ព្រឹកថ្ងៃអង្គារនេះ បណ្ដាជននៅក្នុងរដ្ឋធានីប៉ារីស បានភ្ញាក់ពីដំណេក ជាមួយនឹងសុបិន្តដ៏អាក្រក់ ដែលកំពុងបន្តពន្យល់ ជាមួយនឹង«ទិដ្ឋភាព»ស្រស់ៗ នៅនឹងមុខនៅឡើយ។ នោះ គឺព្រះវិហារ «Notre-Dame» ដ៏ល្បី និងជាដួងព្រលឹង របស់ផងខ្លួន ត្រូវបានព្រះអគ្គិត្របាក់ ចាប់តាំងពីក្បាលព្រលប់ម្សិលម៉ិញ រហូតដល់យប់រំលងអាធ្រាត។
ខាងក្រោមនេះ ជាទិដ្ឋភាពភ្លាមៗ នៅខាងក្នុងព្រះវិហារ បន្ទាប់ពីអគ្គិភ័យ បានត្រូវពន្លត់អស់ជាស្ថាពរ កាលពីព្រហាមព្រឹកម៉ិញ។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានអះអាងថា ភ្លើងបានរលត់រួចអស់ក្ដី តែពួកគេនៅបន្តរំពៃមើល នៅគ្រប់ច្រកល្ហកទាំងអស់ នៃព្រះវិហារ និងជាពិសេសត្រូវធ្វើយ៉ាងណា ឲ្យគ្រោងសំណង់នៃព្រះវិហារ ដែលធ្វើអំពីថ្ម ចុះត្រជាក់វិញ។
លោក «Gabriel Plus» អ្នកនាំពាក្យក្រុមអ្នកលត់អគ្គិភ័យ បានថ្លែងឲ្យដឹង ក្នុងព្រឹកនេះថា៖
«ភ្លើងត្រូវបានពន្លត់អស់ទាំងស្រុង (…) គ្រោងសំណង់នៃដំបូលព្រះវិហារ ដែលធ្វើអំពីឈើ ត្រូវបានបំផ្លាញអស់។ ផ្នែកមួយនៃធ្នឹមដំបូល ដែលធ្វើអំពីថ្ម បានរលំបាក់ ខណៈកំពូលស្រួច (ដែលមានលក្ខណៈជាព្រួញ) បានបាត់រូបរាង។»
មកដល់ម៉ោងនេះ អាជ្ញាធរបារាំងនៅតែគិតថា គ្រោះមហន្តរាយនេះ មានមូលហេតុចេញពីការដ្ឋានជុសជុលព្រះវិហារ ដែលកំពុងប្រព្រឹត្តិធ្វើ រាប់ចាប់ពីប៉ុន្មានខែមុន។
ក្ដីសង្ឃឹមដ៏ធំ ដែលបានវិលត្រឡប់ ចូលមកសណ្ឋិតក្នុងបេះដូងអ្នក ដែលស្រឡាញ់ព្រះវិហារមួយនេះ គឺគ្រោងសំណង់សំខាន់ៗ នៃព្រះវិហារ ដែលធ្វើអំពីថ្ម (ជញ្ជាំង សរសេរ ធ្នឹម…) ត្រូវបានសង្គ្រោះ ឲ្យនៅមានរូបរាងដូចដើម៕