បារាំង

បណ្ដាជនបារាំង​ធ្វើបាតុកម្ម​ឧទ្ទិសដល់គ្រូបង្រៀន ដែលត្រូវបាន​«កាត់ក»

ប្រតិកម្មបានផ្ទុះឡើង នៅពេញផ្ទៃប្រទេសបារាំង ក្នុងថ្ងៃអាទិត្យនេះ ដើម្បីឧទ្ទិសដល់គ្រូបង្រៀនមួយរូប ដែលត្រូវបាន​«កាត់ក» ដោយភេរវជន កាលពីថ្ងៃសុក្រ និងបង្ហាញពីការរួបរួម នៃប្រជាជាតិមួយ ដើម្បីប្រឆាំងនឹងទង្វើព្រៃផ្សៃ ជាពិសេសប្រឆាំង នឹងភាពជ្រុលនិយម នៃក្រុមអ្នកកាន់សាសនាអ៊ីស្លាម។

ពលរដ្ឋ រួមនឹងមេដឹកនាំនយោបាយ បានប្រមូលគ្នា ជួបជុំនៅតាមទីធ្លាធំៗ នៃក្រុងសំខាន់ៗ ក្នុងប្រទេសបារាំង ដើម្បីបញ្ជូនសារចម្រុះ ដូចជា «កុំផ្ដាច់ការនិយម ចំពោះការគិត» «ខ្ញុំជាសាស្ត្រាចារ្យ» «ខ្ញុំជា Samuel» «សេរីភាពនៃការបញ្ចេញមតិ គឺសេរីភាពនៃការបង្រៀន»។ល។

លោក សាមូអែល ប៉ាទី (Samuel Paty) គ្រូបង្រៀន«ភូមិសាស្ត្រ-ប្រវត្តិវិជ្ជា» ថ្នាក់ទី៤ នៃអនុវិទ្យាល័យក្រុង «Conflans-Sainte-Honorine» ត្រូវបានសម្លាប់ ដោយ«កាត់ក» កាលពីថ្ងៃសុក្រ បន្ទាប់ពីលោកបាន​បង្ហាញ​រូបត្លុក «មហាមេដ (Mahomet – ព្យាការីសាសនាអ៊ីស្លាម)» ទៅដល់​កូនសិស្ស ក្នុងថ្នាក់របស់ខ្លួន កាលពីជាង១០ថ្ងៃមុន។

បើតាមលោក «Jean-François Ricard» រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ជំនាញខាង​ប្រឆាំង​ភេរវកម្ម បានឲ្យដឹង​ថា ជនដៃដល់អាយុ១៨ឆ្នាំ គឺជា​ជនអន្តោប្រវេស កើតនៅ​រដ្ឋធានីម៉ូស្គូ មាន​សញ្ជាតិរ៉ុស្ស៊ី និងមានដើមកំណើត ឆេកឆិន។ ជននេះត្រូវបានក្រុមនគរបាល​បាញ់សម្លាប់ នៅល្ងាច​ថ្ងៃសុក្រដដែល។

មេដឹកនាំនយោបាយសំខាន់ៗ មានវត្តមាន នៅក្នុងបាតុកម្មកណ្ដាលរដ្ឋធានីប៉ារីស រួមមាននាយករដ្ឋមន្ត្រី លោក ហ្សង់ កាស្ដិក (Jean Castex) អភិបាលរដ្ឋធានីប៉ារីស អ្នកស្រី «Anne Hidalgo» ប្រធានក្រុមប្រឹក្សាតំបន់ «Ile-de-France» អ្នកស្រី «Valérie Pécresse» និងប្រធានគណបក្សឆ្វេងនិយមជ្រុល លោក «Jean-Luc Mélenchon» ជាដើម។

ពលរដ្ឋជាគ្រូបង្រៀនម្នាក់ ដែលចូលរួមនៅក្នុងបាតុកម្មនោះ បានថ្លែងថា៖

«ខ្ញុំមានវត្តមាន នៅទីនេះ ក្នុងនាមជាសាស្ត្រាចារ្យ ក្នុងនាមជាម្ដាយ ជាពលរដ្ឋបារាំង និងជាអ្នកសាធារណរដ្ឋនិយម។»

ស្ត្រីម្នាក់ទៀត ជាមន្ត្រីសង្គមកិច្ច បានថ្លែងដែរថា៖

«មិនត្រូវឲ្យអំពើហិង្សាបែបនេះ កើតមានជាបន្តបន្ទាប់ និងក្លាយជារឿងប្រចាំថ្ងៃ ឬក្លាយជាទម្លាប់នោះដែរ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។