កម្ពុជា

ខ្លីៗ​ពីបារាំង និយាយពី​ការហក់ចូល​ទីផ្សារភាគហ៊ុន របស់​ធនាគារ​អេស៊ីលីដា

វិធានការណ៍បន្ថែម «ជុំទី៤» និងការហក់ចូលទីផ្សារភាគហ៊ុន របស់​ធនាគារ​អេស៊ីលីដា ជាប្រធានបទពីរចំណុច នៅក្នុងរបាយការណ៍ខ្លីៗ ដែលរដ្ឋាភិបាលបារាំង ធ្វើឡើង​ក្នុងសប្ដាហ៍ទី២២ អំពីហេតុការណ៍សំខាន់​ចុងក្រោយ ពីប្រទេសកម្ពុជា។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ខ្លឹមសារ នៃរបាយការណ៍នោះ មកជម្រាប​ជូន​ប្រិយមិត្ត ដូចតទៅ៖

១) រដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី ២៦ ឧសភា ដាក់ចេញ​នូវវិធានការណ៍​បន្ថែម «ជុំទី៤» ដើម្បីធានាស្ថេរភាពសេដ្ឋកិច្ច និងសង្គម ដោយយកចិត្តទុកដាក់​ជាពិសេស ទៅលើវិស័យឯកជន

វិធានការណ៍ទាំងនេះ រួមមានការបន្តការលើកលែងពន្ធ រយៈពេល ២ខែ – ការបន្ធូរបន្ថយ​លក្ខខណ្ឌនានា ដើម្បីទទួលបានប្រាក់កម្ចីពិសេស – ការបង្កើតមូលនិធិ​ធានា​ប្រាក់កម្ចី ដែលមានទំហំ ២០០ លានដុល្លារ – ការរៀបចំហិរញ្ញប្បទានបន្ថែម ចំនួន ៣០០ លានដុល្លារ ដើម្បីជួយដល់វិស័យអាទិភាព និងប្រាក់បដិភាគសង្គម ក្នុងទំហំ ១០០ លាននដុល្លារ។

រដ្ឋាភិបាលកម្ពុជា ក៏គ្រោងនឹងបើកគេហទំព័រ ដើម្បីជួយសម្រួល​ដល់ការចុះឈ្មោះ​អាជីវកម្ម ជាពិសេសអ្នកដែលចង់ដាក់ពាក្យ ស្នើសុំប្រាក់កម្ចី ពីកម្មវិធីផ្តល់មូលនិធិ​ពិសេស របស់រដ្ឋាភិបាល។

២) ធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា គឺធនាគារអេស៊ីលីដា (ជាមួយមូលធន ប្រមាណ​៦,២ ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០១៩) បានក្លាយជាធនាគារកម្ពុជា ដំបូងគេ ដែលបានហក់ចូល ក្នុងទីផ្សាភាគហុ៊ន (CSX) នៅថ្ងៃទី ២៥ ខែឧសភា។

បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដែលមាន​ជំនាញ​មីក្រូហិរញ្ញវត្ថុ ដំណាក់កាលវិវត្តដ៏ នៃការហក់ចូល ក្នុងទីផ្សារភាគហ៊ុននេះ បាន​បើកទ្វា​ដ៏សំខាន់ សម្រាប់​ទីផ្សារហិរញ្ញវត្ថុ នៅកម្ពុជា។

រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា តាមរយៈជំហានថ្មី នៃការហក់ចូល ក្នុងទីផ្សារភាគហ៊ុន របស់ធនាគារអេស៊ីលីដា នឹងធ្វើឱ្យទីផ្សារមូលបត្រកម្ពុជា កាន់តែមានភាពទាក់ទាញ សម្រាប់វិនិយោគិនបរទេស៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។