ប្រភពមួយស្និតនឹងសំនុំរឿង បានអះអាងថា បាតុករដែលគេស្គាល់ក្រោយមក ថាជា «អ្នកប្រដាល់អាជីព» បានពាក់ស្រោមដៃ ដែលមានបំពាក់ដោយផ្ទាំងសំណរ (មានលក្ខណៈជា ស្នាប់ដៃសំណរ) នៅពេលដែលជននេះ បាន«ដាល់»ភ្នាក់ងារនគរបាល កាលពីរសៀលថ្ងៃសៅរ៍។ ជននេះ ទើបនឹងបានចូលខ្លួន មកសារភាពនៅចំពោះ អាជ្ញាធរបារាំង ក្នុងព្រឹកថ្ងៃចន្ទនេះ។
គឺរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វើ កាស្តាណេរ (Christophe Castaner) ជាអ្នកប្រកាស ពីដំណឹងនៃការចូលសារភាព របស់បាតុករប្រដាល់ខាងលើ។ លោកបានសរសេរនៅលើបណ្ដាញសង្កមទ្វីសធើរថា៖
«ជនដែលបានវាយប្រហារ យ៉ាងហិង្សា ទៅលើភ្នាក់ងារនគរបាលចល័ត នៅលើស្ពាន “” បានបង្ហាញខ្លួន នៅចំពោះអ្នកស៊ើបអង្កេត នៃឆ្នាំសន្តិសុខប្រចាំរដ្ឋធានី ប៉ារីស រួចហើយ។ ជននេះ ត្រូវបានយកទៅឃុំភ្លាមៗ និងត្រូវឆ្លើយ នៅចំពោះប្រព័ន្ធយុត្តិធម៌ ជុំវិញទង្វើរបស់ខ្លួន។»
បុរសខាងលើ អាយុ៣៧ឆ្នាំ ជាអ្នកប្រដាល់អាជីព ដែលធ្លាប់ឈ្នះជាជើងឯកទម្ងន់ធ្ងន់ របស់ប្រទេសបារាំង ក្នុងឆ្នាំ២០០៧។ ជាអ្នករស់នៅក្នុងតំបន់ «Essonne» ជាយក្រុងភាគខាងត្បូង នៃរដ្ឋធានីប៉ារីស ជននេះត្រូវបានអាជ្ញាធរស្វែងរកចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព កាលពីរសៀលថ្ងៃសៅរ៍រួច។ លំនៅដ្ឋានជននេះ ក៏ត្រូវបានអាជ្ញាធរចូល ទៅឆែកឆេរដែរ នៅព្រឹកថ្ងៃអាទិត្យ ប៉ុន្តែអាជ្ញាធរមិនបានឃើញ វត្តមានជនសង្ស័យ នៅទីនោះទេ។
ប៉ុន្តែនៅមុនការបង្ហាញខ្លួន បាតុករប្រដាល់រូបនេះ បានបង្ហោះវីដេអូមួយ ពន្យល់ពីកាយវិការរបស់ខ្លួន និងបានទទួលស្គាល់ថា ខ្លួនបានធ្វើប្រតិកម្ម ដោយ«កំហុសឆ្គង» ប៉ុន្តែគ្រាន់តែមានបំណង ចង់«ការពារខ្លួន» ទល់នឹងអំពើហិង្សា ដែលបង្កឡើងដោយក្រុមនគរបាលប៉ុណ្ណោះ។ បុរសបានថ្លែង នៅក្នុងវីដេអូនោះថា៖
«ខ្ញុំឃើញការបង្ក្រាប។ ខ្ញុំឃើញនគរបាលបាញ់ឧស្ម័ន ដាក់យើង។ ខ្ញុំឃើញនគរបាល ធ្វើរឿងអាក្រក់ៗ ដល់បណ្ដាជននានា (…) ហើយដោយសារ បានរងការវាយដុំជាច្រើនដង ម្ដងហើយម្ដងទៀត ខ្ញុំមានគំនិតចង់តបតរ ទៅកាន់ក្រុមនគរបាល តែខ្ញុំបានរងការបាញ់ឧស្ម័នដាក់ជាថ្មី ដាក់រូបខ្ញុំផ្ទាល់ មិត្តភ័ក្រខ្ញុំ ដាក់ភរិយាខ្ញុំ។ កំហឹងបានផ្ទុះឡើង និងពេលនោះហើយ ដែលខ្ញុំបានបញ្ចេញប្រតិកម្ម ដោយកំហុសឆ្គង។ តែខ្ញុំធ្វើនេះ គឺដើម្បីការពារខ្លួន។»
រូបភាពច្បាស់ៗ ចំនួនពីរ ត្រូវបានផ្សព្វផ្សាយ ទាំងនៅលើបណ្ដាញសង្គម និងនៅតាមកញ្ចក់ទូរទស្សន៍។ ក្នុងរូបភាពមួយ គេឃើញបុរសម្នាក់ ដែលមានភិនភាគដូចបុរសខាងលើ បានទាត់ធាក់ជាច្រើនដង ទៅលើភ្នាក់ងារនគរបាលម្នាក់ ដែលបានដួលទៅលើដីរួចហើយ។
ប្រភពស្និតនឹងសំនុំរឿង ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា ភ្នាក់ងារនគរបាល ដែលដួលដេក នៅលើដីរូបនោះ បានទទួលសិទ្ធិឈប់សម្រាក រយៈពេល១៥ថ្ងៃ (ច្បាប់ការងារបារាំង ហៅ ITT – Incapacité Totale de Travail) និងបានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃអាទិត្យ។
រីឯរូបភាពមួយទៀត គេឃើញបុរសដដែល បានបញ្ចេញកាយវិការ «ដាល់» និងវាយសន្ធាប់ជាច្រើនដង ទៅលើភ្នាក់ងារម្នាក់ផ្សេងទៀត បើទោះជានគរបាលរូបនោះ មានខែលការពារ និងពាក់មួកការពារក៏ដោយ។ ភ្នាក់ងាររូបនេះ ទទួលបានសិទ្ធិឈប់សម្រាក រយៈពេល២ថ្ងៃ ហើយក៏បានដាក់ពាក្យបណ្ដឹង ក្នុងថ្ងៃអាទិត្យដូចគ្នាដែរ។
ប្រភពដដែលបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់អាជ្ញាធរ បានរកឃើញថា បុរសជាបាតុករ មានពាក់ស្រោមដៃ ដែលមានផ្ទាំងសំណរ (ស្នាប់ដៃសំណរ) នៅខាងមុខក្រញ៉រម្រាមដៃ។
កាលពីថ្ងៃអាទិត្យ សហព័ន្ធកីឡាប្រដាល់ របស់ប្រទេសបារាំង បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទាក់ទងនឹងករណីនេះ ដោយបរិហារធ្ងន់ៗ ពីទង្វើ«ហិង្សា» របស់«អតីតអ្នកប្រដាល់អាជីពម្នាក់» ធ្វើទៅលើកងកម្លាំងរក្សាសន្តិសុខ តែសហព័ន្ធមិនបាន បញ្ចេញឈ្មោះ ថាតើអតីតអ្នកប្រដាល់រូបនោះ ជានរណាទេ៕