បារាំង

ប្រទេស​បារាំង​ត្រៀម​ទទួល​រលក​បាតុកម្ម​អាវ​កាក់​លឿង ជា​លើក​ទី៥

ក្នុងថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមបាតុករអាវកាក់លឿង បានគ្រោងធ្វើបាតុករ នៅសឹងតែគ្រប់តំបន់ទាំងអស់ នៃប្រទេសបារាំង។ វារលកបាតុកម្មលើកទី៥ សម្រាប់៥សប្ដាហ៍ជាប់ៗគ្នា។

ខាងអាជ្ញាធរវិញ បានត្រៀមវិធានការ ដើម្បីទប់ទល់ កុំឲ្យបាតុកម្មក្លាយជាអំពើហិង្សា ដែលមិនអាចគ្រប់គ្រងបាន ដូចក្នុងសប្ដាហ៍ទី៣ (កាលពីថ្ងៃសៅរ៍ទី១ ខែធ្នូ)។ ប៉ុន្តែសំនួរសួរឡើងថា តើបាតុកម្មលើកទី៥ របស់បណ្ដាជនអាវកាក់លឿង ក្នុងថ្ងៃសៅរ៍នេះ នឹងមានទំហំប៉ុណ្ណា?

បាតុកម្មលើកទី៥នេះ ត្រូវបានប្រកាសធ្វើ នៅតែប៉ុន្មានថ្ងៃ ក្រោយអំពើភេរវកម្មបាញ់ប្រហារ ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល នាក្រុងស្ត្រាស្បួរ៍ ភាគខាងកើតបារាំង។ ដោយសារតែហេតុនេះ ទើបពីក្នុងចំណោមក្រុមអាវកាក់លឿង ភាពមិនចុះសម្រុងគ្នា បានកើតឡើង។

ដោយមានការថ្លែង ពីសំណាក់ប្រធានាធិបតី កាលពីថ្ងៃចន្ទកន្លងមក ដើម្បីបង្ហាញពីដំណោះស្រាយផង បណ្ដាជនអាវកាក់លឿងមួយភាគ បានអំពាវនាវ ឲ្យមានភាពស្ងប់ស្ងាត់ និងឲ្យមានកិច្ចពិភាក្សា ជាមួយរដ្ឋាភិបាល។

ខណៈបណ្ដាជនអាវកាក់លឿងមួយភាគទៀត បង្ហាញជំហរធ្វើបាតុកម្ម ដើម្បីបន្តដាក់សម្ពាធ ទៅលើរដ្ឋាភិបាល។ នៅលើបណ្ដាញសង្គម បណ្ដាជនច្រើនពាន់-ម៉ឺននាក់ បានអះអាងថា ពួកគេនឹងចេញមកចុះដើរ នៅតាមដងផ្លូវ ក្នុងថ្ងៃសៅរ៍នេះ ជាថ្មីទៀត។ សម្រាប់ពួកអ្នកចេញធ្វើបាតុកម្ម បានគិតថា ដំណោះស្រាយ ពីសំណាក់រដ្ឋាភិបាល នៅមិនទាន់សមល្មម ទៅនឹងការទាមទាររបស់ពួកគេនៅឡើយ។

សម្រាប់អាជ្ញាធរវិញ បានត្រៀមចំណាត់ការទប់ទល់ តាំងពីល្ងាចថ្ងៃសុក្រម្សិលម៉ិញ។ ស្នងការនគរបាលរដ្ឋធានី ប៉ារីស បានថ្លែងឲ្យដឹងថា កងកម្លាំង៨០០០នាក់ ត្រូវបានបញ្ជូនមកការពារសន្តិសុខ ខណៈរថយន្ដពាសដែកចំនួន ១៤គ្រឿង ក៏នឹងត្រូវដាក់ពង្រាយ នៅក្នុងរដ្ឋធានីដែរ។

នេះ គេនៅមិនទាន់រាប់ផងទេ ពីការបំពាក់ ទៅដល់រថយន្ដនគរបាលផ្សេងទៀត នូវរនាំងដែក និងបង្កើតកងកម្លាំងជិះសេះ ដើម្បីតាមចាប់ជនឱកាសនិយមណា ដែលប្រើប្រាស់បាតុកម្ម ដើម្បីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ និងឯកជន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។