀតណាម-ខ្មែរ និង ២៥០ សន្លឹកជាភាសាខ្មែរ-វៀតណាម ដោយមានហត្ថលេខារបស់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ នៅជាមួយផង។ ភាគីទាំងពីរ បានរក្សាឯកសារផែនទីទាំងនោះ ចំនួន ២៥០សន្លឹក ក្នុងភាគីម្ខាងៗ។»

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាសេនាធិការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានអះអាងបន្តថា ផែនទីខ្នាត ១/២៥​០០០ ត្រូវបានធ្វើឡើងដោយកម្ពុជា និង​វៀតណាម ហើយដែល​ត្រូវបានភាគីទាំងសងខាង ប្រគល់ឱ្យក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក ជាអ្នកបោះពុម្ភ​តាមកិច្ច​ព្រមព្រៀងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែលក្រោយមក​ត្រូវបានផ្ទេរបន្ត​ទៅឱ្យ​ក្រុមហ៊ុន NIRAS Mapping A/S នៃប្រទេស​ដាណឺម៉ាក ដូចមានចែងនៅក្នុង​លិខិតប្រគល់សិទ្ធិ ចុះថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០១៣។

សេចក្ដីថ្លែងការណ៍ របស់ស្ថាប័នរដ្ឋាភិបាលកម្ពុជា បានរៀបរាប់បន្ថែមថា ផែនទីព្រំដែន ខ្នាត ១/២៥ ០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា ៨៤% ដែលកម្ពុជា និង​វៀតណាម​សម្រេចបាន លើការងារព្រំដែន និងថា ជាផែនទីផលិតឡើង តាមរយៈការថត​រូបភាព​ពីលើ អាកាស (Orthophoto-maps) តាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាព​ជាក់លាស់ (…)។

លោក អ៊ុំ សំអាត តំណាងរាស្ត្រជាប់ឆ្នោត និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និង​អន្តោប្រវេសន៍​របស់គណបក្សសង្គ្រោះជាតិ បានពន្យល់ថា ការទទួលស្គាល់​ករណី​លើកលែង​នៅតាមតំបន់មួយចំនួន របស់រដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញថា ផែនទី​ថ្មីខ្នាត ១/២៥០០០ មានខ្សែព្រំដែនមិនដូចគ្នា ទៅនឹងផែនទី​បោនខ្នាត ១/១០០០០០ របស់បារាំង ដែលមានចែងក្នុងមាត្រា២​នៃរដ្ឋធម្មនុញ្ញនោះទេ។

លោកបន្តថា ផែនទីខ្នាតថ្មីនេះ គូសទៅតាមការដូរដីខ្មែរនឹងដីខ្មែរ និងគូសទៅតាម​ដីខ្មែរ​​ដែល​ប្រទេស​វៀតណាមឈ្លានពានយក។

យ៉ាងណា លោក សំអាត នៅតែទាមទារឲ្យបង្ហាញជាសាធារណៈ នូវផែនទីខ្នាតថ្មីនោះ ដើម្បី​ឲ្យប្រជាជាតិខ្មែរទាំងមូល អាចធ្វើការផ្ទៀងផ្ទាត់ ជាមួយផែនទីបោនខ្នាត ១/១០០ ០០០ របស់បារាំង ខណៈលោក វ៉ា គឹមហុង បានបដិសេធមិនបង្ហាញផែនទីនេះទេ ដោយលើក​ហេតុផល​បច្ចេកទេស​មកបញ្ជាក់៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។