កម្រមាន

រំលោភបូកនៅហ្វីលីពីន៖ អាជ្ញាធរ​បាន​ឃាត់ខ្លួន មនុស្ស១១នាក់

អាជ្ញាធរហ្វីលីពីន​បានឃាត់ខ្លួន មនុស្ស១១នាក់ ក្នុងសំណុំរឿងសង្ស័យរំលោភបូក ទៅលើស្ត្រីបម្រើការលើយន្ដហោះមួយរូប ដែល ត្រូវបានរកឃើញ​ស្លាប់ នៅក្នុងចានងូតទឹក ក្នុងយប់ថ្ងៃឆ្លងឆ្នាំ (៣១ធ្នូ ឆ្នាំ២០២០ ចូលមកព្រឹកថ្ងៃ១មករា ឆ្នាំ២០២១) ក្នុងសណ្ឋាគារ​មួយ ក្បែររដ្ឋធានីម៉ានីល។

ជាព្រឹត្តិការណ៍ ដែលបង្កការភ្ញាក់ផ្អើល ដល់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ទាំងនៅក្នុងទ្វីបអាស៊ី រហូតធ្លាយដល់ទ្វីបអ៊ឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ភ្ញាក់ផ្អើល ដោយហេតុថា វាបានកើតឡើង នៅចំយប់ឆ្លងឆ្នាំ លាយឡំដោយភាពតក់ស្លុតផង និងអាថ៌កំបាំងផង។

កញ្ញា «Christine Angelica Dacera» ដែលជាស្ត្រីបម្រើការលើយន្ដហោះ អាយុ២៣ឆ្នាំ របស់ក្រុមអាកាសចរណ៍ «Philippines Airlines» បានចេញដើរ ជាមួយមិត្តភ័ក្ររួមការងារ​របស់នាង ដើម្បីធ្វើពិធីផឹកស៊ីឆ្លងឆ្នាំ ដ៏សប្បាយជោគជាំ មុននឹងបានចូលទៅ​សម្រាក នៅក្នុងសណ្ឋាគារ​ដែលមានឈ្មោះថា «City Garden Hotel»។

សារព័ត៌មានហ្វីលីពីន បានធ្វើសេចក្ដីរាយការណ៍ថា គឺនៅព្រឹកថ្ងៃទី១ ខែមករា វេលាម៉ោងប្រមាណជា១០ កញ្ញា«Christine» ត្រូវបានឃើញនៅក្នុងចានងូតទឹក នៃបន្ទប់ទឹករបស់សណ្ឋាគារ ដោយមិត្តភ័ក្រម្នាក់ ឈ្មោះ«Rommel Galida»។ យុវជនរូបនេះ បានយកភួយទៅដណ្ដប់ឲ្យរូបនាង ដោយគិតថា នាងកំពុងលង់លក់ ក្នុងដំណេកនៅឡើយ មុននឹងខ្លួនឯង ត្រឡប់ចូលទៅគេងវិញដែរ។

ប៉ុន្តែនៅច្រើនម៉ោងក្រោយមក នៅពេលដឹងថា រូបកាយរបស់«Christine»លែងកម្រើក ហើយមានសភាពសស្លាំងនោះ ទើប​«Rommel Galida»ហៅរថយន្ដសង្គ្រោះបន្ទាន់ ដែលបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។ តែនៅទីនោះ គ្រូពេទ្យគ្រាន់តែបាន​បញ្ជាក់ថា «Christine» បានស្លាប់បាត់ទៅហើយ។

ការធ្វើកោសល្យវិច្ឆ័យ បានឲ្យដឹងថា ក្នុងខ្លួន«Christine» មានជាតិអាល់កុលដ៏ខ្ពស់ និងមានអាការៈធ្លាយសរសៃឈាម។ រាងកាយនាង មានស្នាមជាំច្រើនកន្លែង ស្នាមដាច់សាច់នៅត្រង់ភ្លៅ និងជង្គង់ រួមនឹងវត្តមានទឹកកាម នៅក្នុងទ្វាមាសរបស់នាងនោះផង។ នេះ បើតាមការអះអាង របស់នាយនគរបាលប្រចាំតំបន់ ដែលត្រូវបានស្រង់សំដី ដោយប្រព័ន្ធផ្សព្វផ្សាយ។

«មនុស្ស១១នាក់ …»

ក្រុមអ្នកស៊ើបអង្កេត បានសង្ស័យពីករណី«រំលោភបូក» ហើយយុវជន១១នាក់ ដែលបានរួមពិធីផឹកស៊ី ក្នុងយប់នោះ ត្រូវបានឃាត់ខ្លួន ដើម្បីសួរចម្លើយ ខណៈយុវជន៣នាក់ ពីក្នុងចំណោមនោះ ត្រូវបានឃុំខ្លួន ពីបទ«រំលោភបូក» និង«មនុស្សឃាត»។ រូបភាពកាមេរ៉ាសុវត្ថិភាព របស់សណ្ឋាគារបានបង្ហាញថា ក្នុងយប់ថ្ងៃនោះ កញ្ញា «Christine» បានដើរចេញចូល ក្នុងសណ្ឋាគារ ជាមួយមិត្តភ័ក្ររបស់នាងទាំងនេះ។

ប៉ុន្តែយុវជនម្នាក់ ពីចំណោមនោះ ឈ្មោះ «Gregorio de Guzman» បានបដិសេធការសង្ស័យខាងលើ ដោយអះអាងថា ខ្លួននិង​យុវជន១០នាក់ទៀត សុទ្ធសឹងជាបុរសៗ ដែលស្រឡាញ់ភេទ​ប្រុសដូចគ្នា។ សារព័ត៌មាន «news.com.au» របស់ប្រទេសអូស្ត្រាលី បានស្រង់សំដី​យុវជនរូបនេះ មកបញ្ជាក់ថា៖

«ដោយហេតុនេះហើយ ទើប”Christine”ចូលចិត្ត នៅ​ជាមួយពួកយើង ព្រោះនាងមានអារម្មណ៍ ថាមានសុវត្ថិភាព។ ហើយពេលយើង​នៅជាមួយគ្នា គ្មាននរណាម្នាក់អផ្សុកទេ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។