កម្ពុជា

បន្ទាប់ពី​ទទួលវ៉ាក់សាំងចិន ហ៊ុន សែន សុំជំនួយ​វ៉ាក់សាំង​ ពីប្រទេសឥណ្ឌា

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំជំនួយ​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ (Covid-19) ពីប្រទេសឥណ្ឌា បន្ទាប់ពីប្រទេសនេះ បានប្រកាសដាក់​ឲ្យប្រើប្រាស់យ៉ាងបន្ទាន់ នូវថ្នាំវ៉ាក់សាំងរបស់ខ្លួន ឈ្មោះ«Covaxin» និង«Covishield» សម្រាប់ពលរដ្ឋឥណ្ឌា ប្រមាណជា ១,៣០០លាននាក់។

ការស្នើសុំនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក ហ៊ុន សែន ជាមួយអ្នកស្រី «Devyani Uttamkhobragade» ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌាប្រចាំកម្ពុជា នៅវិមានសន្តិភាព (ភ្នំពេញ) ក្នុងព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ និងប៉ុន្មានថ្ងៃក្រោយការប្រកាស ទទួលយកអំណោយថ្នាំវ៉ាក់សាំង ប្រមាណជា១លានដូស ពីប្រទេសចិន។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបង្ហោះព័ត៌មាន ជុំវិញការស្នើសុំវ៉ាក់សាំង ពីប្រទេសឥណ្ឌា កាលពីមុននេះបន្តិចថា៖

«តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិន អាចនឹងមិនគ្រប់គ្រាន់។»

អត្ថបទព័ត៌មាននោះ​​បានអះអាងដែរថា ឯកអគ្គរដ្ឋទូតឥណ្ឌា បានសម្ដែងនូវ«ការអបអរសាទរ» ចំពោះលោក ហ៊ុន សែន និង​រដ្ឋាភិបាលរបស់លោក ដែល​«អនុវត្តបាន​យ៉ាងល្អប្រសើរ» ចំពោះការទប់ស្កាត់ការរាតត្បាត​ជំងឺកូវីដ១៩ នៅកម្ពុជា។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ប្រទេសឥណ្ឌាបានប្រកាស ជាលក្ខណៈបន្ទាន់ បើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់​ពលរដ្ឋរបស់ខ្លួន។ អាជ្ញាធរសុខាភិបាលឥណ្ឌា បានអះអាងថា យុទ្ធនាការខាងលើ​បានគ្រោងចាក់ថ្នាំវ៉ាក់សាំង ដែលមានឈ្មោះ «Covaxin» និង«Covishield» សម្រាប់ពលរដ្ឋប្រមាណជា៣០០លាននាក់ ពីពេលនេះ រហូតដល់ខែកក្កដាខាងមុខ។

មិនខុសពីវ៉ាក់សាំង របស់ប្រទេសចិនទេ វ៉ាក់សាំងទាំងពីររបស់ប្រទេសឥណ្ឌា មិន(ទាន់)មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) (នៅ)ឡើយ។ ថ្នាំវ៉ាក់សាំងទាំងនេះទៀតសោត ក៏រងការរិះគន់ ពីអ្នកវិទ្យាសាស្ត្រថា បានធ្វើឡើងទាំងប្រថុចញ៉ុច ដោយមិនបានឆ្លងកាត់ការធ្វើពិសោធន៍ ឲ្យបានគ្រប់ដំណាក់កាលនោះដែរ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងចេញផ្សាយរបាយការណ៍ អំពីប្រសិទ្ធិភាពរបស់វ៉ាក់សាំងឥណ្ឌា នៅក្នុងអត្ថបទ​លើកក្រោយ​របស់ខ្លួន។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមិនអាចរង់ចាំបានទៀត ក្នុងការទប់ស្កាត់​ការរាតត្បាត ជំងឺកូវីដ-១៩ ដែលមកដល់ម៉ោងនេះ បង្កការឆ្លងក្នុង​ប្រទេសកម្ពុជា មានប្រមាណជា​៤៣៩នាក់ តែមិនបានបណ្ដាល​ឲ្យមានមនុស្សស្លាប់​ម្នាក់ទេ។ ក្នុងសារ​ជាសំឡេង ដែលបុរសខ្លាំង​នៅកម្ពុជា បង្ហោះ​កាលពីយប់ថ្ងៃទី១៥ ខែមករា បានថ្លែងឲ្យដឹងថា៖

«អ្វីដែលជាភាពចាំបាច់​របស់យើង ​យើងមិនអាចរង់ចាំ​បានទៀតនោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យ​ឆ្លង​នូវរោគរាតត្បាត​ដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់​នូវវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយ សម្រាប់​មេដឹកនាំចិន ដែលមានមនុស្ស​​​ដល់​រាប់លាននាក់​​បានប្រើប្រាស់ និងមាន​​ប្រទេស​មួយចំនួន​ទៀត (…)៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។