លោក វ៉ាឡេរី ជីស្កាដេស្ដាំង (Valéry Giscard d’Estaing) អតីតប្រធានាធិបតីបារាំង រវាងពីឆ្នាំ១៩៧៤ មកទល់នឹងឆ្នាំ១៩៨១ បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ កាលពីយប់ថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០នេះ ដោយសារជំងឺកូវីដ-១៩ (Covid-19)។ នេះ បើតាមការអះអាងរបស់ក្រុមគ្រួសាររបស់លោក ក្នុងយប់ថ្ងៃដដែល។
អតីតរដ្ឋបុរសនៃសាធារណរដ្ឋបារាំង បានលាចាកលោក នៅក្នុងលំនៅដ្ឋានរបស់លោក ដែលស្ថិតក្នុងក្រុង «Authon» នៃតំបន់ «Loir-et-Cher» ចំងាយប្រមាណជា១៥០គីឡូម៉ែត្រ ភាគនារតីនៃរដ្ឋធានីប៉ារីស។
ប្រសិនជាក្រុមគ្រួសារ បានអះអាងពីមូលហេតុ នៃមរណភាពរបស់លោក ដែលជាប់ទាក់ទងនឹងជំងឺកូវីដ-១៩ ដ៏អប្រិយនោះ តែស្ថានភាពសុខភាពរបស់អតីតប្រធានាធិបតីបារាំងរូបនេះ បានធ្លាក់ចុះដុនដាប តាំងពីច្រើនខែ ហើយត្រូវបានទទួល ឲ្យចូលសម្រាកពេទ្យ ជាច្រើនដង ទាក់ទងនឹងអាការបេះដូង និងសួត។
លោក វ៉ាឡេរី ជីស្កាដេស្ដាំង បានជាប់ឆ្នោតជាប្រធានាធិបតីបារាំង ក្នុងពេលដែលលោក មានអាយុ៤៨ឆ្នាំ ដែលធ្វើឲ្យលោក ក្លាយជាប្រធានាធិបតីក្មេងជាងគេ នៅក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋបារាំង។
នៅអាស៊ីភាគអាគ្នេយ៍ ឈ្មោះរបស់លោកអតីតប្រធានាធិបតី ត្រូវបានក្រុមអ្នកប្រវត្តិវិទូផ្សារភ្ជាប់ ទៅនឹងព្រឹត្តិការណ៍ក្នុងឆ្នាំ១៩៧៥៖ នោះគឺជ័យជំនះ នៃក្រុមកុម្មុយនីស្ដិ៍នៅក្នុងប្រទេសវៀតណាម ឡាវ និងនៅកម្ពុជា ដែលធ្វើឲ្យប្រទេសអតីតអាណានិគមបារាំងទាំងបី បានធ្លាក់ខ្លួន ចូលទៅក្នុងប្លុកលោកខាងកើត ក្រោមឥទ្ធិពលរបស់សហភាពសូវៀត និងប្រទេសចិនប្រជាមានិត។
ព្រឹត្តិការណ៍ដែលសំខាន់ជាងគេ គឺ«ការប្រគល់ខ្លួន»មេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ដែលបានចូលមកសុំសិទ្ធិជ្រកកោន ក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា ប្រគល់ទៅឲ្យក្រុមខ្មែរក្រហម នៅប៉ុន្មានថ្ងៃក្រោយការដួលរំលំ នៃរដ្ឋធានីភ្នំពេញ។
ការប្រគល់ខ្លួននោះ ធ្វើឡើងក្រោមការសម្រេច របស់កុងស៊ុលបារាំងប្រចាំកម្ពុជា លោក «Jean Dyrac» ដោយមានការពិភាក្សាដោយផ្ទាល់ ជាមួយលោក ជីស្កាដេស្ដាំង ពីរដ្ឋធានីប៉ារីស (បារាំង)។
ជាលទ្ធផល មេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ដែលត្រូវបានបញ្ជូនចេញ ពីស្ថានទូតបារាំង ត្រូវបានក្រុមខ្មែរក្រហម យកទៅសម្លាប់ចោលទាំងអស់។
សាក្សីជាច្រើន នៅក្នុងព្រឹត្តិការណ៍ខាងលើ ដែលនៅមានជីវិតនៅឡើយ ត្រូវបានក្រុមអ្នកស្រាវជ្រាវ ប្រវត្តិវិទូ និងអ្នកសារព័ត៌មាន ដកស្រង់សំដីយកទៅសរសេរជាសៀវភៅ ឬជារបាយការណ៍អង្កេត និងចេញផ្សាយជាបន្តបន្ទាប់។ សមិទ្ធិករភាពយន្ដខ្លះ ក៏បានយកព្រឹត្តិការណ៍នេះ ផលិតចេញជាភាពយន្ដដែរ ដូចមានក្នុងរឿង«វាលពិឃាត» (របស់អាមេរិក) និងរឿង«ទ្វាររបង»(របស់បារាំង)ជាដើម។
សាក្សីខ្លះលើកឡើងថា ការសម្រេចរបស់កុងស៊ុងបារាំង នៅគ្រានោះ ធ្វើឡើងដោយសារតែក្រុមខ្មែរក្រហម បានបដិសេធអភ័យឯកសិទ្ធិការទូត និងបានគម្រាមវាយលុកចូលស្ថានទូត បើសិនជាបារាំងបដិសេធ ការបញ្ជូនខ្លួនមេដឹកនាំរបបសាធារណរដ្ឋខ្មែរ មកឲ្យពួកខ្លួន៕