មកដល់ម៉ោងនេះ ពលរដ្ឋបារាំងជិត១៥ម៉ឺននាក់ ត្រូវបានដឹកត្រឡប់ មកដល់ប្រទេសបារាំងវិញ ស្របពេលដែលប្រទេសនានា នៅជុំវិញពិភពលោក កំពុងចាត់វិធានការ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមតួលេខ ផ្ដល់ដោយក្រសួងការបរទេសបារាំង ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ខែមេសានេះ។
មធ្យោបាយគ្រប់យ៉ាង ក្នុងនោះ មានការដឹកជញ្ជូន ការពិនិត្យសុខភាព… ត្រូវបានរដ្ឋាភិបាលបារាំងដោះស្រាយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋបារាំង ដែលមានវត្តមាន នៅបរទេស អាចវិលត្រឡប់ ចូលមករួមរស់ស្លាប់រស់ ក្នុងទឹកដីមាតុភូមិរបស់ខ្លួនវិញ។
ថ្លែងតាមវិទ្យុ «France Bleu Provence» កាលពីប៉ុន្មានម៉ោងមុនេះ លោក «Jean-Baptiste Lemoyne» រដ្ឋលេខាធិការក្រសួងការបរទេស បានឲ្យដឹងថា៖
«យើងបានធ្វើការជម្លៀសពលរដ្ឋបារាំង ប្រមាណជា ១៤៨ ០០០នាក់ ឲ្យវិលត្រឡប់មកផ្ទះ (ក្នុងប្រទេសបារាំង) វិញ បើរាប់ចាប់តាំងពី បម្រាមដាក់ពលរដ្ឋ ឲ្យសំងំនៅក្នុងផ្ទះ ចាប់ផ្ដើមអនុវត្តន៍មក។»
តែលោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា នៅមានពលរដ្ឋបារាំង ច្រើនពាន់នាក់ទៀត កំពុងត្រូវបានរៀបចំ ឲ្យវិលមកមាតុប្រទេស របស់ខ្លួនវិញ ក្នុងរយៈពេលខាងមុខ។ លោកថា៖
«យើងនឹងរៀបចំជើងយន្ដហោះពិសេស របស់ក្រុមហ៊ុន “Air France” ដើម្បីទៅយកពួកគេ ដែលពេលនេះ កំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីន និងប៉េរូ។»
ពលរដ្ឋបារាំងជិត១៥ម៉ឺននាក់ ខាងលើនេះ មិនរាប់បញ្ចូលពលរដ្ឋបារាំង ដែលត្រូវបានជម្លៀសរួចស្រេច ចេញពីប្រទេសចិន ឬពីប្រទេសផ្សេង នៅមុនបម្រាម ដាក់ពលរដ្ឋឲ្យសំងំនៅក្នុងផ្ទះ ដែលទើបនឹងចាប់ផ្ដើមអនុវត្ត នៅថ្ងៃទី១៧ ខែមីនាមុននេះទេ។ នៅមួយថ្ងៃមុន (យប់ថ្ងៃទី១៦ ខែមីនា) ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា៖
«ព្រំដែនសហភាពអ៊ឺរ៉ុប និងលំហ “Schengen” នឹងត្រូវបិទ។ គ្រប់ការធ្វើដំណើរ រវាងប្រទេសក្រៅអ៊ឺរ៉ុប និងសហភាពអ៊ឺរ៉ុប នឹងត្រូវព្យួរ សម្រាប់រយៈពេល៣០ថ្ងៃ។ យ៉ាងណា ពលរដ្ឋបារាំងនៅតែអាចត្រឡប់ វិលចូលមាតុភូមិវិញ បើពួកគេចង់ […] ហើយរដ្ឋាភិបាលនឹងចាត់វិធានការ តាមគ្រប់មធ្យោបាយ ដើម្បីអាចឲ្យពួកគេ បានវិលចូលប្រទេសវិញ។»
តាំងពីពេលនោះមក យុទ្ធនាការដ៏មមាញឹក និងច្រើនដំណាក់កាល ត្រូវបានដាក់ឲ្យអនុវត្តន៍ ដើម្បីជម្លៀសពលរដ្ឋបារាំង ចូលមកកាន់ប្រទេស។ ការិយាល័យមួយ នៃក្រសួងការបរទេសបារាំង ដែលមានមន្ត្រី២៦០នាក់ បានទទួលបន្ទុកធ្វើកិច្ចការនេះ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ម៉ាក្រុង បានហៅយុទ្ធនាការនេះ ថាជា«គុណតម្លៃដ៏អស្ចារ្យ»មួយ៕