កម្ពុជា

សភាអ៊ីតាលី​អនុម័ត​ញត្តិ​ស្នើឲ្យ​ភាគីកម្ពុជា​ជជែកគ្នា និង​ចូលរួម​នីតិវិធីព្យួរ EBA

រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA»។

ញត្តិស្នើដំណោះស្រាយ លេខ «7-00173» របស់លោកតំណាងរាស្ត្រអ៊ីតាលី «Formentini Paolo» ដែលត្រូវបានដាក់ ឲ្យពិភាក្សាដេញដោល និងអនុម័ត្រនៅក្នុងថ្ងៃតែមួយ (ថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩) បានសំដែងពីការព្រួយបារម្ភ ចំពោះការដើរថយក្រោយ នៃស្ថានការណ៍នយោបាយ និងសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។

ញត្តិនោះ​ដែល​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ចូលទៅ​ពិគ្រោះ បានសរសេរយកមកបញ្ជាក់ នូវព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើង ដ៏ចម្រូងចម្រាស់នៅកម្ពុជា មានដូចជាការឃាត់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល និងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ជាដើម។ ញត្តិបានបន្តថា៖

«ប្រទេសកម្ពុជា ទទួលផលពីរបបអនុគ្រោះពន្ធ «GSP» ដ៏ប្រសើរជាងគេបំផុត របស់សហភាពអ៊ឺរ៉ុប ហៅថា “EBA” – ហើយរវាងពីឆ្នាំ២០១៤ មកទល់នឹងឆ្នាំ២០២០ ថវិកាប្រមាណជា ៤១០លានអ៊ឺរ៉ូ​របស់សហភាពអ៊ឺរ៉ុប ត្រូវបានផ្ដល់ទៅឲ្យប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងនោះ១០លានអ៊ឺរ៉ូ ដែលសម្រាប់គាំទ្រកំណែទម្រង់ការបោះឆ្នោតនៅក្នុងប្រទេស កំពុងស្ថិតក្នុងការព្យួរ។»

ចំណាត់ការបីចំណុច ដែលញត្តិនោះចាត់រដ្ឋាភិបាលអ៊ីតាលី ឲ្យទទួលបន្ទុករួមមាន៖

១) ត្រូវអញ្ជើញភាគីជម្លោះខ្មែរទាំងអស់ មានទាំងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផង (…) ដើម្បីបង្កើតបរិយាកាសនៃភាពទុកចិត្ត តាមរយៈការជជែកពិភាក្សា ជាមួយគ្រប់តួអង្គទាំងអស់ ដើម្បីធានាពីសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិ និងការធ្វើសមាគម ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព​ក្រុងប៉ារីស ឆ្នាំ១៩៩១។

២) ត្រូវរក្សាការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចពិភាក្សា ដោយគោរពតាមបទប្បញ្ញត្តិទាំងឡាយនៃសហភាពអ៊ឺរ៉ុប ជុំវិញនីតិវិធីជាធរមាន ស្ដីពីអនាគតរបស់ប្រព័ន្ធអនុគ្រោះពន្ធ «EBA» សម្រាប់ប្រទេសកម្ពុជា ដោយឈរលើការសម្រេច របស់គណៈកម្មការអ៊ឺរ៉ុប។

៣) ត្រូវវាយតម្លៃលទ្ធភាព ដែលអាចឈានទៅអនុម័តគម្រោង ស្ដីពីសមត្ថកិច្ចនៃរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ឲ្យមាននូវប្រព័ន្ធកំណែទម្រង់ សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងដាក់ឲ្យអនុវត្តន៍​នូវស្ដង់ដាទាបបំផុត ដែលទទួលស្គាល់ជាអន្តរជាតិ អំពីដំណើរការបោះឆ្នោតទាំងឡាយនាពេលអនាគត រួមទាំងការរៀបចំការបោះឆ្នោត ដោយសេរី ពហុបក្ស និងដើម្បីធានា នូវគោលការណ៍ជាមូលដ្ឋានគ្រឹះ នៃការចូលរួមពីសំណាក់សង្គមស៊ីវិល។

សូមបញ្ជាក់ដែរថា ក្នុងឱកាសទស្សនកិច្ច នៅប្រទេសអ៊ីតាលី កាលពីខែតុលា ឆ្នាំ២០១៨ ប្រតិភូគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី បានចូលរួមសវនការស្តីពីកម្ពុជា ដែលរៀបចំដោយគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអ៊ីតាលី។ ការចូលរួមរបស់ក្រុមមេដឹកនាំប្រឆាំង បានបង្កើតឲ្យមានចំណាប់អារម្មណ៍ខ្លាំងក្លា ពីសំណាក់ក្រុមអ្នកតំណាងរាស្ត្រអ៊ីតាលី នៅចំពោះវិបត្តិនយោបាយនៅកម្ពុជា៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។