កម្ពុជា

អ្នកវិភាគថា វៀតណាមលើកទ័ព​វាយខ្មែរក្រហម ដើម្បី​«យកខ្មែរ​ធ្វើចំណុះ»

ការលើកទ័ពរបស់វៀតណាម ចូលវាយរំលំរបបខ្មែរក្រហម ទំនងជាធ្វើឡើង​ដើម្បី​«យកខ្មែរ​ធ្វើចំណុះ» ដូចដែលអធិរាជ​-មេដឹកនាំ​វៀតណាម​ច្រើនអង្គ/នាក់ ធ្លាប់បានធ្វើរួចហើយ។ នេះ ជាការពន្យល់លើកឡើង របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ នៅខណៈ​ថ្ងៃខួប«៧មករា» កាន់តែខិតជិតមកដល់ (សល់តែ​២ថ្ងៃទៀតប៉ុណ្ណោះ)។

អត្ថន័យនៃការលើកទ័ពវៀតណាម វាយលុកចូលក្នុងប្រទេសកម្ពុជា ក្រៅក្របខណ្ឌអង្គការសហប្រជាជាតិ បានបង្កឲ្យមាន​សង្គ្រាមប៉ាកកា​មិនតិចទេ រវាងក្រុមអ្នកនិយម-ដឹងគុណ​វៀតណាម និងក្រុមអ្នកសិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រឯករាជ្យ។

ក្រុមអ្នកនិយម-ដឹងគុណវៀតណាម រាប់ទាំងគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច តាំងពីឆ្នាំ១៩៧៩ មកទល់នឹងថ្ងៃនេះ តែងចាត់ទុកព្រឹត្តិការណ៍នោះ ជាការសង្គ្រោះជាតិ-ប្រជាជនកម្ពុជា ពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលពោរពេញ​ដោយបាតដៃ​ប្រលាក់ឈាម​ពូជសាសន៍ឯង។

ក្រុមលោក ហ៊ុន សែន ថែមទាំងអួតអាងទៀតថា កងទ័ពវៀតណាមគ្រាន់តែជួយអន្តរាគមន៍ បន្ថែមពីលើកងទ័ព​រណសិរ្យសាមគ្គី​សង្គ្រោះជាតិ របស់គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនោះ មានឈ្មោះថា ជាបក្សប្រជាជនបដិវត្តន៍កម្ពុជាប៉ុណ្ណោះ។

សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ មិនបានយល់ដូច្នេះទេ ដោយលោកទាញអំណះអំណាង ពីក្នុងប្រវត្តិសាស្ត្រ ដើម្បីយកមកពន្យល់​កូនខ្មែរជំនាន់ក្រោយ ជាពិសេសអ្នកនយោបាយទំពាំងស្នងឬស្សី។ លោកបានរៀបរាប់ នៅលើបណ្ដាញសង្គម ក្នុងរសៀល​ថ្ងៃអង្គារទី៥ ខែមករាថា៖

«អ្នកនយោបាយជំនាន់ក្រោយ ត្រូវចេះដឹងជាងអ្នកនិយោបាយមុនៗ ត្រូវស្គាល់ប្រទេសខ្លួនឯង ទឹកដីអាណាចក្រខ្មែរពីដើម ប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម។»

«វៀតណាមស្គាល់ខ្មែរ ជាងខ្មែរស្គាល់ខ្លួនឯង ទាំងចរិតមាយាទ​ជនជាតិខ្មែរ តាំងពីស្តេច​រហូតដល់​ជនថ្នាក់ទាបបំផុត ទាំងវប្បធម៌ខ្មែរ ទាំងភូមិសាស្ត្រ ទាំងប្រវត្តិសាស្ត្រ ដែលទាំងនេះ​ បានជួយឲ្យវៀតណាម​យកចំណេញ និងប្រើប្រាស់ខ្មែរ ឲ្យបម្រើផលប្រយោជន៍ពួកគេ បានយ៉ាងច្រើនបំផុត ពីទំនាក់ទំនាក់​របស់ពួកគេជាមួយខ្មែរ ទោះជានៅក្នុងកាល:ទេស:អាក្រក់ ចំពោះពួកគេ យ៉ាងណាក៏ដោយ។»

អ្នកវិភាគឯករាជ្យរូបនេះ បានលើកយកព្រឹត្តិការណ៍ ក្នុងប្រវត្តិសាស្ត្រចំនួន២ដង មកអះអាងអំពីផលប្រយោជន៍របស់វៀតណាម ដែលស្គាល់ខ្មែរដ៏ច្បាស់លាស់។ លោកបណ្ឌិត បានសរសេរ ដូចការដកស្រង់ទាំងស្រុងថា៖

ការស្គាល់ខ្មែរដ៏ច្បាស់លាស់ បានជួយឲ្យវៀតណាមមកយកខ្មែរ ធ្វើជាប្រទេសចំណុះ (Vassal) របស់គេ បានម្តងពីរដង ក្នុងប្រវត្តិសាស្ត្រ៖

  • ម្តងគឺក្រោយអធិរាជយ៉ាឡុង (Gia Long) បានបង្រួបបង្រួមប្រទេសវៀតណាម ភ្ជាប់ពីប៉ែកខាងត្បូង ទៅនឹងប៉ែកខាងជើង នៅដំណាច់សតវត្សទី១៨។ អធិរាជមិញម៉ាង (Minh Mang) ដែលស្នងរាជ្យបន្ត បានច្បាំងដណ្តើម​ទឹកដីខ្មែរពីសៀម យកធ្វើជាប្រទេសចំណុះ របស់វៀតណាម ។
  • ម្តងទៀត ក្រោយអុង ហូ ជីមិញ បានបង្រួបបង្រួមប្រទេសវៀតណាម ពីប៉ែកខាងជើង​ទៅប៉ែកខាងត្បូង នៅឆ្នាំ១៩៧៥។ នៅដំណាច់ឆ្នាំ១៩៧៨ វៀតណាមក៏បានលើកទ័ព ចូលមកប្រទេសខ្មែររំលំរបបខ្មែរក្រហម ក្នុងបំណងប្រហែលមិនខុស ពីអធិរាជមិញម៉ាងប៉ុន្មានទេ គឺយកខ្មែរធ្វើជាប្រទេសចំណុះ របស់ប្រទេសវៀតណាមដូចមុន៕
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។