បារាំង

រដ្ឋាភិបាលបារាំង​នឹងរឹតបន្តឹង​សន្តិសុខ នៅតាម​គ្រឹះស្ថានសិក្សា​នានា

រដ្ឋាភិបាលបារាំងបានសម្រេច កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ធ្វើការរឹតបន្តឹងសន្តិសុខ នៅតាម​គ្រឹះស្ថានសិក្សា​នានា ចាប់ពីពេលចប់​វិសមកាលតូច (Vacances de Toussaint) ក្នុងពីរសប្ដាហ៍ខាងមុខ។

ប្រភពច្បាស់ការណ៍ ស្និតនឹងក្រុមប្រឹក្សាការពារជាតិ បានទម្លាយដំណឹងនេះ តាមរយៈ​ទូរទស្សន៍ «BFMtv» បន្ទាប់ពីក្រុមប្រឹក្សានេះ បានជួបប្រជុំគ្នាជាបន្ទាន់ កាលពីយប់​ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងភេរវកម្ម «កាត់ក»សាស្ត្រាចារ្យមួយរូប កាលពីរសៀល​ថ្ងៃសុក្រមុន។

តាមទូរទស្សន៍បារាំងដដែល បានអះអាងបន្តថា ក្រសួងមហាផ្ទៃ និងក្រុម​តំណាងរាស្ត្រ (ធ្វើច្បាប់) នឹងធ្វើការរួមគ្នា ដើម្បីការរឹតបន្តឹងសន្តិសុខ ដោយដាក់ពង្រាយបន្ថែម នូវកងកម្លាំងនគរបាល នៅតាម​គ្រឹះស្ថានសិក្សា​នានា ចាប់ពីបវេសនកាលលើកទី២ នៅថ្ងៃទី២ ខែវិច្ឆិកាខាងមុខតទៅ។

ប្រភពនោះ បានបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងជាអធិបតីនៃអង្គប្រជុំ បានស្នើឲ្យមាន​ចំណាត់ការ​ច្បាស់លាស់ និងឆាប់រហ័ស ទៅលើសមាគម ឬនរណាក៏ដោយ ដែលបង្កើត ឬគាំទ្រសារ ដែលនាំទៅដល់ការស្អប់ខ្ពើម ឬប្រឆាំងនឹងសណ្ដាប់ធ្នាប់ នៃសាធារណរដ្ឋបារាំង។

ប្រភពដែលចេញពីវិមានប្រធានាធិបតី បានឲ្យដឹងទៀតថា លោក ម៉ាក្រុង ស្នើឲ្យ​ចាត់វិធានការ ដោយមិនបង្អន់ដៃ ទៅលើជនគ្រប់រូប ដែលរៀបចំរចនាសម្ព័ន្ធ ដើម្បីប្រឆាំងនឹងសណ្ដាប់ធ្នាប់ និងគោលការណ៍សាធារណរដ្ឋ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។